អ្នក​ភូមិ​​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង​​ជួប​បញ្ហា​សុខភាព

ក្នុង​ចំណោម​ឃុំ​៥ មាន​ភូមិ​៣២ នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេ​សេសាន​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ កំពុង​កើត​មាន​ជំងឺ​រាករូស​និង​រមាស់​ស្ទើរ​គ្រប់​ភូមិ ចំណែក​ឯ​សត្វ​គោ ក្របី ជ្រូក មាន់​ទា​បាន​ឈឺ​ងាប់​ជា​បន្ត​បន្ទាប់​ដែរ។

0:00 / 0:00

ការ​កើត​មាន​ជំងឺ​ទាំង​មនុស្ស​និង​សត្វ​នេះ បណ្តាល​មក​ពី​ទឹក​ទន្លេ​សេសាន​ដែល​គេ​សន្និដ្ឋាន​ថា​មាន​មេរោគ។

ភូមិ​តាឡាត ឃុំ​តាឡាត ស្រុក​សេសាន ជាប់​នឹង​ដង​ទន្លេ​សេសាន ចម្ងាយ​ប្រមាណ​១៦០​គីឡូម៉ែត្រ​ពី​ខេត្ត​ស្ទឹងត្រែង កំពុង​កើត​មាន​ជំងឺ​រមាស់​លើ​ស្បែក រាករូស មួល​ឈាម​និង​ក្អួត​ទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់។ គ្រួសារ​ខ្លះ​បើ​មិន​កើត​រមាស់​គឺ​កើត​ជំងឺ​រាក​មួល​ឈាម ក្នុង​មួយ​ផ្ទះៗ​មាន​អ្នក​ឈឺ​រហូត​ដល់​ទៅ​៣​ឬ​៤​នាក់។

អ្នក​ភូមិ​តាឡាត បាន​កើត​ជំងឺ​រាករូស​នេះ​បន្ទាប់​ពី​អ្នក​ភូមិ​ស្វាយរៀង ភូមិ​បានម៉ៃ ដែល​កើត​មាន​មុន​កាល​ពី​ខែ​មករា។

ប្រធាន​សហគមន៍​គ្រប់គ្រង​ធនធាន​ទឹក​ភូមិ​តាឡាត លោក លន់ ធឹង មាន​ប្រសាសន៍​ថា អ្នក​ភូមិ​តាឡាត​កំពុង​កើត​មាន​ជំងឺ​រាករូស​ធ្ងន់ធ្ងរ​និង​មាន​ខ្លះ​ទៀត​រាក​ផង​ក្អួត​ផង ចំណែក​ឯ​សត្វ​មាន់​ទា​ងាប់​ស្ទើរ​អស់​ពី​ភូមិ​ទៅ​ហើយ សូម្បី​រូប​លោក​ផ្ទាល់​និង​សមាជិក​ក្នុង​គ្រួសារ​ក៏​កើត​ជំងឺ​រាក​មួល​សម្បោរ​និង​ឈាម​ដែរ។ លោក​បន្ត​ថា ក្នុង​ភូមិ​នេះ​មាន​អ្នក​ឈឺ​រាករូស​និង​រមាស់​ប្រមាណ​៩០%។

លោក លន់ ធឹង មាន​ប្រសាសន៍​ដូច្នេះ ៖ «មុន​ដំបូង​ខ្ញុំ​ទៅ​ពេទ្យ ខ្ញុំ​ឈឺ​ពីរ​យប់​ពីរ​ថ្ងៃ​ហើយ ខ្ញុំ​ស្មាន​ថា​នៅ​ផ្ទះ​គេ​អត់​ឈឺ ដល់​មក​ដល់​ផ្ទះ​គេ​ឈឺ​ដែរ មិន​ដឹង​ជា​គេ​ប៉ុន្មាន​ថ្ងៃ។ ឈឺ​ខ្ញុំ​ប្ដី​ប្រពន្ធ ចៅ​និង​ម៉ែ​វា​ម្នាក់ និង​កូន​ប្រុស​ទៀត ទាំង​អស់​៥​នាក់។ កើត​រមាស់​រាករូស​ដូចគ្នា​ទាំង​អស់ រាក​សម្បោរ មួល​ឈាម។ ឈឺ​ហ្នឹង​សឹង​គ្រប់​ផ្ទះ​ទូទាំង​ភូមិ ដូច​ថា ៣០​នាក់​មាន​១០%​ទេ​ដែល​អត់​មាន»

