ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​បន្ទាយមានជ័យ​​បារម្ភ​​ពី​ការ​បាត់​បង់​ដី

ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​សិទ្ធិ​ស្រប​ច្បាប់​នៅ​លើ​ដី​ធ្លី​ផ្ទះ​សំបែង បន្ទាប់​ពី​អាជ្ញាធរ​អប្សរា​បាន​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​បោះ​បង្គោល​កំណត់​ដែន​អភិរក្ស​​មាន​ចម្ងាយ ១.៥០០​ម៉ែត្រ​នៅ​ជុំវិញ​ប្រាសាទ​បន្ទាយឆ្មារ។

0:00 / 0:00

អ្នក​ភូមិ​ទាំង​នោះ​បាន​សាង​សង​លំនៅឋាន​រឹងមាំ​រស់​នៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ តាំង​ពី​ឆ្នាំ​១៩៨៨ និង​ក្រោយ​ឆ្នាំ​១៩៩៣។

នៅ​មុន​និង​ក្រោយ​ការ​បញ្ចប់​សង្គ្រាម ​មាន​អ្នកភូមិ​ជា​ច្រើន​គ្រួសារ​នាំ​គ្នា​ទៅ​បោះ​ទីតាំង​រស់​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​បន្ទាយឆ្មារ ដែល​ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ បច្ចុប្បន្ន​អតីត​ភូមិ​ភៀស​សឹក​សង្គ្រាម​ទាំង​នោះ​ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​សិទ្ធិ​ស្រប​ច្បាប់​ កាន់​កាប់​លើ​ដី​លំនៅឋាន។

អ្នក​ភូមិ​បន្ទាយឆ្មារ​លិច ឈ្មោះ​ ហឿង លក្ខណា ​អាយុ ៤២​ឆ្នាំ​ បាន​ថ្លែង​ថា ការ​កំណត់​ដែន​អភិរក្ស​នៅ​ជុំវិញ​ប្រាសាទ​បន្ទាយឆ្មារ បាន​ឲ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ។ អ្នក​ភូមិ​រង​ការ​ប៉ះពាល់​ជាមួយ​អាជ្ញាធរ​អប្សរា ក្នុង​នោះ​មាន​នៅ​ភូមិ​បន្ទាយឆ្មារ​ខាង​លិច បន្ទាយ​ខាង​ត្បូង ភូមិ​បន្ទាយឆ្មារ​​ខាង​ជើង​ និង​ភូមិ​ស្រះជ្រៃ។

អ្នក​ភូមិ​ឈ្មោះ​ ហឿង លក្ខណា៖ «ឆ្នាំ​១៩៩៣ ចូល​មក​នៅ​​ភូមិ​បន្ទាយឆ្មារ គេ​បាន​នៅ​ចាស់​ហើយ ភូមិ​ក្បាល​ទន្សោង មាន​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​ចូល​មក​ផង ហើយ​មក​ពី​ជំរំសាយធូ ក៏​ចូល​មក។ អ្នក​ដែល​ចូល​មក​នៅ​រួម​គ្នា ​បង​ប្អូន​យើង​រត់​ទៅ​តាម​ភូមិ​ដទៃ ​ដូច​ជា​ថ្មពួក ​កណ្ដុរ​ទ្រយឹង ភូមិ​ថ្មី ​គោកស្វាយ អន្លង់ជ្រៃ ជុំវិញ​ស្រុក​យើង​ចូល​មក​នៅ​តាំង​ពី​ឆ្នាំ​១៩៨៨ ​យើង​ក្រីក្រ​អត់​មាន​អី​ផង ចេះ​តែ​នាំ​គ្នា​នៅ​ពេញ​នេះ​ឯង»

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​អប្សរា កាល​ពី​អំឡុង​ឆ្នាំ​២០០៤ ​និង​ ២០០៥​ បាន​ទៅ​បោះ​បង្គោល​កំណត់​ដែន​អភិរក្ស​ចម្ងាយ ២០០​ម៉ែត្រ​​ជុំវិញ​ប្រាសាទ​បន្ទាយឆ្មារ។ លុះ​ដល់​ឆ្នាំ​២០០៨ អាជ្ញាធរ​អប្សរា​បាន​បញ្ជូន​ក្រុម​ការងារ​ទៅ​បោះ​បង្គោល​កំណត់​ដែន​អភិរក្ស​ម្ដង​ទៀត មាន​ចម្ងាយ ១.៥០០​ម៉ែត្រ​នៅ​ជុំវិញ​ប្រាសាទ​បន្ទាយឆ្មារ។

