បញ្ជូន ម៉ឹក ដារ៉ា មក​ឃុំ​ខ្លួន​នៅ​ភ្នំពេញ​បន្ទាប់​ពី​សាកសួរ

អតីត​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ខ្លួន​នៅ​ឯ​ទីក្រុង​ភ្នំពេញ​វិញ​ហើយ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ការ​សាកសួរ​តាម​នីតិវិធី​រួច​មក កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មករា ឆ្នាំ​២០១១។

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មករា ឆ្នាំ​២០១១​នេះ​ថា ការ​បញ្ជូន​ខ្លួន​លោក ម៉ឹក ដារ៉ា នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មករា ឆ្នាំ​២០១១​នេះ។

លោក អ៊ុក កែវរតនៈ បន្ត​ថា ៖ «តុលាការ​គាត់​បាន​បំពេញ​នីតិវិធី​ដើម្បី​សួរ​ព័ត៌មាន​ក្នុង​ករណី​ជំហាន​ដំបូង​នេះ។ ក្រោយ​ពី​សួរ​ព័ត៌មាន ក្រោយ​រយៈពេល​សួរ​ប្រហែល​ជា​ពីរ​ម៉ោង នៅ​ម៉ោង​ប្រមាណ ៩ និង ២០​នាទី បញ្ជូន​គាត់​ទៅ​ផ្ញើ​ទុក​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ហើយ​ព្រឹកមិញ (១៧ មករា) ក៏​បាន​បញ្ជូន​ឯកឧត្តម ម៉ឹក ដារ៉ា បន្ត​ទៅ​ភ្នំពេញ​វិញ នៅ​សល់​តែ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​ទេ ក្រសួង​មហាផ្ទៃ​ទេ នៅ​បន្ទាយមានជ័យ»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១១ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ខ្មែរ បាន​បញ្ជូន​លោក ម៉ឹក ដារ៉ា អតីត​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ និង​លោក ជា ឡេង អតីត​ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​សាកសួរ​តាម​នីតិ​វិធី​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​ដដែល​បាន​បន្ត​ថា លោក ជា ឡេង អតីត​ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ រង់ចាំ​ការ​បើក​សវនាការ ៖ «គាត់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ រង់ចាំ​ការ​វិនិច្ឆ័យ ព្រោះ​រឿង​ហ្នឹង​វា​គ្រាន់​ជា​ការ​ចោទ​ប្រកាន់​ដើម្បី​អង្កេត មិន​ទាន់​ឈាន​ទៅ​ដល់​សវនាការ​ថា គាត់​មាន​ទោស​ដល់​កម្រិត​ណា​ក៏​អត់​មាន​ដែរ»

អតីត​មន្ត្រី​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន លោក ម៉ឹក ដារ៉ា និង​លោក ជា ឡេង ទាំង​ពីរ​នាក់ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ក្នុង​អំពើ​ពុករលួយ​ក្នុង​ការ​បង្រ្កាប​ការ​ជួញដូរ​គ្រឿង​ញៀន។

លោក ម៉ឹក ដារ៉ា អតីត​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី មុន​ការ​ចាប់​ខ្លួន​មួយ​សប្តាហ៍​ថា សំណុំ​រឿង​នៃ​ការ​ចុះ​ចាប់​គ្រឿង​ញៀន​នៅ​ប៉ោយប៉ែត មាន​ចំនួន​លើស​ពី ១៣​លាន​គ្រាប់ ប៉ុន្តែ​នៅ​ពេល​មាន​ការ​ចុះ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​មាន​តែ​ចំនួន ១៣​លាន​គ្រាប់​ខុស​ពី​ការ​ពិត។

មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ខ្មែរ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​ក្រុម​មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​ទៅ​បញ្ហា​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់​នេះ​បាន​ទេ។

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០១១ អតីត​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន និង​លោក ឈៀង សុន ស្នងការ​រង​នគបាល​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប ក្រោយ​ពី​តុលាការ​បាន​ធ្វើ​ការ​សាកសួរ​តាម​នីតិវីធី​រួច​មក។

មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន ៥​នាក់​ហើយ ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​ការ​ចាប់​ខ្លួន​នោះ​ត្រូវ​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ករណី​ជួញដូរ និង​បង្ក្រាប​គ្រឿង​ញៀន កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​សិទ្ធ​មនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ុំ ចាន់គា បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​មន្ត្រី​នគរបាល​ជា​បន្ត​បន្ទាប់​មក​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ត្រឹមត្រូវ និង​គោរព​តាម​ច្បាប់។ ទន្ទឹម​គ្នា​នេះ លោក​បាន​ស្នើ​ខាង​មន្ត្រី​ពន្ធនាគារ និង​តុលាការ ការពារ​សុវត្ថិភាព​អ្នក​ទាំង​នោះ​នៅ​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ទាមទារ​ឲ្យ​តុលាការ​បើក​សវនាការ​ជា​សាធារណៈ៕