លោក សៃ សាន់ មេ​ភូមិ​តាឡាត មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​មាន​អ្នក​ឈឺ​ច្រើន គ្រួសារ​ខ្លះ​ឈឺ​ម្តង​៣​ទៅ​៤​នាក់ ហើយ​រហូត​ដល់​ឥឡូវ​នេះ​ជំងឺ​រាតត្បាត​អ្នក​ភូមិ​មិន​ទាន់​បាន​ថមថយ​ទេ តែ​កំពុង​កើត​មាន​ទៅ​លើ​អ្នក​ភូមិ​ជា​ច្រើន​ទៀត សូម្បី​រូប​លោក​ក៏​ទើប​តែ​នឹង​ដោះ​សេរ៉ូម​នៅ​ថ្ងៃ​នេះ​ដែរ បន្ទាប់​ពី​រាក​មួល​មក​នោះ។

លោក សៃ សាន់ ឲ្យ​ដឹង​ថា ៖ «សព្វថ្ងៃ​មាន់​ងាប់​រតាយ​អស់​ឡើង​ស្ងាត់​ភូមិ គោ​ក្របី​តាំង​ពី​ខែ​កក្ដិក​មក ខែ​១២​មក​ទល់​ខែ​២​នេះ គឺ​ងាប់​... គោ​៣​ក្បាល។ មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ឈឺ​ងាប់ ហៀរ​សម្បោរ ហើម​ពោះ​គ្រប់​ប្រភេទ។ ជំងឺ​ឈឺ​ជើង​គឺ​វា​យូរ ដល់​ជំងឺ​ហើម​ពោះ​និង​ហៀរ​ទឹក​មាត់​វា​ឆាប់ ងាប់​លឿន​ណាស់»

ស្រី្ត​ឈ្មោះ កិ ចាន់ទី អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​តាឡាត និយាយ​ថា ចាប់​តាំង​ពី​ត្រឡប់​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ក្រោយ​ពេល​ប្រមូល​ផល​រួច​ក្នុង​អំឡុង​ខែ​ធ្នូ ឃើញ​ថា អ្នក​ភូមិ​ទាំង​អស់​គ្នា​ឈឺ​ច្រើន​ណាស់។ ភាគ​ច្រើន​ក្មេងៗ​ឈឺ​រាករូស​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​ចាស់ ហើយ​កូន​របស់​ខ្លួន​ម្នាក់​អាយុ​៤​ឆ្នាំ​ឈឺ​រាក​តែមួយ​យប់​សោះ​ត្រូវ​ស្រក​សាច់​រូង​ភ្នែក​អស់។ ជំងឺ​រាក​នេះ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ មិន​មែន​ម្តងម្កាល​ហើយ​ធម្មតា​ទេ ភាគ​ច្រើន​រាក​ហើយ​មួល​ឈាម​ទៀត​ផង ៖ «ឈឺ​គ្រុន​ពោះវៀន រាក ក្អួត ជា​ពីរ​ថ្ងៃ​ឈឺ​ទៀត។ ថ្នាំ​ពេទ្យ​លេប​រហូត គ្រុន​តែ​មួយ​យប់​ទល់​ភ្លឺ​មុខ​ខូង​ស្លក់»

ស្រ្តី​ឈ្មោះ ស៊ុក ព្រលឹត និយាយ​ថា ក្នុង​ខែ​កុម្ភៈ​នេះ អ្នក​ភូមិ​ជា​ច្រើន​នាក់​មាន​ជំងឺ​រាក​មួល​ឈាម​និង​ក្អួត​ផង​នោះ បណ្តាល​មក​ពី​ផឹក​ទឹក​ទន្លេ ហើយ​ក្មេងៗ​ជា​ច្រើន​បាន​ចុះ​ទៅ​ងូត​ទឹក​ទន្លេ​នោះ។ ស្រ្តី​រូប​នេះ​បន្ត​ថា បញ្ហា​របស់​អ្នក​ភូមិ​យើង​ទាំង​អស់​គ្នា​ដូច​ឃើញ​ស្រាប់​ហើយ មក​ពី​គេ​បិទ​ទំនប់​ទន្លេ​រីង​គោក ហើយ​បើ​គេ​បើក​ទឹក​ឡើង​មក​វិញ​វា​មាន​ពណ៌​ក្រហម។

អ្នកស្រី ស៊ុក ព្រលឹត ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​បិទ​ទំនប់​អ៊ីចឹង ប្រជាជន​រាករូស​ដោយសារ​គេ​បិទ​ទំនប់... មិន​ដឹង​កើត​មេរោគ​អី ខ្ញុំ​ក៏​មិន​ដឹង​ដែរ»

ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ សារឿន ស្រីវ៉ៃ បាន​រៀប​រាប់​បែប​នេះ​ដែរ​ថា ៖ «ម៉ែ​ខ្ញុំ​ក៏​រាក ប្ដី​ខ្ញុំ​ក៏​រាក កូន​ខ្ញុំ​ក៏​រាក​ទាំង​អស់​មួយ​ផ្ទះ។ ហើម​ពោះ អស់​ពី​ហើម​ពោះ​រាក​មួល​ឈាម។ កូន​នៅ​ក្ដៅ​នៅ​ឡើយ ចេញ​ពង​បែក មុន​ដំបូង​រមាស់ៗ អស់​ពី​រមាស់​ទៅ​ជា​ដំបៅ។ ប្រហែល​មក​ពី​ទឹក​មិន​ដឹង...»

