វិបត្តិថវិកានៅសាលាក្ដីខ្មែរក្រហម
2013.02.11
សាលាក្ដីខ្មែរក្រហមនៅតែគ្មានចម្លើយពីម្ចាស់ជំនួយអំពីថវិកាសម្រាប់ទ្រទ្រង់ដំណើរការរបស់ខ្លួនក្នុងឆ្នាំ២០១៣។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងឱ្យដឹងនៅថ្ងៃទី១០ កុម្ភៈ ថា រហូតមកដល់ពេលនេះ មន្ត្រី និងបុគ្គលិកខាងភាគីខ្មែរ នៅតែរង់ចាំដំណឹងពីម្ចាស់ជំនួយដែលកំពុងពិនិត្យពិចារណាលើគម្រោងស្នើសុំថវិកា៖ «មិនទាន់បានទទួលការសន្យាផ្ដល់ជំនួយណាមួយពីប្រទេសម្ចាស់ជំនួយនៅឡើយទេ ក្រៅអំពីការផ្ដល់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១.៨ លានដុល្លារអាមេរិក ហើយនិងប្រទេសអាល្លឺម៉ង់ ចំនួន ៧សែនដុល្លារអាមេរិក។ អ៊ីចឹងគឺយើងត្រូវការថវិកាចំនួន ៧លានដុល្លារអាមេរិក»។
គម្រោងស្នើសុំនោះត្រូវបានដាក់ជូនក្រុមប្រទេសអ្នកផ្ដល់ជំនួយតាំងពីដើមឆ្នាំ២០១៣ មក។
ក្នុងជំនួបកាលពីថ្ងៃសុក្រ ទី៨ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានលើកអំពីបញ្ហាថវិកានៅសាលាក្ដីខ្មែរក្រហមនេះ ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាដែរ គឺលោក វីល្លៀម ថត (William Todd)។
មន្ត្រីនាំពាក្យ និងអនុប្រធានអង្គភាពព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា មានប្រសាសន៍ថា នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត មិនទាន់បានបង្ហាញចេតនាណាមួយជួយដល់ភាគីកម្ពុជា ក្នុងរឿងថវិកានេះទេ ដោយគ្រាន់តែជំរុញឱ្យមានជំនួបជាមួយក្រុមប្រទេសដែលមានសមានចិត្ត ដែលហៅថា មិត្តសាលាក្ដីកូនកាត់ខ្មែរអន្តរជាតិ។
លោក ឯក ថា៖ «ពេលនេះគាត់អត់ទាន់មានយោបល់អីថា ជួយ ឬមិនជួយនៅឡើយទេ។ គាត់ចង់ឃើញជួបជាមួយមិត្តរបស់សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហមកំពូលៗ ដើម្បីស្វែងរកថវិកា»។
កាលពីចុងខែមករា កន្លងទៅនេះ ក្រុមមន្ត្រី និងបុគ្គលិកខាងភាគីខ្មែរ បានដាក់លិខិតមួយទៅផ្នែករដ្ឋបាលនៃសាលាក្ដីខ្មែរក្រហម ដោយស្វែងរកដំណឹងអំពីប្រាក់ខែរបស់ពួកគាត់ ដែលមិនទាន់បានទទួលចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ មក។
ថ្មីៗនេះដែរ ផ្នែករដ្ឋបាលសាលាក្ដី បានឆ្លើយតបវិញថា ប្រាក់ខែសម្រាប់ខែធ្នូនោះ យឺតយ៉ាវព្រោះតែបញ្ហាបច្ចេកទេសបញ្ជូនសាច់ប្រាក់មកកម្ពុជាយឺត។ រីឯប្រាក់ខែសម្រាប់ខែមករា ឆ្នាំ២០១៣ គឺដោយសារតែមិនទាន់មានប្រទេសណាមួយសន្យាផ្ដល់លុយនៅឡើយ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រាក់ខែយឺតយ៉ាវ ឬការធ្វើការងារក្នុងពេលគ្មានប្រាក់ខែ ពិតជាប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍ និងជីវភាពគ្រួសារ។
