ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​វិទ្យុ​អង្គរ​រដ្ឋា​នៅ​ក្រចេះ

វិទ្យុ​អង្គរ​រដ្ឋា FM 105.25MHz ដែល​ទើប​នឹង​បើក​ផ្សាយ​រៀងរាល់​ថ្ងៃ នៅ​ខេត្ត​ក្រចេះ ចាប់ពី​ថ្ងៃ​ទី​១៥ ឧសភា មក​នោះ បាន​ត្រូវ​ក្រសួង​ព័ត៌មាន​ចេញ​បញ្ជា​ឲ្យ​បិទ​ជា​ស្ថាពរ​ហើយ កាលពី​ម្សិលមិញ​នេះ ។

ស្តីពី​រឿង​នេះ លោក អង្គរ រដ្ឋា ម្ចាស់​ស្ថានីយ​វិទ្យុ​នេះ បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ស្វះស្វែង​រក​អន្តរាគមន៍​ដើម្បី​ឲ្យ​ស្ថានីយ​លោក​អាច​ចេញ​ផ្សាយ​វិញ ៖ «ខ្ញុំ​បាន​ប្រាប់​សមាគម​អ្នក​កាសែត​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ និង NGOs ព្រមទាំង​ស្ថាប័ន​ព័ត៌មាន​ទាំង​ឡាយ ព្រមទាំង​យើង​សុំ​ឲ្យ​ស្ថានទូត​នានា ជួយ​អន្តរាគមន៍​ផង»

កញ្ញា គឹម សុមាលី នាយិការង​ស្ថានីយ​វិទ្យុ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា មាន​អ្នកស្តាប់​វិទ្យុ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទូរស័ព្ទ​ប្រាប់​មុន​ថា ឲ្យ​ប្រុង​ប្រយ័ត្ន​ព្រោះ​គេ​បាន​ត្រៀម​ប៉ូលិស​មួយ​ក្រុម​ដើម្បី​ទប់ទល់​នឹង​ការមិន​ព្រម​បិទ​ការផ្សាយ​របស់​វិទ្យុ​នេះ ។

ដោយ​មាន​ដំណឹង​ជាមុន​នេះ អ្នក​ទទួលខុសត្រូវ​ក៏​បាន​សម្រេច​ថា ត្រូវតែ​បិទ​ការផ្សាយ​ភ្លាម​ៗជាពិសេស បន្ទាប់ពី​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​មួយ​ក្រុម រួមទាំង​អាជ្ញាធរ​ស្រុក​ក្រចេះ បាន​ចូលរួម​អាន​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​ចប់ ។

ប្រតិកម្ម​ទៅនឹង​ការបិទ​ស្ថានីយ​វិទ្យុ​អង្គរ​រដ្ឋា​នេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ឆន្ទៈ​មិនចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​បញ្ហា​ដែល​កំពុងតែ​មាន​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការបិទ​នេះ​ជា​ការគំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេរីភាព​សារ​ព័ត៌មាន​ដើម្បី​ទុក​ឲ្យប្រជាពលរដ្ឋ​នៅតែ​ងងឹត​ល្ងង់​និង​ភ័យខ្លាច ៖ «បើសិនជា​រាជរដ្ឋាភិបាល ដូច​សម្ដេច​នាយក​តែងតែ​ថា បើ​ចិត្ត​សឿង​យើង​គួរ​តែ​ផ្ដល​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​ថា តើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែធ្វើ ជា​ដំណើរ​ឈាន​ទៅ​រក​ភាព​រុងរឿង​ពិតប្រាកដ ឬ​មួយ​ក៏​គ្រាន់តែ​ជា​ការបោក​ប្រាស់​របស់​អ្នកកាន់​អំណាច ។ ដោយសារ​ការ​បោក​ប្រាស់​របស់​អ្នក​កាន់​អំណាច​ធ្វើ​ទៅ​កើត ដោយសារ​រារាំង​មិន​ឲ្យ​បញ្ហា​ពិត​ត្រូវ​បាន​ផ្សព្វផ្សាយ ត្រូវ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង ។ ដូច្នេះ ខ្ញុំ​ឃើញ​ថា ការដែល​យើង​លើក​ឡើង​នូវ​ដៃ​ឆ្វេង យើង​និយាយ​ផ្សេង ដៃ​ស្ដាំ​យើង​អនុវត្ត​ផ្សេង​នោះ ខ្ញុំ​ថា​ជា​ប្រភព​នៃ​បញ្ហា ហើយ​ជា​គោលការណ៍​ដែល​សេសសល់​ពី​ក្អែល​កុម្មុយនីស្ត ដែល​យើង​នៅ​តែ​មាន​នៅ​ឡើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ»

ចំពោះ​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ វិញ ការបិទ​ស្ថានីយ​អង្គរ​រដ្ឋា​នៅខេត្ត​ក្រចេះ​គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ ដោយសារ​រដ្ឋាភិបាល​យើង​បាន​បិទ​ស្ថានីយ​វិទ្យុ​នេះ ព្រោះ​អី​នេះ​ផ្ទុយ​នឹង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ប្រជាពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​រដ្ឋាភិបាល​យើង​បាន​ចុះ​សច្ចាប័ន តាំង​ពី ៩២ ។ អ៊ីចឹង​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​និង​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ជាពិសេស​មុន​ពេល​បោះ​ឆ្នោត»

ម្ចាស់ស្ថានីយ​វិទ្យុ​លោក អង្គរ រដ្ឋា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ជួប​ជាមួយ​នឹង​ប្រធាន​ខុទ្ទកាល័យ​របស់​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហើយ​មន្ត្រី​រូបនេះ បាន​សន្យា​ថា នឹង​ពិចារណា​និង​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ស្តីពី​ការបើក​វិទ្យុ​នេះ​ឡើងវិញ ៕