មេ​ភូមិ​តាឡាត បាន​រៀបរាប់​ទៀត​ថា អ្នក​ភូមិ​តិចតួច​ណាស់​ដែល​បាន​ផឹក​ទឹក​ដាំ ប៉ុន្តែ​ភាគ​ច្រើន​នៅ​តែ​ផឹក​ទឹក​ឆៅ ហើយ​បើ​ទោះ​បី​ងូត​ទឹក​ទន្លេ​ត្រូវ​រមាស់ ក៏​ពួកគាត់​គ្មាន​ជម្រើស​ណា​ផ្សេង​ដែរ។ ទឹក​ទន្លេ​ក្រហម​ល្អក់​ដូច្នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​ជីក​អណ្តូង​នៅ​មាត់​ច្រាំង​ទន្លេ ឬ​ក៏​អណ្តូង​ខ្សាច់​នៅ​បាត​ទន្លេ​តែម្តង​ដើម្បី​យក​ទឹក​ប្រើ។

ភូមិ​តាឡាត​មាន​អណ្តូង​ទឹក​ស្អាត​ចំនួន​២ ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ប្រើ​ទឹក​អណ្តូង​ស្នប់​នេះ​ទេ ដោយសារ​ថា ទឹក​មាន​ជាតិ​កំបោរ​ច្រើន​ពេក។ ភូមិ​តាឡាត មិន​មាន​មណ្ឌល​សុខភាព​នោះ​ទេ នៅ​ពេល​ឈឺ​អ្នក​ភូមិ​ត្រូវ​ឡើង​ទៅ​ទិញ​ថ្នាំ​ពី​ស្រុក​វ៉ឺនសៃ ខេត្ត​រនគិរី យក​មក​លេប ឬ​ក៏​នាំ​ពេទ្យ​ឯកជន​មក​ព្យាបាល​ដល់​ភូមិ​តែម្តង។

ភូមិ​តាឡាត​មាន​ប្រជាពលរដ្ឋ​ចំនួន​៩១​គ្រួសារ។ ពួកគាត់​ធ្វើ​ស្រែ​ចម្ការ​ហើយ​បាន​ប្រើប្រាស់​ទឹក​ទន្លេ​សេសាន​ជា​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​មនុស្ស​ជា​ច្រើន​កំពុង​ឈឺ ភូមិ​នេះ​មាន​ក្របី​ចំនួន​៧​ក្បាល​និង​គោ​៤​ក្បាល​បាន​ងាប់ និង​មាន់​ទា​រាប់​ពាន់​ក្បាល​ផ្សេង​ទៀត។

ក្នុង​ស្ថានភាព​ដែល​កំពុង​តែ​មាន​ជំងឺ​ច្រើន​នេះ អ្នក​ភូមិ​តាឡាត​បាន​អំពាវនាវ​ថា សូម​ឲ្យ​មាន​គ្រូពេទ្យ​ចុះ​មក​ជួយ​ព្យាបាល​ដល់​អ្នក​ភូមិ​ផង។

លោក ហូយ វណ្ណារ៉ា អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី ធ្លាប់​បាន​អំពាវនាវ​ដែរ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ផឹក​ទឹក​ដែល​ដាំ​ពុះ ព្រោះ​ទឹក​ទន្លេ​មាន​មេរោគ​ឈ្មោះ​អឺកូលី ដែល​បណ្តាល​ឲ្យ​រាករូស​និង​មាន​មេរោគ​ផ្សេង​ទៀត​ជា​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​សារធាតុ​រ៉ែ​ឈ្មោះ​ធឺប៊ីឌីធី ដែល​បង្ក​ឲ្យ​កើត​ជំងឺ​រមាស់​ទៀត​ផង។

លោក​អភិបាល​ស្រុក​សេសាន ប៊ូ កែវសុវណ្ណ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​មិន​ទាន់​មាន​ធុង​ចម្រោះ​ទឹក​ស្អាត​ប្រើ​នៅ​ឡើយ។

ក្នុង​ពេល​ដែល​មាន​ជំងឺ​រាករូស​និង​កើត​ជំងឺ​រមាស់ ហើយ​គោ​ក្របី​ងាប់​ជា​បន្ត​បន្ទាប់​នោះ មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អជ្ញាធរ​ដើម្បី​ចុះ​ទៅ​ជួយ​ពិនិត្យ​ព្យាបាល​អ្នក​ភូមិ​នៅ​តាម​ដង​ទន្លេ​ទាំង​នោះ​នៅ​ឡើយ​ទេ៕