អាជ្ញាធរ​រង​ការ​ចោទ​ថា​រារាំង​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​ទៅ​រាប់​បាត្រ​នៅ​បឹងកក់

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ អ្នក​ភូមិ​បឹងកក់ បាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ចំនួន ៩៩​អង្គ ដើម្បី​សូត្រ​មន្ត និង​រាប់​បាត្រ ប៉ុន្តែ​ត្រូវ​ខក​ខាន​ទៅ​វិញ ព្រោះ​មិន​មាន​ព្រះសង្ឃ​និមន្ត​ទៅ​កាន់​ទី​កន្លែង​ប្រារព្ធ​ពិធី​មួយ​អង្គ​ណា​ឡើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថា បាន​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​មក​កាន់​តំបន់​បឹងកក់ ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធី​រាប់​បាត្រ និង​ធ្វើ​ពិធី​សូត្រ​មន្ត​​​ទៅ​តាម​​ការ​គ្រោង​ទុក​ឡើយ។

អ្នក​ភូមិ​បឹងកក់ បាន​សម្ដែង​ពី​កំហឹង​នៅ​ពី​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​ស៊ូកាគូ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដោយ​បាន​ថ្កោល​ទោស​ទៅ​ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ដែល​បាន​ហាម​ឃាត់​ព្រះសង្ឃ​បែប​នេះ។

តំណាង​​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រហែល​ជា​គេ​ចង់​បំបាត់​ព្រះពុទ្ធ​សាសនា​ចោល​ហើយ​មើល​ទៅ បាន​ជា​គាត់​មិន​​ឲ្យ​​ពួក​ខ្ញុំ​កាន់​ព្រះពុទ្ធ​សាសនា ព្រោះ​អី​ខ្ញុំ​អត់​ដឹង បើ​គាត់​បំបាត់​ព្រះពុទ្ធ​សាសនា​សុំ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដំណឹង​ឲ្យ​ប្រជាជន​បាន​ដឹង​ផង»

ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​បន្ថែម ៖ «ព្រោះ​ថា គាត់​រំលោភ​សិទ្ធិ សូម្បី​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ ខ្ញុំ​មិន​ដឹង​ថា ពួក​គាត់​គិត​យ៉ាង​ម៉េច»

តំណាង​អ្នក​ភូមិ​បឹងកក់ បាន​ឲ្យ​ដឹង​ថា ពិធី​សូត្រ​មន្ត និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩៩​អង្គ ពួកគាត់​បាន​សុំ​ច្បាប់ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី​ចៅ​សង្កាត់​ស្រះចក​ឲ្យ​រៀបចំ​ពិធី​នេះ​រួច​ហើយ ប៉ុន្តែ​មិន​ដឹង​ហេតុ​អី​​បាន​ជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បែរ​ជា​អាជ្ញាធរ​សង្កាត់​​ស្រះចក ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​មក​រារាំង​​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​មក​កាន់​តំបន់​បឹងកក់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រារព្ធ​ពិធី​ទៅ​វិញ។

អ្នក​ភូមិ​បឹងកក់​ឲ្យ​ដឹង​ដែរ​ថា ពិធី​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​រាប់បាត្រ​នេះ ក្រៅ​អំពី​សុំ​សេចក្ដី​សុខ ពលរដ្ឋ​ក្នុង​សហគមន៍​ក៏​ចង់​បួង​សួង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ទន់​ចិត្ត​អាណិត ហើយ​ជួយ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ក្រុមហ៊ុន​ស៊ូកាគូ និង​អាជ្ញាធរ​ក្រុង បង្ខំ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ទាំង​មិន​មាន​សំណង​សមរម្យ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។ ប៉ុន្តែ​លោក ឆាយ ធីណាប្ញទ្ធិ ចៅ​សង្កាត់​ស្រះចក ដែល​បាន​បង្ហាញ​វត្តមាន​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ពី​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​ស៊ូកាគូ ក្នុង​តំបន់​បឹងកក់ មាន​ប្រសាសន៍​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​ថា រូប​លោក​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​រាប់​បាត្រ​នេះ​ហើយ និង​គ្មាន​ហេតុផល​អី​ទៅ​ហាម​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​មក​ធ្វើ​បុណ្យ​នោះ​ទេ។

