លោក ហេង សំរិន ប្រធានរដ្ឋសភាប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ បានចុះហត្ថលេខាលើលិខិតស្នើសុំអន្តរាគមន៍របស់តំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន១៦រូប ផ្ញើជូនលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំឲ្យចាត់វិធានការតាមនីតិវិធីឲ្យតុលាការដោះលែងអ្នកកាសែតចំនួនពីររូប គឺលោក ហង្ស ចក្រា និងលោក រស់ សុឃិត ចេញពីពន្ធនាគារ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកកាសែតទាំងពីររូបនេះនៅមិនទាន់មានពន្លឺនៃការដោះលែងឲ្យមានសេរីភាពនៅឡើយ។
កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៩ លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកត្រូវបានតុលាការរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុកចំនួន១២ខែ និងផាកពិន័យជាប្រាក់៩លានរៀល ពីបទផ្សាយព័ត៌មានមិនពិត ដោយសារកាសែតរបស់លោកបានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំបែកសំបុកមន្រ្តីអាក្រក់និងពុករលួយនៅជុំវិញលោកឧបនាយករដ្ឋមន្រ្តី សុខ អាន។
ចំណែកលោក រស់ សុឃិត អាយុ៤០ឆ្នាំ កាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០០៩ ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់គុក២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ក្រោមបទផ្សាយព័ត៌មានមិនពិត ដោយសារតែបានផ្ញើសារតាមទូរស័ព្ទដៃចូលទៅទូរស័ព្ទរបស់លោក សយ សុភាព អ្នកធ្វើអត្ថាធិប្បាយរបស់ទូរទស្សន៍ CTN ដើម្បីសាកសួរពីការជំរិតទារប្រាក់និងបញ្ហាពុករលួយ។
វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទេតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣០ ខែធ្នូនេះ ដោយជំនួយការរបស់លោកឆ្លើយថា លោកជាប់រវល់បំពេញបេសកកម្មទៅក្រៅប្រទេស។ ប៉ុន្តែជំនួយការលោក អង្គ វង្សវឌ្ឍានា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងយុត្តិធម៌នៅមិនទាន់ទទួលបានលិខិតស្នើសុំជាផ្លូវការណាមួយពីគណបក្សសមរង្ស៊ីនៅឡើយទេ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរជួយអន្តរាគមន៍ទៅព្រះមហាក្សត្រឲ្យមានការលើកលែងទោសដល់លោក ហង្ស ចក្រា និងលោក រស់ សុឃិត ដែលកំពុងជាប់ក្នុងពន្ធនាគារឲ្យមានសេរីភាពដូចអ្វីដែលលោកធ្លាប់អន្តរាគមន៍ឲ្យមានការដោះលែងចារកម្មថៃពីពន្ធនាគារកាលពីពេលថ្មីៗនេះ។
លោកស្រី មូរ សខហួរ មានប្រសាសន៍ដូច្នេះ ៖ «គួរតែសម្ដេចនាយកដែលលោកតំណាងប្រមុខនៃរាជរដ្ឋាភិបាលយកមកថ្លឹងថ្លែងថា តើប្រជារាស្រ្ដខ្មែរលោកនឹងផ្ដល់ការការពារដូចជាជនជាតិគេទេ?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ការដោះលែងចារកម្មថៃពីពន្ធនាគារ គឺរដ្ឋាភិបាលមានហេតុផលត្រឹមត្រូវ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «នៅក្នុងសំណុំឯកសារ សមីខ្លួនបានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត ទើបយើងធ្វើកាយវិការបន្ទាន់ដើម្បីសេរីភាពរបស់បុគ្គលនេះ»។
ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា លោក សុខ សុវណ្ណ មានប្រសាសន៍ថា នៅឆ្នាំថ្មីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែជួយអន្តរាគមន៍ទៅព្រះមហាក្សត្រឲ្យមានការលើកលែងទោសលោក ហង្ស ចក្រា និងលោក រស់ សុឃិត ចេញពីពន្ធនាគារឲ្យមានសេរីភាពឡើងវិញ។
លោក សុខ សុវណ្ណ មានប្រសាសន៍ថា ៖ «ចូលឆ្នាំថ្មីផងនៅឆ្នាំ២០១០ហ្នឹង សូមដោះលែងអ្នកកាសែតទាំងពីរហ្នឹងឲ្យមានសេរីភាព»។
លោក ខៀវ កាញារីទ្ធ ធ្លាប់មានប្រសាសន៍ថា ករណីលោក ហង្ស ចក្រា និងលោក រស់ សុឃិត លោកនឹងធ្វើអន្តរាគមន៍ឲ្យមានការដោះលែងឲ្យបានឆាប់៕