នគរបាល​នៅ​កោះកុង​រង​ការចោទ​ថា​បាញ់​ប្រហារ​មន្ត្រី​ឃ្លាំមើល​ធនធាន​ធម្មជាតិ

មន្ត្រី​ឃ្លាំមើល​ធនធាន​ធម្មជាតិ​ប្រចាំ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​នគរបាល​ឃុំ​ភ្ញីមាស ស្រុក​គិរីសាគរ ថា​បាន​បាញ់​ប្រហារ​មក​លើ​មន្ត្រី​ឃ្លាំមើល​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​កំពុង​ចុះ​ល្បាត​ដោយ​ធ្វើ​ឲ្យ​រង​របួស​មន្ត្រី​ម្នាក់​ត្រង់​ពោះ​ជា​ទម្ងន់ តែ​មន្ត្រី​នគរបាល​បាន​បដិសេធ​ថា​មិន​បាន​ធ្វើការ​បាញ់​ប្រហារ​នោះ​ឡើយ។

0:00 / 0:00

មន្ត្រី​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក កែវ យ៉ា ដែល​បាន​ដឹកនាំ​មន្ត្រី​៦​នាក់​ចុះ​ល្បាត​ឃ្លាំមើល​ពី​ការកាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​បាន​ចោទ​ថា មន្ត្រី​នគរបាល​ឃុំ​ភ្ញីមាស​ចំនួន​បី​រូប​បាន​ស្ទាក់​បាញ់​ចំនួន​បី​គ្រាប់​មក​លើ​ក្រុម​ល្បាត​របស់​លោក​នៅ​ចំណុច​ព្រែក​អារឹត ភូមិ​តានី ឃុំ​ភ្ញីមាស ស្រុក​គិរីសាគរ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២១ ធ្នូ ដោយ​ធ្វើ​ឲ្យ​មន្ត្រី​ល្បាត​របស់​លោក​ម្នាក់​ឈ្មោះ កែវ កយ អាយុ​២៧​ឆ្នាំ របួស​ត្រង់​ពោះ​ជា​ទម្ងន់។

លោក កែវ យ៉ា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​កំពុង​តែ​បើក​ទូក​ស្រាប់តែ​ឮ​សូរ​ផូងៗ​បី​គ្រាប់។ បី​គ្រាប់​ហើយ​ក៏​ខ្ញុំ​ថា គេ​បាញ់​ហើយ​ពួក​យើង​នាំ​គ្នា​ថត។ ដល់​ថត​ហើយ​វា​រត់​ចូល​ព្រៃ​កោងកាង​ព្រូ​អស់​រលីង តែ​ខ្ញុំ​ឃើញ​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស ឃើញ​ពី​ក្រោយ​ខ្នង»

ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​ភ្ញីមាស លោក ទូច ភី បាន​បដិសេធ​ថា​មន្ត្រី​នគរបាល​របស់​លោក​មិន​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​ឃ្លាំមើល​ធនធាន​ធម្មជាតិ​នោះ​ទេ​ដោយ​អះអាង​ថា កម្លាំង​នគរបាល​ទាំង​ប្រាំ​នាក់​របស់​លោក​នៅ​ប្រចាំការ​នៅ​ការិយាល័យ​ទាំងអស់។

លោក ទូច ភី បាន​មាន​ប្រសាសន៍​ថា ៖ «កម្លាំង​នៅ​ផ្ដុំ​មូល​គ្នា​ទាំងអស់ កម្លាំង​អត់​ចេញ​ទៅ​ណា​ផង និយាយ​ការ​ពិត​តែម្ដង ព្រោះ​កម្លាំង​នៅ​មូល​គ្នា​ទាំងអស់»

អភិបាល​ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក ឆេង ឆិ បាន​ឲ្យ​ដឹង​ថា លោក​បាន​សាកសួរ​ទៅ​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​ភ្ញីមាស លោក ទូច ភី ដែល​បាន​ប្រាប់​លោក​ថា កម្លាំង​ប៉ូលិស​ស្ថិត​នៅ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ទាំងអស់ ហើយ​ថា​លោក​ក៏​ទើប​តែ​ទទួល​បាន​របាយការណ៍​ពី​ការបាញ់​ប្រហារ​នោះ​ដែរ។

លោក ទូច ភី បាន​បញ្ជាក់​ថា ៖ «ប៉ូលិស​គេ​ថា​កម្លាំង​គេ​តែ​៥​នាក់​គេ​នៅ​កន្លែង​គ្រប់​ចំនួន ហើយ​ខ្ញុំ​តេ​ទៅ​រាយការណ៍​ទៅ​ស្នងការ​ដែរ​ឲ្យ​គេ​ចុះ​មក​ស្រាវជ្រាវ​មិន​ដឹង​យ៉ាង​ម៉េច»

ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ ភិតវៀន បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណា​មួយ​ទាក់ទង​នឹង​ការបាញ់​ប្រហារ​នោះ​ឡើយ។

លោក សំ ភិតវៀន បាន​មាន​ប្រសាសន៍​ថា ៖ «អត់​ទេ បើសិន​ជា​ប៉ូលិស​ខ្ញុំ គឺ​ប៉ូលិស​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ហើយ​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ថោកទាប​អ៊ីចឹង ក៏​ប៉ុន្តែ​បើសិន​ជា​របាយការណ៍​ហ្នឹង​វា​ច្រើន​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ថោកទាប អា​ហ្នឹង​ក៏​ថោកទាប​ដូច​គ្នា​ដែរ»

ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក ជា ហៀន បាន​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ព្រះរាជអាជ្ញា​ខេត្ត​កោះកុង​ពី​ករណី​បាញ់​ប្រហារ​មក​លើ​ក្រុម​មន្ត្រី​របស់​លោក​នោះ។

លោក ជា ហៀន បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ចោទ​ប្រកាន់​នគរបាល​ឃុំ​ភ្ញីមាស​ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ព្រៃ​ទំហំ​ជាង​២០០​ហិកតា​នៅ​ឃុំ​ភ្ញីមាស ស្រុក​គិរីសាគរ ខេត្ត​កោះកុង​នោះ ហើយ​ថា​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​កំពុង​តែ​កើត​មាន​ឡើង​យ៉ាង​គគ្រឹក​គគ្រេង។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ប៊ី សុភាព បាន​ឲ្យ​ដឹង​ថា លោក​នឹង​ធ្វើការ​សាកសួរ​ទៅ​លើ​ជន​រងគ្រោះ​ដើម្បី​តាមដាន​ថា​តើ​ពិត​ជា​មាន​ការបាញ់​ប្រហារ​នោះ​កើត​ឡើង​មែន​ដែរ​ឬ​ទេ។

អ្នក​រង​របួស​ឈ្មោះ កែវ កយ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​ដើម្បី​ទទួល​ការព្យាបាល៕