អ្នក​ភូមិ​នៅ​ស្ទឹងត្រែង​ជាង​៥០០​គ្រួសារ​ដាច់​បាយ

មេ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក សឿង ខង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ថា ប្រជាពលរដ្ឋ​ទាំង​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង លាវ និង​ខ្មែរ នៅ​ក្នុង​ឃុំ​តាឡាត ទាំង​មូល​មាន​ចំនួន​ជាង ៥០០​គ្រួសារ​ហើយ​កំពុង​ដាច់​បាយ មាន​ត្រឹម​បបរ និង​ក្ដួច​ហូប​តែប៉ុណ្ណោះ។

លោក សឿង ខង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មួយ​ឃុំ​តាឡាត​នេះ អត់​មាន​នរណា​សាប​មួយ​ថ្នាល​ទេ ឡើង​ដី​គោក អា​ម្ទេស ត្រប់ ដំណាំ​សិប្បកម្ម ដំណាំ​ដាំ​តាម​ស្រែ តាម​ដំបូក តាម​សួន​ច្បារ​តាម​ចម្ការ​នោះ​វា​ងាប់​ខ្ទេចខ្ទី​រលីង​ហើយ។ ប្រជាជន​ស្បៀង​កាន់​តែ​ស្ដួច​ទៅៗ អស់​រលីង​ហើយ ទាំង​អស់​មួយ​ឃុំ​នេះ​តែម្ដង។ សព្វ​ថ្ងៃ​នេះ​ប្រជាជន​សុទ្ធ​តែ​ជីក​ក្ដួច​គ្រប់​គ្រួសារ គ្រប់​ភូមិ។ ជីក​ក្ដួច​ដើម្បី​ថា​ជួយ​បាយ​អី»

លោក សឿង ខង បាន​បញ្ជាក់​ថា ឆ្នាំ​មុន​ដំណាំ​ស្រូវ​ត្រូវ​លិច​លង់​ខូច​ខាត​អស់ ដោយសារ​ទឹក​ជំនន់​គ្មាន​ស្រូវ​អង្ករ​បម្រុង​ជា​ស្បៀង​សម្រាប់​រដូវ​វស្សា​ឆ្នាំ​នេះ​ទេ ឥឡូវ​ខែ​កក្កដា ជិត​ចូល​ខែ​សីហា ទៅ​ហើយ គ្មាន​ទឹក​ភ្លៀង​អាច​ឲ្យ​សាប​ព្រោះ​ធ្វើ​ស្រែ​បាន​ទៀត។ ចំណែក​ឯ​ដំណាំ​ផ្សេងៗ មាន​ពោត សណ្ដែក ដំឡូង ល្ពៅ ននោង ត្រប់ ជា​ដើម ដែល​ជា​បន្លែ​សម្រាប់​ហូប​ប្រចាំ​ថ្ងៃ ក៏​ត្រូវ​ស្វិត​ងាប់​គ្មាន​សល់​ដែរ។ នេះ​ជា​ស្ថានភាព​អាក្រក់​ដែល​កើត​មាន​ឡើង​គួរ​ឲ្យ​បារម្ភ​បំផុត​សម្រាប់​ប្រជាជន​ក្នុង​ឃុំ​នេះ។

លោក សឿង ខង អំពាវនាវ​ដូច្នេះ ៖ «ជួយ​មក​ឃុំ​ខ្ញុំ​ឲ្យ​បាន​ច្រើន​បន្តិច ឆ្នាំ​នេះ​វា​ដាច់​ស្បៀង​ដោយសារ​ទឹក​ជំនន់ ហើយ​ក៏​ជួប​ការ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​នេះ​ដែរ។ ចំនួន​គ្រួសារ​មាន ៦៧៥​គ្រួសារ ប្រជាកសិករ​សុទ្ធ​សាធ​នៅ​ភូមិ​ឃុំ​នេះ។ អ្នក​ដែល​បាន​បាយ​ហូប​ហ្នឹង​វា​មាន​តែ ១០០​ជាង​គ្រួសារ​ទេ»

