សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​ឃុំ​ក្មេង​ស្រី​វិកលចរិត​ដោយ​គ្មាន​មូលហេតុ

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​សៀមរាប កំពុង​ទាក់ទង​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ ដើម្បី​ឱ្យ​តាម​រក​ក្មេង​ស្រី​វិកល​ចរិត​ម្នាក់​ដែល​ដើរ​វង្វេង​បាត់​ពី​ផ្ទះ ហើយ​ក្រុម​គ្រួសារ​​បាន​អះអាង​ថា កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​ច្រើន​ខែ​មក​ហើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ភូមិ​ព្រៃវែង នៃ​ឃុំ​សំរោងយា ស្រុក​ពួក បាន​មក​កាន់​​​​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ ដើម្បី​​សុំ​ឱ្យ​អង្គការ​នេះ​ជួយ​ជ្រោមជ្រែង​​ផ្នែក​ផ្លូវ​ច្បាប់​យ៉ាង​ណា​ឱ្យ​ពន្ធនាគារ​ខេត្ត​​ប៉ៃលិន បាន​ដោះលែង​កូន​ស្រី​របស់​គាត់​ម្នាក់​ដែល​​វិកល​ចរិត បាន​​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។

អ្នកស្រី ប៉ែត ប៉ម អាយុ ៥៧​ឆ្នាំ ត្រូវ​ជា​ម្ដាយ​របស់​ក្មេង​ស្រី​ដែល​មាន​ស្មារតី​មិន​គ្រប់​គ្រាន់​នោះ។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កុម្ភៈ ថា កូន​ស្រី​របស់​គាត់​​ឈ្មោះ សឿន ស៊ីណាត អាយុ ២០​ឆ្នាំ មាន​ជំងឺ​វិកលចរិត បាន​ជិះកង់​​វង្វេង​បាត់​ពី​ផ្ទះ​តាំង​តែ​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១២។ ក្រោយ​ពី​បាត់ គឺ​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​​ប៉ូលិស​​ស្រុក​ពួក​ឱ្យ​ជួយ​តាម​រក ក៏​ប៉ុន្តែ​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក​គាត់​បាន​ទទួល​ដំណឹង​ពី​ប៉ូលិស​ស្រុក​ពួក ថា​កូន​ស្រី​របស់​គាត់​ត្រូវ​ប៉ូលិស​ខេត្ត​​ប៉ៃលិន ​ប្រទះ​ឃើញ និង​​​ឃាត់​ទុក។

ស្រី​ដដែល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​គាត់​ដឹង​ថា កូន​ស្រី​ត្រូវ​ប៉ូលិស​ខេត្ត​ប៉ៃលិន ឃាត់​ទុក​នោះ គឺ​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ម្នាក់ បាន​ទូរស័ព្ទ​ហៅ​​​គាត់​ឱ្យ​ប្រញាប់​ទៅ​ទទួល​យក​កូន ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទៅ​ដល់ គឺ​មន្ត្រី​​​​ប៉ូលិស​នៅ​ខេត្ត​ប៉ៃលិន មិន​អនុញ្ញាត​ឱ្យ​គាត់​បាន​ជួប​កូន​ទេ ធ្វើ​ឱ្យ​គាត់​បង្ខំ​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក្រោយ​មក​ប៉ូលិស​បាន​យក​កូន​ស្រី​វិកល​ចរិត​ របស់​គាត់​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ រហូត​មក​ដល់​ពេល​នេះ​ជាង ៧​ខែ​ហើយ។

