តំណាងប្រជាពលរដ្ឋរស់នៅក្នុងតង់បណ្ដោះអាសន្នក្នុងតំបន់បុរីកីឡា លោក នួន សារ៉ាត បានចោទថា ប្រធានសហព័ន្ធសហគមន៍បុរីកីឡា លោក ស៊ុន សារ៉ាន បានផ្ដល់ឯកសារសៀវភៅសហគមន៍ដល់សាច់ញាតិខ្លួនឯងនិងកេងបន្លំឯកសារដើម្បីបានផ្ទះ ហើយបានបដិសេធពួកគាត់មិនព្រមឲ្យពួកគាត់ទទួលបានផ្ទះដើម្បីចូលទៅរស់នៅនោះឡើយ។
លោក នួន សារ៉ាត បានឲ្យដឹងថា ៖ «នៅពេលគាត់វាយតម្លៃជាសមាជិកកូនចៅគាត់អ៊ីចឹងទៅ គាត់ចេះតែការពារថាឈ្មោះហ្នឹងពិតជានៅផ្ទះហ្នឹង ពិតជានៅអចិន្ត្រៃយ៍ ដល់អ៊ីចឹងបានតែពួកគាត់អ៊ីចឹងទៅ ហើយសហគមន៍មួយចំនួនគាត់ការពារផ្ទះគាត់នៅតាកែវឯណោះ គាត់អត់នៅអចិន្ត្រៃយ៍បុរីកីឡាទេ។ នៅពេលដែលមានសៀវភៅសហគមន៍ហើយបានអង្កេតហើយ គាត់ទៅផ្ទះវិញទៅ ដល់ពេលរុះផ្ទះ គាត់មកបង្ហាញមុខអ៊ីចឹងទៅ មេសហគមន៍ហ្នឹងការពារថានៅហ្នឹងទៅ បានផ្ទះ។ បានផ្ទះអ៊ីចឹងទៅ ត្រូវរ៉ូវគ្នាឲ្យកូនចៅសហគមន៍ខ្លួនឯង ២០០ ៣០០ (ដុល្លារ) អ៊ីចឹង ហើយគាត់ហ្នឹងយកផ្ទះហ្នឹងលក់ អស់ផ្ទះច្រើនណាស់»។
ទោះជាយ៉ាងណាប្រធានសហព័ន្ធសហគមន៍បុរីកីឡា លោក ស៊ុន សារ៉ាន បានជំទាស់ថា ការចោទប្រកាន់ទាំងនោះគឺជាការមិនពិត ហើយថាអ្នករស់នៅក្នុងតង់ទាំងនោះជាអតីតអ្នកជួលផ្ទះ ហើយថាពួកគាត់មិនបានចូលជាសមាជិកសហគមន៍ឡើយ។ លោកក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះត្រូវចាំទទួលផ្ទះក្រោយគេ។
លោក ស៊ុន សារ៉ាន បានមានប្រសាសន៍ថា ៖ «អ្វីដែលធ្វើនេះគឺអ្នកមកពីក្រៅគេមិនបានឲ្យទេ អ្នកដែលនិយាយគឺមិនទាន់ស្គាល់ឯកសារពិតប្រាកដទេ។ គាត់អត់ដឹងថា ឯកសារយ៉ាងម៉េចទេណា៎ គាត់ឮតែគេថាទេ។ តាមពិតទៅគេមានប័ណ្ណ គេមានអីត្រឹមត្រូវ ហើយខ្លះទៅគេក៏ចុះទៅបេសកកម្មអីអ៊ីចឹងទៅណា៎ គេមានលិខិតរបស់គេ មិនមែនដូចបងប្អូនគាត់ថាទេ អត់មានទេ។ បើសិនជាឲ្យតាមគាត់ថាមែនហ្នឹង មនុស្សមិនដឹងយកទៅណាអស់ទេ... អ្វីដែលគាត់និយាយហ្នឹងគឺបំផ្លើសការពិតទេ»។
បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៨ បានឲ្យដឹងថា រហូតមកទល់ចុងឆ្នាំ២០០៨នេះ មានប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាប្រមាណតែ៥២២គ្រួសារក្នុងចំណោមប្រជាពលរដ្ឋ១៧៧៦គ្រួសារដែលបានទទួលផ្ទះល្វែង តាមការសន្យាបន្ទាប់ពីពួកគាត់ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យរើលំនៅឋានដើម្បីផ្ដល់ដីឲ្យក្រុមហ៊ុនឯកជនយកទៅអភិវឌ្ឍតាំងពីដើមឆ្នាំ២០០៣មក។
អង្គការលីកាដូបានឲ្យដឹងទៀតថា ក្នុងអំឡុងពេល៥ឆ្នាំនេះអគារផ្ទះល្វែងទើបតែសង់បានចំនួន៣អគារតែប៉ុណ្ណោះ ចំណែកឯអគារ៧ផ្សេងទៀតកំពុងសាងសង់ ហើយប្រជាពលរដ្ឋជាច្រើនរយគ្រួសារត្រូវរស់នៅក្នុងជម្រកបណ្ដោះអាសន្នរង់ចាំទទួលផ្ទះថ្មី។
បើតាមរបាយការណ៍របស់អង្គការលីកាដូបានឲ្យដឹងថា មានការចោទប្រកាន់ថាភាពមិនប្រក្រតីនិងអំពើពុករលួយបានកើតមានឡើងក្នុងដំណើរការចែកផ្ទះល្វែង ហើយថាមានគ្រួសារខ្លះដែលមករស់នៅក្នុងផ្ទះល្វែងថ្មីៗទាំងនោះ គឺមិនមែនជាប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡានោះឡើយ ហើយទាមទារឲ្យមានការស៊ើបអង្កេតចំពោះករណីចោទថាមានអំពើពុករលួយក្នុងការចែកផ្ទះនោះ៕