តុលាការខេត្តតាកែវ នៅថ្ងៃទី៣០ ខែសីហា បានបើកសវនាការកាត់ទោសជនសង្ស័យចំនួន៤នាក់ ឲ្យជាប់គុករវាង២ឆ្នាំ ទៅ៣ឆ្នាំ និងផាកពិន័យជាប្រាក់រវាងពី ២លានរៀល ទៅ៦លានរៀល ក្រោមបទចោទថា បានបាច់ខិត្តប័ណ្ណ ឬបាចត្រាក់ប្រឆាំងរដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១០ កន្លងទៅនេះ នៅក្នុងខេត្តតាកែវ។
ចៅក្រមជម្រះក្ដីនៃតុលាការខេត្តតាកែវ គឺលោក ចេង ប៊ុនលី បានអានសាលក្រមផ្ដន្ទាទោស ឈ្មោះ ថាច់ ទ្បេ អ្នករត់ម៉ូតូឌុបឲ្យជាប់គុក ២ឆ្នាំ ផាកពិន័យ ២លានរៀល, ផ្តន្ទាទោស ឈ្មោះ ថាច់ វណ្ណៈ ឲ្យជាប់គុក ២ឆ្នាំ ផាកពិន័យ ២លានរៀល និងផ្តន្ទាទោសកំបាំងមុខ ឈ្មោះ ថាច់ កុងភួង ចំនួន៣ឆ្នាំ ផាកពិន័យចំនួន៦លានរៀល។

តុលាការខេត្តតាកែវដដែល បានផ្ដន្ទាទោសមានឈ្មោះ លាង សុខជឿន ជាបុគ្គលិករបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ឲ្យជាប់គុក២ឆ្នាំ ផាកពិន័យ ២លានរៀល។ ទាំងអស់គ្នារងការចោទប្រកាន់តាមមាត្រាទី៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់ (UNTAC) ក្រោមបទផ្សាយព័ត៌មានមិនពិត។
ដើមបណ្តឹងនៃសំណុំរឿងនេះ គឺអាជ្ញាធរនគរបាលខេត្តតាកែវ និងព្រះរាជអាជ្ញា លោក មាស សុភ័ក្រ របស់តុលាការខេត្តតាកែវ ប៉ុន្តែមិនមានមេធាវីខាងដើមចោទមកចូលរួមនៅក្នុងសវនាការនោះទេ។
ខិត្តប័ណ្ណមួយនៅក្នុងចំណោមខិត្តប័ណ្ណជាច្រើន ដែលព្រះរាជអាជ្ញាបានយកមកអាននោះ គឺមានខ្លឹមសារថា កាដូថ្ងៃ៧មករា គឺជាថ្ងៃយួនឈ្លានពានកម្ពុជា។
ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានតាមដានសវនាការនេះ នៅឯតុលាការខេត្តតាកែវ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា អាជ្ញាធរនគរបាលបានចាប់ខ្លួនជនសង្ស័យខុសមនុស្ស ចំបុគ្គលិកនៃអង្គការលីកាដូ ដែលជាមនុស្សគ្មានកំហុស គ្មានសាក្សីការដាក់បន្ទុក ហើយចាប់ខ្លួនខុសនីតិវិធី៕