| ដោយ សួន សុផល មុន្នី |
| ច្រកព្រំដែនកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត |
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែវិច្ឆិកា របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ចំពោះពលរដ្ឋកម្ពុជា ដែលមានបំណងស្នាក់នៅប្រទេសថៃក្រោម ១៤ថ្ងៃ គឺមិនចាំបាច់ចំណាយលុយទៅលើថ្លៃសុំទិដ្ឋាការទៀតទេ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១០។ ប៉ុន្តែសម្រាប់អ្នកស្នាក់នៅរយៈពេលយូរ មានន័យថាលើសពីរយៈពេល ១៤ថ្ងៃ គឺត្រូវសុំទិដ្ឋាការចេញចូលជាមុន។
នៅក្រោយកិច្ចប្រជុំកំពូល ACMECS កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ អាប់ភិស៊ីត នៅវិមានសន្តិភាព រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះសំដៅលើការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតារបស់ប្រជាពលរដ្ឋទូទៅកម្ពុជា និងថៃដោយកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានរយៈពេល ៣០ថ្ងៃ បន្ទាប់ពីបានចុះហត្ថលេខា។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ឲ្យដឹងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតាដូច្នេះ ៖ «យ៉ាងច្រើន១៤ថ្ងៃ យើងមិនបាច់សុំទិដ្ឋាការទេ គឺយើងមានតែលិខិតឆ្លងដែនចូលតាមច្រកព្រំដែនតាមប្រលានយន្តក៏បាន តាមច្រកផ្លូវគោកក៏បាន ផ្លូវអាកាសក៏បាន។ យើងមិនបាច់មានទិដ្ឋាការអីទេ នេះសម្រាប់រយៈពេល ១៤ថ្ងៃចុះក្រោម។ តែបើយើងមានផែនការណាមួយចង់ស្នាក់នៅប្រទេសថៃលើសពី ១៤ថ្ងៃ ត្រូវតែសុំទិដ្ឋាការជាមុនដូចធម្មតា»។
លោក ថូ ភីលីប អ្នកចាត់ការទូទៅសណ្ឋាគារឯករាជ្យ នៅខេត្តព្រះសីហនុ មានប្រសាសន៍ដោយបានសាទរចំពោះគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតាពេលនេះ។ លោកថា គោលនយោបាយនេះអាចនាំឲ្យចំនួនភ្ញៀវទេសចរកើនច្រើននៅកម្ពុជា ជាពិសេសអាចជួយសម្រួលដល់ការធ្វើដំណើរឆ្លងដែនទៅវិញទៅមក របស់ពលរដ្ឋកម្ពុជា និងថៃ ៖ «ល្អសម្រាប់ខ្មែរយើង។ ណាមួយក្នុងពេលដែលយើងមានទំនាស់ប្រទេសទាំងពីរ ធ្វើឲ្យទំនាក់ទំនងល្អឡើងវិញចំពោះប្រជាជាតិ។ ខ្ញុំគិតថាល្អមែនទែន ហើយចំនួនទេសចរណ៍អាចកើនឡើង គឺកើនឡើងច្រើនថែមទៀត»។
ដូចគ្នាការអះអាងខាងលើ លោក ប្រុស ពៅ ជាអាជីវករលក់ដូរសំលៀកបំពាក់ស្ត្រី នៅផ្សាររ៉ុងគ្លឿ ប្រទេសថៃ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងតាមទូរស័ព្ទនៅថ្ងៃទី២៧ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងមិនយកថ្លៃទិដ្ឋាការ រវាងកម្ពុជា-ថៃ ក្រៅពីបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋទាំងពីរប្រទេសធ្វើដំណើរឆ្លងកាត់ព្រំដែន។ កិច្ចព្រមព្រៀងនេះ ក៏អាចនាំឲ្យចំនួនភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ៖ «បើធ្វើបានអ៊ីចឹងក៏ល្អដែរ ជាការងាយស្រួលដែរ។ ព្រោះខ្មែរយើងចូលទៅស្រុកគេគឺរាប់រយរាប់ពាន់ សូម្បីក៏មានជម្លោះក៏ដោយក៏ក្នុង១ថ្ងៃ យើងធ្វើវីសា យើងធ្វើប៉ាសស្ព័ររាល់ថ្ងៃ យើងចូលទៅស្រុកគេរហូត»។
មន្ត្រីក្រសួងការបរទេសឲ្យដឹងថា កន្លងមកប្រទេសកម្ពុជាបានចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនធម្មតា ជាមួយប្រទេសសមាជិកអាស៊ានទាំង១០ បានចំនួន ៧ប្រទេសហើយ រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន លាវ វៀតណាម ឥណ្ឌូណេស៊ី និងថៃ។ រីឯប្រទេសមីយ៉ាន់ម៉ា និងប្រទេសប្រ៊ុយណេនៅមិនទាន់ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនោះទេ។
លោក កុយ គួង បន្តថា ចំពោះលិខិតឆ្លងដែនការទូត និងផ្លូវការ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ កម្ពុជា បានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការលើប្រភេទលិខិតឆ្លងដែនទាំងពីរនេះរួចហើយ៕
