លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «មានអាបុរសម្នាក់តាំងខ្លួនជាបិតា ២ធ្នូ បិតា ៧មករា វាថាឯងកូនទាហានវាទៀត។ អាហ្នឹងនៅតែតៗនៅភ្នំពេញហ្នឹងថ្ងៃមុន ខ្ញុំមើលគេថាបិតា៧មករា បិតា២ធ្នូ។ ពីពាក់កណ្ដាលឆ្នាំ១៩៧៧ ខ្ញុំជាមេដឹកនាំធំជាងគេនៅត្រើយខាងកើតទន្លេមេគង្គ ខ្ញុំបានកសាងកងទ័ពច្រើនណាស់ទៅហើយ អ៊ីចឹងអត់មាននរណាធំជាងខ្ញុំទេ។ អាម្សៀមួយនេះ តាមខ្ញុំដឹង អាហ្នឹងពាក់សក្ដិ២ កងទ័ពវៀតណាមទេ ហើយមកតាំងខ្លួនធ្វើមេខ្ញុំ ហើយនៅស្រែកតែតៗតាមវិទ្យុសំបុករុយ សំបុកឃ្មុំឯណា។ ឥឡូវសូមផ្ដាំទៅអ្នកហ្នុងផង មេត្តាល្មមៗបានហើយ ភូតក៏ភូតល្មមបានហើយ ភូតឲ្យសមបន្តិច ខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ បើនិយាយភាសាខ្មែរ អាមេភូត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ ម្សិលមិញនេះ។
បើទោះជាមិនបានបញ្ចេញឈ្មោះក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសើរថា បុរសម្នាក់នោះនិយាយត្រូវត្រង់ចំណុចដែលថាលោកហ្នឹងហើយដែលជាអ្នកចាប់ខ្លួនបញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តដូច្នេះថា ៖ «និយាយត្រូវតែមួយចំណុចទេ ថា ខ្ញុំទៅចាប់ដល់ផ្ទះ ខ្ញុំទៅចាប់ដល់ផ្ទះមែន លោកឯងនិយាយត្រូវមួយចំណុច។ ខ្ញុំ២នាក់ តា សាយ ប៊ូថង កាលហ្នុង ខ្ញុំឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស។ ព្រោះលែងស្ដាប់គ្នាកើតទៅហើយ រួចហើយពេលហ្នឹងមិនមែនចាប់ដើម្បីខ្ញុំឡើងទេ ឯកឧត្ដម ចាន់ ស៊ី ឡើងធ្វើនាយករដ្ឋមន្រ្តី»។
តាមប្រវត្តិសាស្រ្ដកម្ពុជាបានឲ្យដឹងថា លោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្រ្តីនៃរបបភ្នំពេញ ដែលវៀតណាមបានលើកបន្តុបឡើង កាលពីដើមឆ្នាំ១៩៧៩។
ទោះជាយ៉ាងណាក្ដី លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តីនិងបច្ចុប្បន្នជាប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសិទ្ធិមនុស្ស ពុំមានប្រតិកម្មអ្វីចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ប៉ុន្តែលោកបានលើកចម្លើយដែលលោកបានឆ្លើយចំពោះអ្នកសួរដូច្នេះថា ៖ «ខ្ញុំជម្រាបទៅប្រជាពលរដ្ឋសាមញ្ញ ទាំងលោកសង្ឃ មន្រ្តីរាជការ និងរាជរដ្ឋាភិបាលក៏មាន ហើយអ្នកសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុក ក៏បានសួរមកខ្ញុំរឿងប្រតិកម្ម។ ខ្ញុំថា ខ្ញុំមិនតបឆ្លើយទេចំពោះអ្នកបំភ្លៃប្រវត្តិសាស្រ្ដ អ្នកមិនយល់ប្រវត្តិសាស្រ្ដខ្មែរខ្លួនឯង បើចង់បានរឿងពិតខ្ញុំសុំទូរទស្សន៍ ទ.ទ.ក. មួយម៉ោង ដើម្បីខ្ញុំបញ្ចាំងឡើងវិញឯកសារ ២ធ្នូ និង ៧មករា ដែលខ្ញុំនៅមានសព្វថ្ងៃនេះ។ បើអ៊ីចឹងសុំអនុញ្ញាតឲ្យ ទ.ទ.ក. បញ្ចាំងឯកសារច្បាប់ដើម ២ធ្នូ និង ៧មករា ហើយនរណារូបភាពរបៀបម៉េច នរណានិយាយរបៀបម៉េច សូមមើលតាមហ្នឹងចុះ។ ខ្ញុំប្រឈមមុខជាមួយអ្នកចេះដឹងប្រវត្តិសាស្រ្ដ អ្នកសុជីវធម៌ អ្នកដឹងគុណធម៌ ហ្នឹងខ្ញុំសូមគោរព សូមកោតសរសើរ ប៉ុន្តែចំពោះដូចខ្ញុំនិយាយអ៊ីចឹង ដូចមនុស្សធ្លាក់ដល់សរសៃប្រសាទ ឬវិកលចរិត អាហ្នឹងជំងឺរបស់គេទេ ខ្ញុំមិនឆ្លើយទេ»។
ទោះជាយ៉ាងណាក្ដី លោក ប៉ែន សុវណ្ណ ក៏បានឲ្យដឹងពីដំណើរដើមទង ដែលលោកបានជួបនឹងលោក ហ៊ុន សែន ដូច្នេះថា ៖ «ខ្មែរក្រហមឲ្យមកវ៉ៃវៀតណាម ហើយវៀតណាមវ៉ៃខ្ទេចខ្ទីអស់ ហើយដល់ត្រឡប់ទៅវិញ ចៅហ្វាយរបស់គាត់ ប៉ុល ពត រកសម្លាប់គាត់ចោល ដល់ពេលហ្នឹង គាត់រត់មកស្រុកវៀតណាម ហើយវៀតណាមគេខឹងថា នាំទ័ពខ្មែរក្រហមមកវ៉ៃគេនៅតាមព្រំដែនខេត្តសុងប៊ែហ្នឹង ដល់ពេលហ្នឹង វៀតណាមចូលមកចាប់ដាក់គុកហ្នឹង មានខ្លួនគាត់ផង មាន អ៊ុង ផន ផង។ ហើយខ្លួនគាត់ហ្នឹងហើយដែលរៀបរាប់ប្រាប់ខ្ញុំថា វៀតណាមចាប់ដាក់គុក ហើយដល់ពេលហ្នឹង ខ្ញុំប្រុងប្រៀបបង្កើតរណសិរ្ស ខ្ញុំសុំសំណេះសំណាលជាមួយលោក ឡេ ឌឹកថ ថា កុំអាលដាក់គុកតឹងរ៉ឹងពេក ព្រោះខ្ញុំកំពុងតែប្រមែប្រមូលឥស្សរជនដើម្បីបង្កើតរណសិរ្ស ហើយពេលហ្នឹង ខ្ញុំអប់រំនូវកម្មវិធីនយោបាយរណសិរ្ស នៅយោធភូមិភាគទី៧ ទីតាំងយោធារបស់កងទ័ពវៀតណាម»៕