ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​រង​ការចោទ​ថា​បង្ក​របួស​ស្នាម​ដល់​បុរស​ម្នាក់

ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​រង​ការចោទ​ថា បាន​ចាប់​បុរស​ម្នាក់​ដាក់​ខ្នោះ​ដៃ​វាយ​ទាត់​ធាក់ ហើយ​យក​កាំភ្លើង​ខ្លី​បាញ់​ទម្លុះ​ខ្នង​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​ដែល​បាន​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ក្រុង​ប៉ោយប៉ែត កាលពី​វេលា​រំលង​អធ្រាត្រ​នា​ថ្ងៃ​ទី​១៩ កក្កដា​កន្លង​ទៅ។

0:00 / 0:00

អាង សុធី អាយុ​២៣​ឆ្នាំ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ថា កាលពី​វេលា​ម៉ោង​១​យប់​នា​ថ្ងៃ​ទី​១៩ ខែ​កក្កដា ខ្លួន​និង​គ្នីគ្នា​ជិត​១០​នាក់​បាន​ជិះ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បន្ទាប់​ពី​បញ្ចប់​ការងារ​ដឹក​ខោ​អាវ​គី​ប​ទៅ​ក្នុង​ទឹក​ដី​ថៃ ក៏​បើក​ឡាន​ត្រឡប់​មក​វិញ។ លុះ​មក​ដល់​ចំណុច​ខាង​មុខ​ធនាគារ​អេស៊ីលីដា​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដៃ​មាន​កាន់​ដំបង​ដេញ​តាម​វាយ​និង​គប់​រថយន្ត រួច​នាំ​គ្នា​គេច​ខ្លួន​បាត់​ទៅ។

សុធី បន្ត​ថា ក្រោយ​មក​ពួក​ខ្លួន​ក៏​នាំ​គ្នា​ទៅ​ហូប​បង្អែម​នៅ​បរិវេណ​វត្ត​ប៉ាលេលិយ្យ ក៏​ប្រទះ​ឃើញ​មនុស្ស​ទាំង​ពីរ​នាក់​នោះ ហើយ​អំពើ​ហិង្សា​ក៏​កើត​ឡើង ភ្លាម​នោះ​មាន​មន្ត្រី​ប៉េអឹម​ពីរ​នាក់​បាន​ចូល​មក ៤​នាក់​ផ្សេង​ទៀត​មក​តាម​ក្រោយ ៖ «ចាប់​ខ្ញុំ​ដាក់​ខ្នោះ​ហើយ​វ៉ៃ​ខ្ញុំ ទាត់​ខ្ញុំ អុក​ខ្ញុំ​មួយ​កាំភ្លើង​ខ្លី​ទៀត តែ​ខ្ញុំ​គេច​ផុត គេច​ផុត​វា​អុក​ខ្ញុំ​មួយ​ជង្គង់​ចំ​ឆ្អឹង​ជំនី ខ្ញុំ​ដួល ងើប​ឡើង​វា​ធាក់​ខ្ញុំ​បាញ់​ខ្ញុំ​ពី​ក្រោយ»

លោកស្រី ណាំ ស៊ឹម អាយុ​៦៥​ឆ្នាំ រស់នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ត្រូវ​ម្តាយ​ជន​រងគ្រោះ បាន​ថ្លែង​ថា កូន​លោកស្រី​បច្ចុប្បន្ន​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គលបុរី។

ណាំ ស៊ឹម បន្ត​ថា លោកស្រី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ទី​បញ្ជាការ​ប៉េអឹម​ខេត្ត​ហើយ​ដើម្បី​ទាមទារ​ឲ្យ​ចាត់​វិធានការ​ដាក់​ទោស​ប៉េអឹម​រូប​នោះ​តាម​ផ្លូវ​ច្បាប់ ៖ «ចង់​ឲ្យ​ច្បាប់​ហ្នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ដែល​ដូច​ថា​អ្នក​ធំ​ធ្វើ​រំលោភ​សិទ្ធិ​ប្រជាជន​អ៊ីចឹង?»

មន្ត្រី​ប៉េអឹម ឈ្មោះ ចែត្រ សំណាង ដែល​រង​ការចោទ​ប្រកាន់​នេះ មិន​អាច​ទាក់ទង​បញ្ជាក់​បាន​ទេ ប៉ុន្តែ​លោក ម៉ែន ភិរម្យ មេ​បញ្ជាការ​ប៉េអឹម​ប្រចាំ​ទិស អះអាង​ថា ចែត្រ សំណាង ត្រូវ​បាន​ដក​ទៅ​បញ្ឈរ​ជើង​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ហើយ។

លោក ម៉ែន ភិរម្យ អះអាង​ថា ប៉េអឹម​លោក​មិន​មាន​បំណង​បាញ់​មនុស្ស​ទាំង​ដៃ​ជាប់​ខ្នោះ​ទេ ៖ «តាម​ពិត​ភ្ជង់​ចាប់​វា​ហ្នឹង ដល់​វា​ប្រតាយ​គ្នា​ទៅ​ក៏​ផ្ទុះ​បណ្តោយ»

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ក្រុម​ក្មេង​ស្ទាវ​បាន​ចំនួន​៧​នាក់​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ុម ចាន់គា ថ្លែង​ថា​ជា​កំហុស​របស់​ប៉េអឹម​ដែល​ប្រើប្រាស់​អាវុធ​មិន​បាន​ត្រឹមត្រូវ។

លោក ស៊ុម ចាន់គា បាន​ឲ្យ​ដឹង​ថា ៖ «ប្រទេស​យើង​ដែល​គោរព​ច្បាប់ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ម្នាក់​ជា​មន្ត្រី​យុត្តិធម៌ ដល់​ប្រើប្រាស់​អ៊ីចឹង​គឺ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណាស់»

លោក ណឹប ណាវី គ្រូ​ពេទ្យ​វះ​កាត់​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គលបុរី បាន​ថ្លែង​ថា ជន​រងគ្រោះ​កំពុង​ដេក​ព្យាបាល​មាន​របួស​ធ្ងន់ ហើយ​ដាក់​ទុយយោ​បង្ហូរ​ឈាម​ពី​សួត​រយៈពេល​ពី​មួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ​អស់​ឈាម​ពី​មុខ​របួស​ក្នុង​សួត។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ពួក​គេ​កំពុង​ស្រាវជ្រាវ​ស៊ើប​អង្កេត​ជុំវិញ​រឿង​នេះ៕