សាច់ញាតិរបស់អ្នកបាត់បង់ជីវិត និងអ្នកគ្រោះថ្នាក់ក្នុងព្រឹត្តិការណ៍ជាន់គ្នាស្លាប់លើស្ពានពេជ្រ ក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ កាលពីឆ្នាំ២០១០ បានបាត់បង់ប្រភពចំណូលក្នុងគ្រួសារ និងក្លាយជាអ្នកទទួលបន្ទុកចិញ្ចឹមបីបាច់កូនចៅដែលនៅកំព្រា។
ក្រុមគ្រួសារអ្នកស្លាប់ដែលបានចូលរួមក្នុងពិធីឆ្លងស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះក្នុងហេតុការណ៍លើស្ពានពេជ្រ កាលពីថ្ងៃទី២២ វិច្ឆិកា បានបង្ហាញក្ដីអាឡោះអាល័យ និងសោកសង្រេងដល់សមាជិកគ្រួសារដែលបាត់បង់ជីវិត។
ស្ត្រីវ័យ ៦០ឆ្នាំ ឈ្មោះ ង៉ែត ពៅ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្លែងទាំងសំឡេងក្ដុកក្ដួលអួលដើមកថា កូនស្រីរបស់គាត់ ២នាក់ និងចៅស្រីអាយុ ១២ឆ្នាំម្នាក់បានស្លាប់ក្នុងហេតុការណ៍ជាន់គ្នាលើស្ពាននោះ។ គាត់បន្តថា បច្ចុប្បន្នគាត់បានខិតខំរកប្រាក់ដែលបានពីការលក់ដូរបន្តិចបន្តួចមកចិញ្ចឹមចៅកំព្រាទាំងបីនាក់ដោយសារម្ដាយរបស់ពួកគេស្លាប់នៅលើស្ពាននេះអស់ទៅហើយ។
ស្ត្រីដដែលបន្តថា៖ «មានកូនស្រីពីរ ចៅស្រីមួយ។ មកបួននាក់បងប្អូន ម៉ែកូនស្លាប់កាលនោះទាំងអស់នេះ កំព្រាបីនាក់ ឪពុកវាឈឺស្លាប់មុនហើយ ខ្ញុំម្នាក់ឯងមើលចៅនៅផ្ទះបួននាក់យាយចៅ។ ចៅមួយនេះបានខាងកុមារកំព្រា គេជួយចិញ្ចឹមអង្ករចិញ្ចឹមអី ហើយឧបត្ថម្ភឲ្យវារៀន។ នេះទើបតែចេះដើរ។ កាលម៉ាក់វាស្លាប់អត់ទាន់ចេះដើរផង អានេះ ៧ឆ្នាំ អានេះ ៣ឆ្នាំ អានេះ ២ឆ្នាំ ធ្វើម៉េចយើងយាយហើយនិងចៅ បើមិនមើលចោលគ្នាទៅណា បើគ្នាថា នាំកូនទៅលេងសប្បាយមានគ្រោះថ្នាក់អ៊ីចឹងវាចៃដន្យដែរធ្វើម៉េច។ ខ្ញុំលក់ផ្លែឈើមួយកញ្ជើពីរកញ្ជើលក់ថ្ងៃអាទិត្យ គ្រាន់ឲ្យចៅហូប»។
បុរសពោះម៉ាយកូនពីរម្នាក់ ឈ្មោះ ធូ សារី អាយុ ៣០ឆ្នាំ រស់នៅស្រុកល្វាឯម ខេត្តកណ្ដាល ដែលកំពុងឈរពកូនស្រីម្នាក់សម្លឹងទៅស្ពានពេជ្រនោះបានរៀបរាប់ថា គាត់គឺជាជនរងគ្រោះក្នុងព្រឹត្តិការណ៍នោះដែរ។ ប៉ុន្តែសំណាងអាក្រក់ភរិយារបស់គាត់មិនអាចគេចរួចពីសេចក្ដីស្លាប់។
លោកបន្តថា គ្រោះថ្នាក់នៅលើស្ពាននេះ មិនទាន់អាចឲ្យគាត់ភ្លេចនឹកឃើញឡើយ ហើយជើងទាំងគូររបស់គាត់ក៏មិនទាន់អាចជាសះស្បើយទាំងស្រុងនោះទេ៖ «ចេញពីពេទ្យមកខ្ញុំចាក់ថ្នាំចាក់អី មើលច្រើនដែរ។ និយាយទៅវាមិនបានដូចដើមទេ វានៅហើមជើង វានៅស្ពឹកអ៊ីចឹង វាអត់មានដូចដើម។ ខ្ញុំនៅតែនឹកឃើញអ៊ីចឹង មិនដែលភ្លេចទេ តក់ស្លុក ក្នុងពេលហេតុការណ៍ហ្នឹងទៅ មិនអាចបំភ្លេចបាន ចេះតែនៅចាំ។ ខ្ញុំមករត់ម៉ូតូឌុបនៅភ្នំពេញ បួនថ្ងៃខ្ញុំទៅផ្ទះម្ដង ឥឡូវរកមិនសូវបានទេ ថ្ងៃណាជើងវាត្រូវហើមទៅឈប់ទៅ ថ្ងៃណាវារាងស្រួលទៅយើងរកវិញទៅ»។
