ក្រុមហ៊ុន ម៉ែន សារុន ផលិត​មី​បន្ថែម​ជីវជាតិ​បំប៉ន​សុខភាព

មី​ប្រាជ្ញា ជា​ឈ្មោះ​ថ្មី កំពុង​សហការ​ផលិត នៅ​ក្នុង​ប្រទេស​កម្ពុជា រវាង​ក្រុមហ៊ុន ម៉ែន សារុន ជា​មួយ​អង្គការ​មួយ​ចំនួន និង​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ សណ្ដែក​សៀង​ជាតិ សហរដ្ឋអាមេរិក ។ មី​ប្រាជ្ញា សំបូរ​ជីវជាតិ​បំប៉ន​ព្រោះ​មាន​រសជាតិ​សណ្ដែក​សៀង បាន​ផ្សំ​ក្នុង​សរសៃ​មី ដែល​នាំ​ឲ្យ​អ្នក​ទទួល​ទាន នឹង​ទទួល​បាន​ការ​បំប៉ន​សុខភាព ពិសេស​ជួយ​អ្នក​ខ្វះ​ជីវជាតិ​អាហារ។

ប្រធាន​គ្រប់គ្រង​ទូទៅ នៅ​រោងចក្រ​ម្សៅមី ក្រុមហ៊ុន ម៉ែន សារុន លោក លឹញ ថន ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មិថុនា ឆ្នាំ ២០១១ ថា ក្រុមហ៊ុន ម៉ែន សារុន បាន​ទទួល​ម្សៅ​សណ្ដែក​សៀង​ពី​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ សណ្តែកសៀងជាតិ នៃ​សហរដ្ឋ​អាមេរិក (NSR= National Soy Research Laboratory) និង​អង្គការ​វីស្ស (WISHH= World Initiative for Soy in Human Health) តាម​រយៈ​សហ​ប្រតិបត្តិការ ជាមួយ​អង្គការ​អភិវឌ្ឍន៍ និង​សង្គ្រោះ​អន្តរជាតិ (IRD= Internal Relief & Development) នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០១១ ចំនួន​ជាង ៥ តោន ដើម្បី​ផលិត​ជា​មី​កញ្ចប់។

លោក លោក លឹញ ថន ថ្លែង​ថា មី ក្រុមហ៊ុន ម៉ែន សារុន និង​អង្គការ សហការ​គ្នា​ផលិត​មី បាន​ដាក់​ឈ្មោះ​ថា មី​ប្រាជ្ញា ពី​ព្រោះ​មី​នេះ មាន​លាយ​ជាតិ​សណ្ដែក​សៀង​ក្នុង​សរសៃ​មី សម្រាប់​បំប៉ន​អ្នក​ខ្វះ​ជីវជាតិ​អាហារ នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ ៖ «មី​ប្រាជ្ញា ជា​មី​មួយ ដែល​យើង​ផលិត​ដោយ​មាន​ការ​សហការ​ហ្នឹង។ យើង​បាន​ដាក់​នូវ​សារជាតិ​សណ្ដែក​សៀង ហើយ​នឹង​អិលកូវីឌ (ELCOVIT) ដើម្បី​ជួយ​បំពេញ​នូវ​អាហារូបត្ថម្ភ ដែល​យើង​ហៅ​ថា មីក្រូ​សារជាតិ ហ្នឹង ទៅ​ដល់​ប្រជាជន​យើង​មួយ​ចំនួន។ ជា​ពិសេស អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប ភាគ​ច្រើន​គាត់​ខ្វះ​ខាត​នូវ​អាហារូបត្ថម្ភ»។

របាយការណ៍​បឋម​នៃ​ការ​អង្កេត​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា ផ្សាយ​នៅ​ខែ​មីនា​ឆ្នាំ ២០១១ នេះ បង្ហាញ​ថា កុមារ​ជា​ច្រើន មាន​រាងកាយ​ស្គមស្គាំង​ខ្លាំង នៅ​ចន្លោះ​អាយុ ចាប់​ពី​កើត​រហូត​ដល់​អាយុ​ជិត ៥ ឆ្នាំ គឺ​ច្រើន​ជាង​ការ​អង្កេត​នៅ​ឆ្នាំ ២០០៥។

