រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដោយសំឡេងគាំទ្រស្មើនឹង៩៩ក្នុងចំណោមតំណាងរាស្ត្រ១០១រូប ដែលបានចូលរួមក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៤ នៅថ្ងៃទី0១ តុលា ដើម្បីដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌក្នុងការពិភាក្សានិងអនុម័ត។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា បានរាយការណ៍ជូនអង្គសភាអំពីការពិនិត្យ និងស្រាវជ្រាវលើសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ ៖ «សេចក្ដីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ គឺជាបណ្ដុំរាល់បទបញ្ញត្តិព្រហ្មទណ្ឌ ដែលចែងពីបទល្មើសព្រហ្មទណ្ឌនិងការផ្ដន្ទាទោសព្រហ្មទណ្ឌ ព្រមទាំងគោលការណ៍គ្រឺះ និងវិធានរួមសម្រាប់អនុវត្តក្នុងការផ្ដល់យុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងប្រព័ន្ធបង្រ្កាប»។
លោក ហេង សំរិន បានមានប្រសាសន៍ថា មានសំណើពីតំណាងរាស្ត្រគណបក្សសមរង្ស៊ី ចំនួនបួនរូបតាមរយៈលិខិតចុះថ្ងៃទី១ កញ្ញា ឆ្នាំ២០០៩ ដោយសុំឲ្យមានវិសោធនកម្មលើមាត្រាចំនួន៤៣ ក្នុងចំណោម៦៧២មាត្រា នៃសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ។ ទោះយ៉ាងណា សំណើនេះត្រូវបានរដ្ឋសភាបដិសេធដោយសំឡេង៨៣ លើ១១១ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣។
លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានផ្ដល់យោបល់ពិភាក្សាលើខ្លឹមសាររួមនៃសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ ៖ «ខ្ញុំឃើញស្ថានភាពនៃពេលបច្ចុប្បន្ននេះ ទោះជាមានច្បាប់ល្អហើយ ប៉ុន្តែការអនុវត្តយើងមានការខ្វះខាតច្រើនណាស់ ហេតុដូច្នេះហើយបានជាយើងខ្ញុំទទួចម្ដងហើយម្ដងទៀត សុំឲ្យមានការធ្វើវិសោធនកម្ម»។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានឯកភាពក្នុងការដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ ដើម្បីជូនរដ្ឋសភាពិភាក្សានិងអនុម័ត ៖ «ក្នុងនាមខ្ញុំជាអ្នកលើកដៃមិនទទួលវិសោធនកម្មនេះ គឺមានមូលហេតុច្បាស់លាស់ ពីព្រោះឯកឧត្ដមអត់បានដាក់នៅក្នុងសេចក្ដីស្នើ លិខិតស្នើហ្នឹង មានការប្រញាប់ អត់មានអីទេ អ៊ីចឹងមិនអាចនេះបានទេ។ ហើយទន្ទឹមនេះទៀត យើងឃើញថា ៤៣មាត្រាក្នុងចំណោម៦៧២មាត្រា អាហ្នឹងបើសិនជាភាសាច្បាប់ មិនមែននិយាយថាវិសោធនកម្មទេ វាទៅជាសើរើហើយ»។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឡើងការពារសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ ៖ «អ្វីដែលយើងបានធ្វើហ្នឹង គឺក្នុងគោលការណ៍ផ្ទុយនឹងមតិឯកឧត្ដម យឹម សុវណ្ណ បានលើកឡើង គឺថាដូចជាមានការចង្អៀតចង្អល់ទៅលើសិទ្ធិមនុស្ស អ្វីផ្សេងៗនេះ គឺខ្ញុំគ្រាន់តែជម្រាបបន្ថែមថា យើងបានយកគោលការណ៍បម្រើសិទ្ធិមនុស្សច្រើនដើម្បីដាក់ចូលក្នុងក្រមព្រហ្មទណ្ឌនេះ»។
សូមជម្រាបថា នៅទីបញ្ចប់រដ្ឋសភាបានសម្រេចដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌដើម្បីធ្វើការពិភាក្សា ហើយលោក ហេង សំរិន ប្រធានរដ្ឋសភា ក៏បានប្រកាសផ្អាកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៤ ដោយលើកទៅបន្តនៅព្រឹកថ្ងៃសុក្រទៀត៕