លោកស្រី លុយ សុខាលីម អាយុ ៥០ឆ្នាំ កំពុងឈររកឈ្មោះកូនរបស់គាត់ដែលគេចារនៅលើស្តូបរំលឹកការចងចាំអ្នកគ្រោះថ្នាក់នៅលើកោះពេជ្រ បានថ្លែងទាំងទឹកភ្នែកថា គាត់បាត់បង់កូនជាទីស្រលាញ់ និងបាត់បង់ចំណូលក្នុងគ្រួសារមួយយ៉ាងធំ បន្ទាប់ពីកូនប្រុសពេញកម្លាំងរបស់គាត់បានស្លាប់ និងម្នាក់ទៀតរបួសមិនអាចចេញទៅធ្វើការបាន។
លោកស្រី បន្ថែមដូច្នេះ៖ «ក្មួយផងកូនផង ទាំងអស់ បីនាក់ តែអាបងវារួច វាលោតក្នុងហ្នឹងណា ហើយអាក្មួយក៏លោតរួចដែរ តែវាហ្នឹងស្លាប់ ហើយថា ឲ្យរកការងារអីក៏គេអត់រកដែរ។ កូនខ្ញុំរបួសអាបងហ្នឹង ដូចថា អារម្មណ៍វាមិនដូចយើង។ ចុះក្មួយឯងគិតមើល លោតពីហ្នឹងដល់ហ្នឹងមានតិចឯណា។ នឹកណាស់កូនមីង! ធ្វើការចិញ្ចឹមមីង ២ឆ្នាំហើយ។ តូចចិត្តណាស់អស់កូនទៅមីងពិបាកចិត្តណាស់រាល់ថ្ងៃនេះ ដូចឆ្កួតអ៊ីចឹង។ គេឃាត់ថា កុំពិបាកចិត្ត ក៏នៅតែពិបាក ទប់អារម្មណ៍មិនបានទេ។ ថាបាក់ដៃបាក់ជើងយ៉ាងម៉េចក៏នៅតែចិញ្ចឹមដែរ បាត់បង់ចំណូល។ រាល់ថ្ងៃឈឺទៀត លើសឈាម ខ្លាញ់រុំបេះដូង ទឹកអាស៊ីដឡើងជាតិស្ករឡើង ក្រពះ តាំងពីវាស្លាប់មីងឈឺរហូត»។
នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១១ អាជ្ញាធរក្រុងភ្នំពេញ បានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់នៅលើស្ពានពេជ្រ តាមរយៈការធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៣៥៣អង្គ និងបង្សុកូល ឧទ្ទិសដល់អ្នកស្លាប់ និងសង់ស្តូបដែលមានកំពូលព្រហ្មមុខបួន ចារឈ្មោះអ្នកស្លាប់ទុកជាកំណត់ហេតុ។ ស្តូបនេះបានចំណាយថវិកាសាងសង់ប្រហែល ១២ម៉ឺនដុល្លារ។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យឆ្លងនេះគឺនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ បានកើតឡើងនៅរាជធានីភ្នំពេញ។
លោកថា ស្តូបនេះធ្វើឡើងដើម្បីកត់សម្គាល់ និងរំលឹកការចងចាំ៖ «មិនចាំបាច់ខ្ញុំទេ អ្នកណាក៏ដោយ បើមានបងប្អូនជនរួមជាតិជាខ្មែរបាត់បង់ជីវិត យើងត្រូវតែសោកស្ដាយ យើងត្រូវតែចងចាំ យើងបានឆ្លងកាត់ការឈឺចាប់ក្នុងរបប ប៉ុល ពត អ៊ីចឹងជនរងគ្រោះ ជនរួមជាតិរបស់យើងដែលទទួលគ្រោះថ្នាក់ យើងត្រូវតែសោកស្ដាយ»។
កាលពីរាត្រីថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០ បន្ទាប់ពីពិធីបណ្ដែតប្រទីប ពិធីបាញ់កាំជ្រួចនៅម៉ោងប្រហែល ៩យប់ ក្នុងពេលតែមួយសន្ទុះប៉ុណ្ណោះ សោកនាដកម្មលើស្ពានកោះពេជ្របានកើតឡើងដោយសារមនុស្សផ្អើលជាន់គ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ ៣៥៣នាក់ និងរបួស ៣៩៣នាក់ ដែលជារឿងសែនសោកស្ដាយជាទីបំផុត ធ្វើឲ្យការចូលរួមសប្បាយថ្ងៃបុណ្យ ក្លាយជាថ្ងៃកាន់មរណទុក្ខទៅវិញ។
រដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃទី២៥ ខែវិច្ឆិកា ជាថ្ងៃកាន់មរណទុក្ខចំពោះហេតុការណ៍នេះជារៀងរាល់ឆ្នាំ ដោយប្រកាសឲ្យទាំងស្ថាប័នរដ្ឋ និងឯកជនបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅថ្ងៃនោះ៕