កង្វះ​អាហារូបត្ថម្ភ ក្នុង​ចំណោម​កុមារ គឺ​ការ​លូតលាស់​មិន​ប្រក្រតី ដូចជា ក្មេង​មាន​កម្ពស់​ទាប​ជាង​អាយុ​របស់​គេ។ កុមារ​កម្ពុជា ក្រោម​អាយុ ៥ ឆ្នាំ​ចំនួន ៤០% មាន​កម្ពស់​ទាប​ជាង​អាយុ​របស់​គេ ហើយ​ពួក​គេ​ចំនួន ១/៣ មាន​ការ​លូតលាស់​ខុស​ធម្មតា។ កុមារ​ចំនួន ១៤% ក្នុង​ចំណោម​កុមារ​កម្ពុជា​ទាំងអស់ មាន​ការ​លូតលាស់​ខុស​ប្រក្រតី​ខ្លាំង។

កង្វះ​អាហារូបត្ថម្ភ នៅ​វ័យ​កុមារ មាន​ផល​ប៉ះពាល់​យូរ​អង្វែង​ដល់​ជីវិត​ទាំង​មូល​របស់​មនុស្ស។ កង្វះ​អាហារូបត្ថម្ភ គឺ​ជា​មូលហេតុ ធំ​បំផុត​តែ​មួយ​គត់ ដែល​អាច​បណ្ដាល​ឲ្យ​កុមារ​ស្លាប់។

ដោយ​ហេតុ​នេះ ការ​ផលិត មី​ប្រាជ្ញា លោក លឹញ ថន អះអាង​ថា សម្បូរ​ទៅ​ដោយ​ជីវជាតិ​បំប៉ន។ លោក​ថា ការ​ផលិត​មី​ប្រាជ្ញា ដែល​មាន​ផ្សំ​នូវ​សារជាតិ​សណ្ដែក​សៀង​នេះ ក្នុង​គោល​បំណង ២ យ៉ាង គឺ​ចង់​ឲ្យ​ពលរដ្ឋ​ក្រីក្រ មាន​ប្រាក់​ចំណូល​ទាប អាច​ទិញ​មី​ប្រាជ្ញា​ទទួល​ទាន​បាន​រាល់​ថ្ងៃ ព្រោះ​មី​ប្រាជ្ញា លក់​តម្លៃ​ថោក ១ កញ្ចប់​តែ ៦០០ រៀល។ ទី​២ មី​ប្រាជ្ញា​នេះ មាន​បញ្ចូល​ជីវជាតិ​បំប៉ន គឺ​អាហារូបត្ថម្ភ សម្រាប់​ឲ្យ​រាងកាយ​លូតលាស់​ទៅ​តាម​អាយុ និង​ទម្ងន់ ៖ «ជា​ពិសេស គឺ​ប្រជាជន ដែល​មាន​ប្រាក់​ចំណូល​ទាប ដើម្បី​ឲ្យ​គាត់​មាន​ឱកាស បាន​ប្រើប្រាស់​នូវ​ផលិតផល ដែល​មាន​បញ្ចូល មីក្រូ​សារជាតិ ដែល​មាន​ប្រយោជន៍​សម្រាប់​ជួយ​ដល់​សុខភាព​របស់​គាត់ ព្រោះ​គាត់​ភាគ​ច្រើន ជា​អ្នក​កង្វះ​នូវ​អាហារូបត្ថម្ភ»។

