ពលរដ្ឋ​ជិត​៥០​នាក់​នៅ​បាត់ដំបង​ស្នើ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​កាត់​ព្រំ​ប្រទល់​ដី

ប្រជាពលរដ្ឋ​ជិត​៥០​នាក់​តំណាង​ឲ្យ​៤៩៦​គ្រួសារ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក​បាណន់​អន្តរាគមន៍​កាត់​ព្រំប្រទល់​ដី​នៅ​ចំណុច​ឆករកា បឹង​ឈូក បឹង​ស្រង៉ែ និង​អណ្តូង​កន្ទួត ដែល​បាន​កាត់​ទៅ​ឲ្យ​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ​ចូល​មក​ឲ្យ​ឃុំ​ចែងមានជ័យ ស្រុក​បាណន់​វិញ។
ដោយ សុផល មុន្នី
2008.12.30
Share on WhatsApp
Share on WhatsApp

ការស្នើសុំ​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​អ្នក​ភូមិ​ជិត​៥០​នាក់​បាន​ធ្វើ​ដំណើរ​មក​សាលា​ស្រុក​បាណន់ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ បន្ទាប់ពី​ក្រុម​អ្នក​ភូមិ​បាន​ដឹង​ថា ដី​នៅ​ចំណុច​នោះ​ត្រូវ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ចុះ​បោះ​បង្គោល​ព្រំ​ប្រគល់​ទៅ​ស្រុក​គាស់ក្រឡ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ចំណុច​ឆករកា លោក ទី ចំរ៉ុង បាន​ថ្លែង​ថា ការវាស់​ព្រំ​កាត់​ដី​នៅ​ចំណុច​ដី​ខាង​លើ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការលំបាក​ដល់​អ្នក​ភូមិ។

លោក ទី ចំរ៉ុង បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ហា​ដែល​ភ័យ​ខ្លាច​នោះ​គឺ​ក្រុម​មួយចំនួន​ដែល​គាត់​លួច​ធ្វើ​ប្លង់​មិន​បាន​កាប់​ឆ្ការ​អី​ទេ តែ​ចង​ប្លង់​លើ​ដី​ពួក​ខ្ញុំ​គាត់​ធ្វើ​នៅ​ខាង​គាស់ក្រឡ បញ្ហា​ដែល​ពួក​ខ្ញុំ​ភ័យ​ត្រង់​ហ្នឹង​ឯង។ ពលរដ្ឋ​ខ្ញុំ​ដែល​រស់នៅ​នៅ​ហ្នឹង​គឺ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ឃុំ​ចែងមានជ័យ សូម្បី​តែ​បំពេញ​សំណុំ​បែបបទ​អ្វី ឬ​ក៏​ធ្វើ​ពាក្យ​កាន់កាប់​បណ្ដោះ​អាសន្ន​អី​លើ​ដី​ចំណុច​ហ្នឹង គឺ​នៅ​ក្នុង​ឃុំ​ចែងមានជ័យ»

ចំណែក​ឯ​តំណាង​អ្នក​ភូមិ​នៅ​ចំណុច​អណ្តូងកន្ទួត លោកស្រី ហែម សុខន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​៤៩៦​គ្រួសារ​បាន​បដិសេធ​មិន​ព្រម​ឲ្យ​ដី​នៅ​ចំណុច​ទាំង​៤​ខាង​លើ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​ទេ។

លោកស្រី ហែម សុខន បាន​បញ្ជាក់​ថា ៖ «ពលរដ្ឋ​ទាំងអស់​នោះ​គឺ​មិន​ទៅ​ខាង​គាស់ក្រឡ​ទេ មិន​ទៅ​ដោយសារ​ប្រើ​រយៈពេល​ឆ្ងាយ។ មូលហេតុ​ដែល​កាត់​ចូល​មក​ស្រុក​បាណន់ ទី​១ ងាយ​ស្រួល​ធ្វើ​ដំណើរ ហើយ​ទី​២ បោះ​ឆ្នោត​មណ្ឌល​នៅ​ឃុំ​ចែងមានជ័យ​ដែល​ជា​ស្រុក​របស់​ខ្លួន ហើយ​ទី​៣​ទៀត សាលា​រៀន មន្ទីរ​សេវា​សុខភាព និង​ការលក់​ដូរ​ទំនិញ​តូច​ធំ​អី​បាន​ឆាប់​ងាយ​ស្រួល»

លោក មិល សុផល ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​បាណន់ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​កន្លង​ទៅ គណៈកម្មការ​ការងារ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​បោះ​បង្គោល​នៅ​លើ​ដី​ចំណុច​ដីឆករកា​ដែល​ព្រំ​ដី​ចម្ងាយ​ជិត​៤​គីឡូម៉ែត្រ​តាម​ផែនទី​ដែល​មាន​ស្រាប់។

លោក មិល សុផល បាន​មាន​ប្រសាសន៍​ថា ៖ «ការបោះ​បង្គោល​ហ្នឹង​ខាង​ឯកឧត្ដម​អភិបាល​ខេត្ត​គាត់​បាន​មាន​ប្រសាសន៍​ថា​ឲ្យ​បោះ​សិន ក៏​ប៉ុន្តែ​យើង​បោះ​យក​ផែនទី​ជា​មូលដ្ឋាន យើង​បោះ​តាម​ផែនទី មិន​មែន​បោះ​តាម​ការចង់​បាន​របស់​ខាង​ណា​ម្នាក់​ទេ»

យ៉ាង​នេះ​ក្តី​តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត​កាត់​ព្រំ​ប្រទល់​ដី​នៅ​ចំណុច​ខាង​លើ​ឲ្យ​ចូល​មក​ស្រុក​បាណន់​វិញ។

អភិបាល​ស្រុក​បាណន់ លោក តូច ស៊ុនណារ៉ា ក្រោយ​ពី​ជួប​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​កាលពី​ព្រឹក​មិញ​បាន​ថ្លែង​ថា លោក​នឹង​បញ្ជូន​សំណើ​របស់​ប្រជាពលរដ្ឋ​នេះ​ទៅ​ឲ្យ​លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​បាត់ដំបង​ដើម្បី​ដោះស្រាយ។

លោក តូច ស៊ុនណារ៉ា បាន​បញ្ជាក់​ថា ៖ «ឥឡូវ​នេះ​អាជ្ញាធរ​ស្រុក​បាន​ទទួល​សំណូមពរ​របស់​គាត់​ហើយ​ដើម្បី​រាយការណ៍​ជម្រាប​ជូន​ទៅ​សុំ​យោបល់​ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ដើម្បី​មាន​វិធានការ​ដោះស្រាយ​បន្ត»

លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​បាត់ដំបង មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ភ្លាមៗ​បាន​ទេ។

គួរ​បញ្ជាក់​ថា ជម្លោះ​ព្រំ​ប្រទល់​រវាង​ស្រុក​គាស់ក្រឡ​និង​ស្រុក​បាណន់​នេះ​បាន​កើត​មាន​ឡើង​ជា​យូរ​មក​ហើយ ចំណែក​ឯ​ប្រជាពលរដ្ឋ​កន្លង​មក​ធ្លាប់​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រហូត​នាំ​គ្នា​ដើរ​ទៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​ប៉ុន្តែ​គ្មាន​លទ្ធផល៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។