តំណាង​សហគមន៍​ភូមិ​ស្វាយរៀង ឃុំ​តាឡាត លោក បៃ ថងញ៉ុត បាន​បញ្ជាក់​ថា រដូវ​វស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ដោយ​កម្រ​នៅ​ទូទាំង​ឃុំ​តាឡាត មិន​អាច​ឲ្យ​មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​បាន​ឡើយ។ ស្ថានភាព​នៅ​ចំពោះ​មុខ មិន​ត្រឹម​តែ​គ្មាន​អង្ករ​ហូប​គ្រប់គ្រាន់​រហូត​ត្រូវ​ដាំ​បបរ​នោះ​ទេ សូម្បី​បន្លែ​ផ្លែ​ឈើ​ព្រៃ និង​ក្ដួច​ជាដើម ក៏​គ្មាន​ផល​សម្រាប់​មនុស្ស​សត្វ​ដែរ។

លោក បៃ ថងញ៉ុត មាន​ប្រសាសន៍​ថា ៖ «ក្ដួច​ហ្នឹង​យក​មក​ស៊ី​ជំនួស​បាយ បាន​ក្ដួច ដំឡូង។ ការ​រាំង​ស្ងួត​អ៊ីចឹង​គឺ​វា​ស្វិត ហើយ​វា​មិន​អាច​ថា បរិបូរ​ទេ។ ខ្វះ​ខាត​បាត់​បង់​ទាំង​អស់ សូម្បី​តែ​ក្ដួច​ក៏​អត់​មាន​មើម​ទេ វា​ក្រៀម​អស់​ហើយ មាន​តែ​លក់​គោ​លក់​ក្របី​តែ​ប៉ុណ្ណឹង។ អ្នក​ខ្លះ​មាន​គោ មាន​ក្របី​ហ្នឹង​អាច​រស់ បើ​អ្នក​ណា​អត់​គោ​អត់​ក្របី គឺ​ដឹង​ថា ហូរ​ទឹក​ភ្នែក​ហើយ មិន​ដឹង​ធ្វើ​ម៉េច​ទេ»

ផ្លែ​ឈើ​ព្រៃ បន្លែ​ផ្សេងៗ និង​មើម​ក្ដួច​ជា​ដើម បាន​ដុះ​ជា​លក្ខណៈ​ធម្មជាតិ មិន​ចាំ​បាច់​មាន​ការ​ថែ​ទាំ​ឡើយ ប៉ុន្តែ​រុក្ខជាតិ​ព្រៃ​ទាំង​នោះ វា​អាច​ដុះ​រីក​លូត​លាស់​បាន​ក៏​អាស្រ័យ​ដោយ​មាន​ទឹក​ភ្លៀង​ដែរ ប៉ុន្តែ​ដោយ​ឆ្នាំ​នេះ មាន​ការ​ប្រែ​ប្រួល​អាកាសធាតុ គ្មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នោះ វា​ជា​ការ​បង្ក​ផល​ប៉ះពាល់​ជា​ទូទៅ ទាំង​ដំណាំ​កសិកម្ម និង​រុក្ខជាតិ​ព្រៃ​ទាំង​នោះ​ផង​ដែរ។

ទោះ​ជា​មាន​ការ​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ​កំពុង​ប្រឈម​មុខ​ទៅ​កង្វះ​ខាត​ស្បៀង​អាហារ​នៅ​ពេល​នេះ​ក្ដី ប៉ុន្តែ​កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​ផ្លូវការ​ថា ស្បៀង​ស្រូវ​អង្ករ​របស់​កម្ពុជា នៅ​សល់​រាប់​លាន​តោន រហូត​បាន​ធ្វើការ​នាំ​ចេញ​ទៀត​ផង។ ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ថា មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ឡើយ៕