លោក​ថា ការ​បញ្ចូល​ម្សៅ​សណ្ដែក​សៀង​ទៅ​ក្នុង​សរសៃ​មី មិន​ធ្វើ​ឲ្យ​លំបាក​ដល់​ការ​ផលិត​មី​ទេ តែ​វាបាន​ធ្វើ​ឲ្យ​រស់​ជាតិ​មី ផ្អែម​ជាង​មី​ដែល​ផលិត​ពី​ម្សៅ​ដំឡូង ឬ​ម្សៅ​សាឡី។ លោក​ថា ក្នុង ១ ឆ្នាំង​ម្សៅ​មាន​ទម្ងន់ ២៨០ គីឡូ​ក្រាម បាន​ដាក់​បញ្ចូល​មីក្រូ​សារជាតិ​បំប៉ន ១០០ ក្រាម។ លាយ​ជាមួយ​ម្សៅ​មី​ម្ដង ១០ គីឡូ រួច​មក​ដាក់ អិលកូវីឌ(ELCOVIT) ក្រឡុក​ជាមួយ​ម្សៅ ២៨០ គីឡូ​ក្រាម រួច​បន្ថែម​សណ្ដែក​សៀង ២០ គីឡូ​ក្រាម​ទៀត ទៅ​ក្នុង​ការ​ក្រឡុក​នោះ។

លោក លឹញ ថន ៖ «នៅ​ក្នុង​សណ្ដែក​សៀង និង​ម្សៅ​នៅ​ក្នុង អិលកូវីឌ មាន​សារជាតិ​វីតាមីន​ជា​ច្រើន ដូច​ជា វីតាមីន អេ វីតាមីន ប៊ីវ័ន វីតាមីន ប៊ីធូ (Vit. A, Vit. B1, B2) បារាំង​ថា វីតាមីន​បេឌើ ហ្នឹង ហើយ​វីតាមីន បេឌូ (Vit. 12) ហើយ​ហ្វូលីកអាស៊ីដ (Folic Acid) ហើយ​នឹង​ជាតិ​ដែក ជាតិ​ស័ង្កសី។ សារជាតិ​ទាំង​អស់​នេះ សុទ្ធតែ​មាន​ប្រយោជន៍ និង​សារៈសំខាន់​សម្រាប់​អ្នក​ប្រើប្រាស់ ជា​ពិសេស អ្នក​ដែល​កង្វះ​អាហារូបត្ថម្ភ​ហ្នឹង»។

លោក លឹញ ថន អះអាង​ថា ការ​ផលិត​មី​ប្រាជ្ញា បាន​បញ្ចូល​សណ្ដែក​សៀង​ចំនួន ៨០០ គីឡូ​ក្រាម ទៅ​ក្នុង​សរសៃ​មី អាច​ផលិត​មី​បាន​ចំនួន ៥.០០០ កែស ហើយ​ក្នុង ១ កែស​មាន ៥០ កញ្ចប់។ ក្នុង ១ កញ្ចប់​លក់​តម្លៃ ៦០០ រៀល តម្លៃ​ក្នុង ១ កែស ៥០ កញ្ចប់​នោះ គឺ ៦ ដុល្លារ ៤៨ សេន។

លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​មេសា ក្រុមហ៊ុន ម៉ែន សារុន បាន​ដាក់​លក់ និង​ចែកចាយ​អតិថិជន​ភ្លក់​សាក​ល្បង នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក «មុន​ចូល​ឆ្នាំ​ប្រហែល​ជា​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី ១៤ យើង​បាន​ចូលរួម​តាំង​ពិព័រណ៍​នៅ​ស្តាត។ ពេល​នោះ គឺ​ជា​ថ្ងៃ​ដែល​យើង​បាន​ផលិត​មី​ប្រាជ្ញា​ដំបូង ហើយ​យើង​បាន​យក​ទៅ​ចែក​ចាយ។ យើង​បាន​យក​ទៅ​តាំង​ពិព័រណ៍ ហើយ​យើង​បាន​អញ្ជើញ​អតិថិជន​ឲ្យ​ភ្លក្ស​។ អ៊ីចឹង​ពេល​ដែល​គាត់​បាន​ភ្លក្ស​ទៅ គាត់​ឃើញ​ថា រសជាតិ​មី​ប្រាជ្ញា​ហ្នឹង​ឈ្ងុយឆ្ងាញ់ ហើយ​អ្នក​ដែល​ភ្លក្ស គឺ​គាត់​បាន​ជាវ​យក​ទៅ​ញ៉ាំ​ម្នាក់ ១ កែស ២ កែស »។