ស្របពេលនោះដែរ ក្រុមបុគ្គលិក និងមន្ត្រីខាងភាគីខ្មែរធ្លាប់ព្រមានជាមុនថា ប្រសិនបើពួកគាត់មិនមានចម្លើយជាវិជ្ជមានណាមួយទេ ពួកគាត់នឹងពិចារណាផ្អាកការងារពីសាលាក្ដីខ្មែរក្រហម ដោយរកការងារផ្សេងធ្វើ ដើម្បីដោះស្រាយជីវភាព។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ជំហររបស់បុគ្គលិកនៅតែរក្សាដដែល៖ «ខ្ញុំមិនទាន់អាចប៉ាន់ស្មានថា តើគោលជំហររបស់មន្ត្រីបុគ្គលិកទាំង ២៨៧នាក់ ដែលពួកគាត់មិនទាន់បានប្រាក់ខែតាំងពីខែធ្នូ រហូតមកដល់ពេលនេះ ចាប់តាំងពីអ្នកបើកបររហូតដល់ចៅក្រមហ្នឹង គាត់នឹងចាត់វិធានការយ៉ាងណាបន្តទៀតទេ ដោយកំពុងតែទន្ទឹងរង់ចាំចម្លើយ ហើយយើងនឹងដឹងពីជំហរពិតប្រាកដហ្នឹងនៅក្នុងសប្ដាហ៍ខាងមុខទៀត»។
សាលាក្ដីខ្មែរក្រហមត្រូវការថវិកាជាង ៤០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការកាត់ក្ដីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នៅឆ្នាំ២០១៣។ ក្នុងនោះ ភាគីកម្ពុជា ត្រូវការថវិកាជាង ៩លានដុល្លារ។
សាលាក្ដីខ្មែរក្រហមដែលចាប់ផ្ដើមដំណើរការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម ពីឆ្នាំ២០០៦ មកបានចំណាយលុយជាង ១០០សហរដ្ឋអាមេរិកហើយ។ ថវិកាដែលបានមកនោះ គឺបានទទួលពីក្រុមប្រទេសផ្ដល់ជំនួយធំៗ មួយចំនួន ដូចជាប្រទេសជប៉ុន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង និងអាល្លឺម៉ង់។
សាលាក្ដីកូនកាត់ខ្មែរអន្តរជាតិមួយនេះ កាលពីដើមឆ្នាំ២០១២ បានសម្រេចផ្ដន្ទាទោសអតីតប្រធានគុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿងឧក្រិដ្ឋកម្ម ០០១ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
បច្ចុប្បន្ននេះ សាលាក្ដីកំពុងជំនុំជម្រះលើសំណុំរឿងលេខ ០០២ ដែលមានជនជាប់ចោទ ដែលមានវ័យជរាចំនួន ៣រូប គឺជនជាប់ចោទ នួន ជា អៀង សារី និង ខៀវ សំផន ទាក់ទងនឹងការស្លាប់ពលរដ្ឋខ្មែរជិត ២នាក់ ចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។
បញ្ហាអស់ថវិកានៅសាលាក្ដីខ្មែរក្រហម សម្រាប់ដំណើរការជំនុំជម្រះរឿងក្ដីអតីតមេដឹកនាំទាំងនេះ តែងកើតមានជារៀងរាល់ឆ្នាំ ជាពិសេសខាងភាគីខ្មែរ។ ក៏ប៉ុន្តែ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ នៅមិនទាន់មានបុគ្គលិកណាមួយសុំផ្អាកការងារទៅរកចំណូលតាមការងារផ្សេងនៅឡើយទេ ដោយទុកពេលវេលាឱ្យផ្នែករដ្ឋបាលធ្វើការជាមួយក្រុមម្ចាស់ជំនួយមួយរយៈទៀតសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។