អ្នកស្រី ប៉ែត ប៉ម បាន​បញ្ជាក់​ថា ការ​​យក​កូន​ស្រី​របស់​គាត់​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នោះ ហាក់​ដូច​ជា​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ទេ៖ «ប៉ូលិស​នៅ​ប៉ៃលិន ក៏​ទូរស័ព្ទ​ហៅ​ខ្ញុំ ២-​៣​ដង​ថា ឆាប់​ទៅ​យក បើ​មិន​ទៅ​យក​ទេ ពន្លែង​កូន​ចោល​ហើយ។ ក៏​ខ្ញុំ​រក​ឡាន​ពី​នេះ (សៀមរាប) ម៉ោង ៤ ហើយ ពេល​ខ្ញុំ​ទៅ​យក​គាត់​ថា អ៊ំ​ឯង​ទៅ​ដេក​ផ្ទះ​សំណាក់​សិន​ទៅ ចាំ​ខ្ញុំ​និយាយ​ត្រូវ​នឹង​អ៊ំ​ឯង នោះ​ខ្ញុំ​យក​កូន​មក​ដាក់​ឡាន​ឱ្យ អត់​ឱ្យ​កូន​ខ្ញុំ​មក គឺ​ខ្ញុំ​ក៏​មក​ផ្ទះ​វិញ​ទៅ។ ខ្ញុំ​ក៏​ប្រាប់​ថា នៅ​ត្រង់​ណា​ក៏​នៅ​ទៅ ក៏​ប៉ុន្តែ​កុំ​ឱ្យ​បាត់​កូន​ខ្ញុំ ចាំ​ថ្ងៃ​ណា​ខ្ញុំ​មក​អើត​កូន​ខ្ញុំ​ទៀត។ ៨​ខែ​ហើយ​មិន​ឃើញ​ផ្ដល់​ដំណឹង​ឱ្យ​ខ្ញុំ​សោះ»

ស្ត្រី​ជា​ម្ដាយ​បាន​បញ្ជាក់​ថា កូន​ស្រី​របស់​គាត់​មាន​បញ្ហា​វង្វេង​ស្មារតី​តាំង​តែ​ពី​អាយុ ១៤​ឆ្នាំ​មក​ម្ល៉េះ ហើយ​ធ្លាប់​វង្វេង​ដើរ​បាត់​ពី​ផ្ទះ​ជា​ច្រើន​លើក​មក​ហើយ ដោយ​ធ្លាប់​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ចាម ក៏​មាន។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​​ខេត្ត​ប៉ៃលិន ដែល​ជាប់​ពាក់ព័ន្ធ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ។

ចំណែក​លោក នូវ ធឿង ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បាន​ឆ្លើយ​តប​​​យ៉ាង​ខ្លី​ថា លោក​មិន​ បាន​ដឹង​រឿង​នោះ​ទេ ទាល់​តែ​លោក​ឆែក​ទៅ​ផ្នែក​សំណុំ​រឿង​ជា​មុន​សិន ទើប​អាច​អធិប្បាយ​បញ្ហា​នោះ​បាន។

លោក នូ ពុទ្ធិ ជា​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា កាល​ពី​បី​​ថ្ងៃ​​មុន ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​នោះ​បាន​ទៅ​កាន់​ការិយាល័យ​របស់​លោក ដើម្បី​​សុំ​ឱ្យ​ជួយ​ដោះ​កូន​ចេញ​ពី​ពន្ធនាគារ​នៅ​ប៉ៃលិន។

លោក នូ ពុទ្ធិ៖ «គាត់​មក​រ៉ាយរ៉ាប់​រឿង​ហ្នឹង​ថា តើ​លីកាដូ អាច​ជួយ​អី​គាត់​បាន? ហើយ​លីកាដូ ប្រាប់​គាត់​វិញ​ថា ដោយសារ​យើង​អត់​មាន​ទីស្នាក់ការ​នៅ​ខាង​ខេត្ត​នោះ​ទេ ខ្ញុំ​ក៏​គិត​ឃើញ​អាដហុក ហើយ​ក៏​ទាក់ទង​ទៅ​អាដហុក យើង​ចង់​ឱ្យ​អាដហុក ជួយ​នៅ​កន្លែង​ហ្នឹង»

កញ្ញា ប្រាក់ សុភីម៉ា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា កញ្ញា​បាន​ត្រឹមតែ​ដឹង​ថា ឈ្មោះ​ក្មេង​ស្រី​នោះ​គឺ​មាន​នៅ​ក្នុង​ពន្ធនាគារ​មែន ក៏​ប៉ុន្តែ​អង្គការ​អាដហុក នៅ​មិន​ទាន់​អាច​ចូល​ពិនិត្យ​បាន​​ទេ ដោយសារ​តែ​ការ​ចេញ​​​ចូល​ពន្ធនាគារ​គឺ​តម្រូវ​ឱ្យ​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ជា​មុន​សិន ហើយ​លិខិត​អនុញ្ញាត​នោះ គឺ​ស្នាក់ការ​កណ្ដាល​​​នៅ​ឯ​ទីក្រុង​ភ្នំពេញ កំពុង​ទាក់ទង​ធ្វើ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។