លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា អាជ្ញាធរក្រុងភ្នំពេញ បានហាមមិនឲ្យសមាគមរៀបចំពិធីរំលឹកខួបថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដែលគ្រោងធ្វើ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០ នាសួនច្បារមុខវត្តបទុមវតី ទៅតាមការស្នើសុំឡើយ ដោយបង្វែរឲ្យទៅរកទីតាំងផ្សេង។
ទោះយ៉ាងនេះក្ដី លោក ថាច់ សេដ្ឋា ឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភានេះ សមាគមបានដាក់លិខិតជាថ្មីទៀត ទៅថ្នាក់ដឹកនាំសាលាក្រុង ដើម្បីសុំទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីប្រារព្ធពិធីជំនួសវិញ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីមន្ត្រីសាលាក្រុងភ្នំពេញនៅឡើយទេ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំមានការសោកស្តាយដែរ ពីព្រោះតាំងពីឆ្នាំ២០០០ រៀងរហូតមក ខាងសាលារាជធានីភ្នំពេញ មិនដែនមានការជំទាស់ ឬក៏បដិសេធម្ដងណាទេ ទើបតែឆ្នាំនេះ ហាក់ដូចជាមិនទាន់មានការឯកភាពគ្នានៅឡើយ។ រាល់ឆ្នាំមានការរអាក់រអួលខ្លះ ប៉ុន្តែសាលារាជធានីបានខិតខំ និងបានអនុញ្ញាតឲ្យយើងប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ»។
ក្រៅពីសោកស្តាយ និងបារម្ភខ្លាចមិនមានទីតាំងប្រារព្ធពិធីរំលឹកខួប លោក ថាច់ សេដ្ឋា ឲ្យដឹងថាពិធីនេះ សមាគមបាននិមន្តព្រះសង្ឃចំនួន ១៩៤៩អង្គ និងមានពលរដ្ឋចូលរួមប្រមាណ ២ពាន់នាក់ ចូលរួម ប៉ុន្តែបែរជាអាជ្ញាធរមិនបានផ្ដល់ទីតាំងទៅវិញ។
លោកបន្តថា ពិធីរំលឹកខួប ក្រៅពីនិមន្តព្រះសង្ឃសូត្រមន្តបួងសួងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធមហាបុព្វបុរស បានបូជាជីវិតលើបុព្វហេតុការពារជាតិ សាសនា និងទឹកដី ពិធីនេះ ក៏ដើម្បីដាស់រំលឹកដល់កូនខ្មែរជំនាន់ក្រោយ ពីការឈឺចាប់ ការបាត់បង់ទឹកដី ឲ្យចងចាំ និងស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះផងដែរ។
ទឹកដីខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ត្រូវបានអាណានិគមនិយមបារាំង កាត់ប្រគល់ដោយខុសច្បាប់ទៅឲ្យប្រទេសវៀតណាមគ្រប់គ្រង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ទាំងមិនមានការយល់ព្រមពីពលរដ្ឋម្ចាស់ប្រទេស ដែលគិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០ នេះ មានរយៈពេល ៦១ឆ្នាំគត់។
លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែឧសភាថា អាជ្ញាធរក្រុងភ្នំពេញ គួរពិចារណា និងជួយសម្រួលទីតាំងដល់ខ្មែរក្រោម បានប្រារព្ធពិធីរំលឹកខួបថ្ងៃបាត់បង់ទឹកដីដ៏ឈឺចាប់ឡើងវិញ។ លោកបន្តថា ខ្មែរក្រោមសាទរចំពោះការគាំទ្រពីគ្រប់មន្ត្រីរាជការ ឬពលរដ្ឋទាំងអស់ ដែលបានគាំទ្រសកម្មភាព នៃការទាមទារសិទ្ធិអ្វីមួយ របស់ខ្មែរក្រោមកន្លងមក ប៉ុន្តែបើមន្ត្រីរាជការ ឬពលរដ្ឋមួយចំនួនមិនគាំទ្រសកម្មភាពខ្មែរក្រោមទេ សូមអាណិតកុំយកជើងរាទឹក។
លោកមានប្រសាសន៍ដូច្នេះ ៖ «អ្វីៗ ដែលខ្មែរកម្ពុជាក្រោមធ្វើឡើង ដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួន នៅដែនដីខ្មែរកម្ពុជាក្រោម បើសិនជាមន្ត្រីរដ្ឋាភិបាលក្ដី ប្រជាពលរដ្ឋខ្មែរដទៃទៀតក្ដី បើមានសន្តានចិត្តអាណិតអាសូរដល់ខ្មែរកម្ពុជាក្រោម យើងសូមថ្លែងអំណរគុណ។ ប៉ុន្តែបើសិនមិនបានជួយគិតគូរទេ សូមកុំបញ្ចេញយោបល់ ឬបញ្ចេញសកម្មភាពណាផ្សេងៗទៀត ដែលជាការរាំងស្ទះដល់ការទាមទាររបស់បងប្អូនខ្មែរកម្ពុជាក្រោម»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ជុំវិញការដាក់លិខិតជាថ្មីទៀត របស់សមាគមខ្មែរក្រោម ស្នើសុំទីតាំងថ្មី ដើម្បីរំលឹកខួបលើកទី៦១ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមបានទេ នៅថ្ងៃទី២៦ ខែឧសភានេះ៕