លោក​ចៅ​សង្កាត់​ស្រះចក ថ្លែង​ថា ការ​និមន្ត ឬ​មិន​និមន្ត​របស់​ព្រះសង្ឃ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ព្រះសង្ឃ​គ្រប់ៗ​អង្គ គឺ​មិន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​នោះ​ទេ។

លោក ឆាយ ធីណាប្ញទ្ធិ ចៅ​សង្កាត់​ស្រះចក មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ស៊ីញ៉េ​រួច​ហើយ ឲ្យ​បង​ប្អូន​ធ្វើ​បុណ្យ​រួច​ហើយ»

ទោះ​ជា​បែប​នេះ​ក្ដី ព្រះភិក្ខុ​ជា​ច្រើន​ព្រះអង្គ​មាន​ថេរ​ដីកា​ប្រហាក់ប្រហែល​គ្នា​ថា ព្រះអង្គ​មិន​អាច​និមន្ត​ទៅ​កាន់​តំបន់​បឹងកក់ ទៅ​តាម​ការ​និមន្ត​របស់​ពុទ្ធ​បរិស័ទ​នៅ​តំបន់​បឹងកក់​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​មក​ហាម ដោយ​បញ្ជាក់​ថា ព្រះសង្ឃ​ដែល​ហ៊ាន​និមន្ត​ទៅ​តំបន់​បឹងកក់ ត្រូវ​​ទទួល​ខុស​ត្រូវ​ ​រាល់​គ្រប់​បញ្ហា​ដែល​អាច​កើត​​មាន​ឡើង។

ព្រះភិក្ខុ យ៉េន វណ្ណៈ គង់​នៅ​វត្ត​ចំប៉ា ស្រុក​កៀនស្វាយ ស្ថិត​ក្នុង​ចំណោម​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត​ដែល​ខកខាន​មិន​បាន​និមន្ត​ទៅ​ធ្វើ​ពិធី​សូត្រ​មន្ត និង​រាប់​បាត្រ​ទៅ​តាម​ការ​និមន្ត​របស់​ពលរដ្ឋ​តំបន់​បឹងកក់ បាន​មាន​ថេរដីកា​សោកស្ដាយ ដែល​ព្រះអង្គ ក៏​ដូច​ជា​ព្រះសង្ឃ​ដទៃ​ទៀត មិន​អាច​និមន្ត​ទៅ​តំបន់​បឹងកក់ ទៅ​តាម​ការ​គ្រោង​ទុក។

នា​បរិវេណ​វត្ត​ស្រះចក ព្រះភិក្ខុ យ៉េន វណ្ណៈ ដែល​ព្រះអង្គ​គង់​រង់ចាំ​ពុទ្ធ​បរិស័ទ​តំបន់​បឹងកក់ យក​ចង្ហាន់​ធ្វើ​ពិធី​សូត្រ​មន្ត និង​រាប់​បាត្រ​ឲ្យ​ដឹង​ដូច្នេះ ៖ «គាត់​និយាយ​ហ្នឹង បើ​សិន​ជា​មាន​បញ្ហា​អី​គាត់​ទម្លាក់​កំហុស​មក​លើ​គ្រូ​ចៅអធិការ​ទាំង​អស់»

បន្ទាប់​ពី​ព្រះសង្ឃ​មិន​បាន​បង្ហាញ​វត្តមាន​នៅ​ទីតាំង​​តំបន់​បឹងកក់ ទៅ​តាម​ការ​គ្រោង​ទុក ប្រជាពលរដ្ឋ​​ក៏​បាន​នាំ​យក​ចង្ហាន់​មក​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​រាប់​សិប​អង្គ​នៅ​វត្ត​ស្រះចក ជំនួស​វិញ ដោយ​មាន​កង​កម្លាំង​ប៉ូលិស​ដាក់​ពង្រាយ និង​ឃ្លាំ​ចាំ​មើល​គ្រប់​សកម្មភាព។

សាលា​ក្រុង​ភ្នំពេញ បាន​​ផ្ដល់​កិច្ចសន្យា​ជួល​តំបន់​បឹងកក់ រយៈ​ពេល ៩៩​ឆ្នាំ ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ ធ្វើការ​អភិវឌ្ឍ ហើយ​ក្រុមហ៊ុន​នេះ បាន​ផ្ដើម​បូម​ខ្សាច់​លុប​បឹងកក់ តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ។ គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​នេះ ត្រូវ​​​​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ផ្លាស់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​ចេញ​ពី​តំបន់​បឹងកក់​នោះ៕