ការសម្រេចទទួលយកសំណើសុំទាំងនេះ ត្រូវបានប្រកាសឱ្យដឹងដោយសហចៅក្រមស៊ើបអង្កេត តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០។
សហចៅក្រមស៊ើបអង្កេតលើកឡើងថា ខ្លួនបានអង្កេត និងវិភាគយ៉ាងហ្មត់ចត់លើសំណើសុំនីមួយៗ ទាំងទម្រង់ដាក់ព័ត៌មានបន្ថែម និងការរៀបរាប់លម្អិតអំពីអង្គហេតុដែលបានចោទ និងដាក់សុំក្នុងពេលកំណត់ត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០១០។
ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក រាជ សម្បត្តិ មានប្រសាសន៍ថា ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមានចំនួនច្រើន ដែលសហចៅក្រមស៊ើបអង្កេតត្រូវពិនិត្យពិចារណាភាពត្រឹមត្រូវតាមច្បាប់។
លោក រាជ សម្បត្តិ មានប្រសាសន៍ដូច្នេះ ៖ «សហចៅក្រមស៊ើបអង្កេតគាត់ត្រូវសម្រេចចិត្តថា តើចំនួនណាដាក់ទៅត្រឹមត្រូវតាមលក្ខណៈច្បាប់ ហើយទទួលយកបាន ចំនួនណាមិនត្រឹមត្រូវតាមច្បាប់។ តែគោលបំណងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺឱ្យអាទិភាពទៅជនរងគ្រោះដែលសុំតាំងខ្លួនជាដើមរដ្ឋប្បវេណីផង ហើយនិងដាក់ពាក្យបណ្ដឹងធម្មតាផង»។
សេចក្ដីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតបានណែនាំថា អ្នកដែលអាចសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីបានត្រូវតែបង្ហាញថា គាត់បានទទួលរងទុក្ខទោសដោយផ្ទាល់ទៅនឹងអង្គហេតុដែលលើកឡើងក្នុងបណ្ដឹងរបស់ព្រះរាជអាជ្ញានៅក្នុងដីកាសន្និដ្ឋាន។ សំណើសុំមួយចំនួនដែលត្រូវបដិសេធ នឹងនៅរក្សាទុកជាពាក្យបណ្ដឹងជាជនរងគ្រោះក្នុងសំណុំរឿង ០០២ដដែល រួមជាមួយពាក្យបណ្ដឹងជាង ៤ពាន់ផ្សេងទៀត ដែលបានដាក់ផ្ទាល់ជាមួយសហព្រះរាជអាជ្ញា។
សហចៅក្រមស៊ើបអង្កេតក៏ប្រកាសបើកផ្លូវសម្រាប់បណ្ដឹងឧទ្ធរណ៍ទៅអង្គបុរេជំនុំជម្រះក្នុងថិរវេលាកំណត់ចំនួន ១០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងអំពីដីកាសម្រេច ហើយអ្នកធ្វើបណ្ដឹងអាចមានមេធាវីជំនួយ។
ក្នុងសេចក្ដីថ្លែងការណ៍ សហចៅក្រមស៊ើបអង្កេតបានរំឭកដែរថា សំណងដែលដើមបណ្ដឹងរដ្ឋប្បវេណីអាចនឹងទទួលបាន មិនមែនសំណងជាលុយកាក់ទេ។ អង្គជំនុំជម្រះសាលាដំបូងនឹងពិចារណាដល់ប្រយោជន៍ជារួមនៃជនរងគ្រោះទាំងអស់ ទោះជាបានដាក់ ឬមិនបានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ឬពាក្យសុំត្រូវបានទទួលយក ឬត្រូវបដិសេធក៏ដោយ៕