លោក​ឲ្យ​ដឹង​ថា ក្រៅ​ពី​យក​មី​ប្រាជ្ញា ទៅ​ដាក់​តាំង​ពិព័រណ៍ ក្រុមហ៊ុន​បាន​ផ្ដល់​ឲ្យ​អតិថិជន ភ្លក្ស​នៅ​តាម​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទទួល​យក​មតិ​រិះគន់​ស្ថាបនា​អំពី​ការ​ផលិត មី​ប្រាជ្ញា ពី​ម្សៅ​សណ្ដែក​សៀង ដើម្បី​ឱ្យ​ការ​ផលិត​លើក​ក្រោយៗ ទៀត កាន់​តែ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​ការ​គាំទ្រ ការ​ទទួល​ទិញ និង​អ្នក​ទទួលទាន​កើន​ឡើង ព្រមទាំង​ជួយ​បង្កើន​អាហារូបត្ថម្ភ ដល់​ពលរដ្ឋ និង​កុមារ ដែល​កំពុង​តែ​ខ្វះ​ជីវជាតិ​អាហារ។ ៖ «ពេល​ដែល​យើង​បន្ថែម​ម្សៅ​សណ្ដែក​សៀង​នេះ​ទៅ រសជាតិ​វា​ឈ្ងុយ»។

លោក​បាន​ឲ្យ​ដឹង​ថា កិច្ច​សហការ​ផលិត មី​ប្រាជ្ញា ពី​សណ្ដែក​សៀង​នេះ ទើប​តែ​បាន​ផលិត​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន បាន​ទទួល​ម្សៅ​សណ្ដែក​សៀង កាល​ពី​ខែ​មីនា និង​ចាប់​ផ្ដើម​ផលិត​ដំបូង​នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ។ លោក​ថា​កិច្ច​សហការ​ផលិត​មី​ប្រាជ្ញា​សំបូរ​ជីវជាតិ​អាហារ​ បំប៉ន​សុខភាព​រវាង​ក្រុមហ៊ុន ម៉ែន សារុន ជាមួយ​នឹង​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ សណ្តែក​សៀងជាតិ សហរដ្ឋ​អាមេរិក (National Soy Research Laboratory=NSR) អង្គការ វីស្ស (WISHH= World Initiative for Soy in Human Health) អង្គការ​អភិវឌ្ឍន៍ និង​សង្គ្រោះ​អន្តរជាតិ (IRD= International Relief & Development) នឹង​បញ្ចប់​នៅ​ខែ​សីហា​ខាង​មុខ ហើយ​ការ​ផលិត​មី​ប្រាជ្ញា​ នឹង​សំរេច​ឲ្យ​បាន ១ លាន​កញ្ចប់​សម្រាប់​លក់​ក្នុង​តម្លៃ​ថោក សម្រាប់​ជួយ​ជន​មាន​ចំណូល​ទាប នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ ដែល​ខ្វះ​ជីវជាតិ​អាហារ។

មី​ប្រាជ្ញា មាន​កញ្ចប់​ពណ៌​បៃតង​ខ្ចី។ នៅ​ពី​ក្រៅ​សំបក​កញ្ចប់ មាន​សរសេរ​ប្រាប់​ពី​កិច្ច​សហការ​រវាង​ក្រុមហ៊ុន ម៉ែន សារុន និង​អង្គការ​នានា និង​ពី​សារធាតុ​បំប៉ន បញ្ចូល​ក្នុង​មី​ប្រាជ្ញា​ផង​ដែរ៕