កសិករភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លោក ចាន់ ណា មានប្រសាសន៍ថា កសិករកំពុងតែត្រូវការប្រេងចាក់ម៉ាស៊ីនភ្ជួរដីដាំដុះក្នុងរដូវវស្សា។ ប្រេងបានឡើងថ្លៃ១ថ្ងៃ៥០រៀល តែក្នុង១ខែឡើងពីជាង២០០០ទៅដល់ជាង៣០០០រៀលក្នុង១លីត្រ។
ប្រជាជនទីក្រុងសៀមរាប លោក ស៊ុន ណាឫទ្ធិ មានយោបល់ក្នុងបញ្ហាសាំងឡើងថ្លៃនេះដែរថា ៖ «សាំងវាមានតែថ្លៃ ក៏ប៉ុន្តែក្រោយមកឃើញឡើងតម្លៃប្រហែល១លីត្រ១០០(រៀល)»។
ចំណែកអ្នកស្រី ប៉ែន រី នៅភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អះអាងថា ប្រេងសាំងនៅទីនោះលក់តែ៣២០០រៀលក្នុង១លីត្រ។ គាត់ថាប្រេងមិនឡើងថ្លៃទេ បើប្រៀបធៀបមុនបោះឆ្នោតជាតិប្រេងឡើងថ្លៃជិត៦០០០រៀលឯណោះ។
លោក សម្បត្តិ នៅភ្នំពេញឲ្យយោបល់ថា ថ្នាក់ដឹកនាំជិះឡានមិនដែលចាក់សាំងចេញលុយផ្ទាល់ខ្លួន មិនដឹងសាំងឡើងថ្លៃឡើយ ៖ «គេចុះតាមសម្ដីរបស់សម្ដេចដែរ ក៏ប៉ុន្តែដល់ពេលនេះមកវាលោតឡើងបន្តិចៗ»។
ចំណែក លោក វីរៈ នៅភ្នំពេញ អះអាងថា ប្រសាសន៍នាយករដ្ឋមន្រ្តីបញ្ជាឈ្មួញឲ្យចុះថ្លៃសាំងមានប្រសិទ្ធភាពតែ១ទៅ២ខែប៉ុណ្ណោះ ៖ «សាំងនៅលើពិភពលោកឃើញដូចអត់មានឡើងថ្លៃផង»។
អ្នកលក់ដុំបន្តលក់ប្រេងរបស់ក្រុមហ៊ុនតូតាល់ឈ្មោះ ចែម សម្បត្តិ នៅខណ្ឌឫស្សីកែវនិងនៅកំពង់ថ្ម ខេត្តកំពង់ធំ លោក ម៉ក់ សុខន មានប្រសាសន៍ថា តម្លៃប្រេងបានចុះថ្លៃតែ៣ខែប៉ុណ្ណោះក្រោមការសុំពីនាយករដ្ឋមន្រ្តីហើយបានឡើងថ្លៃវិញមកដល់ពេលនេះ។
តំណាងក្រុមហ៊ុនតូតាល់បានពន្យល់ថាបានជាប្រេងរបស់ក្រុមហ៊ុននេះថ្លៃជាងក្រុមហ៊ុនដទៃ មកពីថាមពលចំហេះខ្លាំងនិងគ្រប់ចំណុះលីត្រ។
លោក ចែម សម្បត្តិ បានបញ្ជាក់ថា ៖ «ត្រូវឡើងថ្លៃអីគឺគេតេពីភ្នំពេញមកក្រុមហ៊ុនធំ គេប្រាប់ឲ្យលក់តម្លៃប៉ុណ្ណេះៗ ឯកភាពគ្នា»។
ចំណែកអ្នកលក់បន្តប្រេងរបស់ក្រុមហ៊ុនស៊ូគីម៉ិចនៅចោមចៅ ជាយក្រុងភ្នំពេញ លោក លឹម កែន និងភរិយា មានប្រសាសន៍ថា ជាក្រុមហ៊ុនក្នុងស្រុកការលក់ចេញប្រេងសាំងថោកជាងក្រុមហ៊ុនបរទេស១០០រៀលក្នុង១លីត្រ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំយោបល់ពីតំណាងក្រុមហ៊ុនដទៃទៀតបានទេនៅថ្ងៃនេះ។
តាមរបាយការណ៍របស់ OPEC បានឲ្យដឹងកាលពីថ្ងៃទី៨ ខែឧសភា ថា ប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានតម្លៃ៥៦,៣៥ដុល្លារក្នុងមួយធុង គឺឡើងពី៥៦,០៥ដុល្លារក្នុងមួយធុងកាលពីថ្ងៃទី៧ ឧសភា។
រីឯតម្លៃប្រេងសាំងក្នុងទីក្រុងភ្នំពេញលក់ក្នុងថ្ងៃនេះ ក្រុមហ៊ុនបរទេសកាល់តិចនិងតូតាល់ ប្រេងសាំងស៊ូពែរ ១លីត្រ ៣៥៥០រៀល ប្រេងសាំងធម្មតា ១លីត្រ ៣៤៥០រៀល និងប្រេងម៉ាស៊ូត ១លីត្រ ៣០៥០រៀល។
ឯក្រុមហ៊ុនតេឡានិងស៊ូគីម៉ិចដែលអ្នកចាក់សាំងគិតថាជាក្រុមហ៊ុនវិនិយោគរបស់រដ្ឋនោះ តម្លៃមិនសូវខុសគ្នាឡើយ។ សាំងស៊ូពែរតម្លៃ៣៥០០រៀល សាំងធម្មតា៣៤០០រៀល និងប្រេងម៉ាស៊ូត៣០០០រៀល ក្នុង១លីត្រ៕