លោក ឌី សុភណ្ឌ មេ​ភូមិ​បន្ទាយឆ្មារ​ខាង​លិច ​បាន​ថ្លែង​ថា ភូមិ​ចំនួន ៤ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ព្រះរាជក្រឹត្យ​បន្ទាយឆ្មារ។ ក្នុង​នោះ​មាន​ភូមិ​ស្រះជ្រៃ ភូមិ​បន្ទាយឆ្មារ​ខាង​ត្បូង ​ភូមិ​បន្ទាយ​ឆ្មា​ខាង​ជើង និង​ភូមិ​បន្ទាយឆ្មារ​ខាង​លិច៖ «ដី​អប្សរា​មាន ៤​ភូមិ​ជុំវិញ​នេះ​ ប្រាសាទ​ស្រះ​ជ្រៃ ​បន្ទាយឆ្មារ​ត្បូង ​បន្ទាយឆ្មារ​ខាង​ជើង​ និង​បន្ទាយឆ្មារ​ខាង​លិច គេ​មាន​បង្គោល​ឡាក់ គេ​ចេញ ១.៥០០​ម៉ែត្រ​ជុំវិញ​ប្រាសាទ។ សួរ​ថ្នាក់​លើ ពេល​គាត់​មក ​គាត់​ថា គេ​ឲ្យ​យើង​នៅ​គ្រាន់​តែ​យើង​អត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​ហ្នឹង។ ប្រជាពលរដ្ឋ​ទាំង​អស់​គាត់​ចេះ​តែ​ព្រួយ​បារម្ភ​ដែរ មិន​ដឹង​ថា ​ថ្ងៃ​ណា​មួយ​គាត់​ដេញ​យើង​ ចេញ​ពី​កន្លែង​គេ»

ក្រុម​អាជ្ញាធរ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ទី​នោះ​​សាងសង់​សំណង់​ធំៗ និង​ផ្ទះ​ល្វែង​នៅ​​តាម​លំនៅឋាន​ដែល​ពួកគាត់​កំពុង​រស់​នៅ​នោះ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្តី​ក្រុម​អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ចង់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់៖ «តាម​មតិ​បង​ប្អូន​យើង ចង់​បាន​ប្លង់​កាន់​កាន់​កាប់ ព្រោះ​ដី​ស្ថិត​នៅ​ក្នុង​ដៃ​អាជ្ញាធរ​អប្សរា​ គឺ​ប្រភេទ​ដី​ឯកជន​របស់​រដ្ឋ រដ្ឋ​មាន​សិទ្ធិ​ដេញ​ចេញ​ថ្ងៃ​ណា​​ក៏​បាន​ដែរ ព្រោះ​មិន​មែន​ជា​ដី​ឯកជន​របស់​ពលរដ្ឋ និយាយ​រួម​យើង​ចង់​បាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្រប​ច្បាប់។ ម្ចាស់​ដី​ចង់​បាន​ប្លង់​រឹង​មក​កាន់​ដូច​គេ»

មេឃុំ​បន្ទាយឆ្មារ លោក វ៉ែន សំអូន បាន​ថ្លែង​ថា ​ប្រជាពលរដ្ឋ ៤​ភូមិ​មាន​ជាង ១​ពាន់​គ្រួសារ​ មិន​អាច​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​នៅ​លើ​ដី​នោះ​បាន​ទេ​ ដោយសារ​ដី​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ​ប៉ុន្តែ​ពួកគាត់​អាច​រស់​នៅ​ស្នាក់​អាស្រ័យ​បាន៖ «ប្រជាពលរដ្ឋ​ទាំង​អស់ (៤​ភូមិ) មាន​១.២០០​គ្រួសារ​ហ្នឹង មាន​ព្រះរាជក្រឹត្យ ​ស្ទើរ​ទាំង​អស់។ អ្នក​អត់​នៅ​មួយ​ផ្នែក ​ស្រះជ្រៃ​ផ្លូវ​ឡើង​ប្រហែល​ជា ៤០​គ្រួសារ ​ពួកគាត់​មិន​អាច​មាន​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន​ហ្នឹង​បាន​ទេ»

ក្រុម​អ្នក​ភូមិ​ចង់​បាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅ​លើ​ដី​លំនៅឋាន​ដែល​ពួក​គាត់​កំពុង​រស់​នៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ទន្ទឹម​គ្នា​នេះ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​ថា ​ទៅ​ថ្ងៃ​មុខ​អ្នកភូមិ​ទាំងនោះ​នឹង​អាច​មាន​បញ្ហា​ប្រឈម​ជាមួយ​អាជ្ញាធរ​ បើ​សិន​អាជ្ញាធរ​អប្សរា​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បន្ទាយឆ្មារ​ ហើយ​បណ្ដេញ​ពួក​គាត់​ចេញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។