ការចោទប្រកាន់នេះបានកើតមានឡើងបន្ទាប់ពីមានក្រុមហ៊ុនមួយបានចូលទៅឈូសឆាយដីនៅក្នុងឃុំ ហើយត្រូវប្រជាពលរដ្ឋនាំគ្នារារាំងដោយចោទប្រកាន់ថា ក្រុមហ៊ុនមកឈូសឆាយនោះគឺមេឃុំ ចុះហត្ថលេខាផ្ដល់ដីឲ្យក្រុមហ៊ុនដោយខ្វះការពិភាក្សា។
លោក យង់ សំអាន តំណាងប្រជាពលរដ្ឋបានចោទប្រកាន់ថា មេឃុំជាអ្នកបង្កនូវបញ្ហានេះជាមួយប្រជាពលរដ្ឋ ៖ «មេឃុំអ្នកបង្ករឿងនេះឡើងអត់មានសួរមតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំទាំងអស់ គេមិនបានដឹង មិនបានប្រាប់ទេ»។
ហើយការចោទប្រកាន់នេះដែរ បានកើតឡើងបន្ទាប់ពីមានដីការបស់អាជ្ញាធរខេត្តកោះអញ្ជើញតំណាងប្រជាពលរដ្ឋ ៥នាក់ ឲ្យចូលសាលាខេត្តនៅថ្ងៃទី២២ ធ្នូ ដើម្បីឲ្យបំភ្លឺពីបណ្ដឹងចោទប្រកាន់ថា បានរំលោភបំពានទៅលើដីធ្លីរបស់ក្រុមហ៊ុនទៅវិញ ដែលការកោះអញ្ជើញនោះ លោក កុយ ឃ្លោក តំណាងប្រជាពលរដ្ឋអះអាងថា ពួកគាត់នឹងទៅជម្រាបអាជ្ញាធរខេត្តពីភាពមិនស្មោះត្រង់របស់មេឃុំ ដែលធ្វើឲ្យក្រុមហ៊ុនមើលងាយប្រជាពលរដ្ឋទូទាំងឃុំ។
លោក កុយ ឃ្លោក មានប្រសាសន៍ដូច្នេះថា ៖ «បើសិនជាមិនមានការចុះហត្ថលេខាអស់លោកខាងស្រុក និងខេត្តមិនហ៊ាន មកយកដីនេះ ដើម្បីប្រគល់ឲ្យក្រុមហ៊ុន។ ក្រុមហ៊ុនថា ក្រុមវាដៀលថា មេឃុំសម្រែ ថា ប្រជាពលរដ្ឋទាំងអស់ហ្នឹង បោះឆ្នោតមិនជ្រើសរើស បោះឆ្នោតហ្នឹងមិនមើល បោះឆ្នោតខុស បានជាគេយកដីអស់»។
មេឃុំចង្រ្កង លោក សុខ រ៉ត បានមានប្រតិកម្មតបវិញថា លោកបានចុះហត្ថលេខាលើលិខិតស្នើសុំអភិវឌ្ឍន៍របស់ក្រុមហ៊ុននោះមែន ដោយលោកយល់ថា នោះជាគោលការណ៍អភិវឌ្ឍន៍របស់រដ្ឋាភិបាល ហើយអ្វីៗវាត្រូវបានគេសម្រេចពីថ្នាក់លើរួចអស់មកហើយដែរ ប៉ុន្តែលោកថា បើសិនជាប្រជាពលរដ្ឋតវ៉ាដល់ទីណាលោកនឹងដើរទៅដល់ទៅនោះដែរ។ ក្នុងនោះ លោកក៏បានបន្ទោសប្រជាពលរដ្ឋថា បានធ្វើខុសទៅនឹងច្បាប់។
លោក សុខ រ៉េត មានប្រសាសន៍ថា ៖ «បើនិយាយពីច្បាប់គាត់ខុសហើយ ដោយសារដីហ្នឹងជាដីរបស់រដ្ឋ គាត់ទន្រ្ទានយកដីនោះ បើច្បាប់ភូមិបាលវាខុស»។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ធ្នូ ក៏មានដីការបស់អាជ្ញាធរខេត្តបានកោះអញ្ជើញតំណាងប្រជាពលរដ្ឋទាំង ៥នាក់នោះ ឲ្យចូលបំភ្លឺម្ដងរួចមកហើយដែរ ប៉ុន្តែមិនមានអ្នកតំណាងណាមួយបានចូលទៅបំភ្លឺឡើយ ដោយអះអាងថា ប្រជាពលរដ្ឋខ្លាចមានការចាប់ខ្លួន។
ក្រុមហ៊ុន ហាក់មុន្នី plantation បានទទួលការសិក្សាអភិវឌ្ឍន៍លើផ្ទៃដីចំនួន ៦២៣ហិកតារដើម្បីដាំដុះកៅស៊ូនៅឃុំចង្រ្កង តែត្រូវបានប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំមួយចំនួនចោទប្រកាន់ថា ការអភិវឌ្ឍនោះមេឃុំមិនបានសិក្សាពីផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំឡើយ៕