លោក ហ៊ុន សែន ប្រកាស​រំលាយ​ឡូត៍​នេសាទ​នៅ​បឹង​ទន្លេ​សាប

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​រំលាយ​ឡូត៍​នេសាទ​ចំនួន ៣៥ កន្លែង នៅ​បឹង​ទន្លេ​សាប ចាប់​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១២ នេះ​ត​ទៅ ដើម្បី​ដាក់​ជា​សម្បត្តិ​សាធារណៈ។ ចំណែក​ឯ​ឡូត៍​នេសាទ ២​ទៀត នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​រក្សា​ទុក​រហូត​ដល់​ចប់​អាណត្តិ​​ទើប​រំលាយ​ជា​ក្រោយ។

0:00 / 0:00

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​បទ​បញ្ជា​លែង​ឲ្យ​មាន​ឡូត៍​នេសាទ​នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ជុំវិញ​ជោគវាសនា​នៃ​ឡូត៍​នេសាទ​នោះ​កន្លង​មក ក្រោយ​ពី​លោក​បាន​ប្រកាស​ព្យួរ​ឡូត៍​នេសាទ​ចំនួន ៣៥​កន្លែង​មួយ​រយៈ នៅ​បឹង​ទន្លេ​សាប នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដើម្បី​ជំរុញ​ផែនការ​បង្កើន​ទិន្នផល​ត្រី​ទឹក​សាប​នៅ​បឹង​ទន្លេ​សាប​រហូត​ដល់​ឆ្នាំ​២០១៤។

ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បង្កើត​តំបន់​អភិរក្ស​ត្រី​កម្រ ដូចជា​ត្រី​កេស និង​ត្រី​មួយ​ចំនួន​ទៀត​នៅ​បឹង​ទន្លេ​សាប ដែល​ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋបាល​ជលផល។ តំបន់​នោះ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ចូល​ទៅ​នេសាទ​បាន​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​រំលាយ​ឡូត៍​នេសាទ​សរុប​ចំនួន ៣៧​កន្លែង​នោះ គឺ​ជា​ការ​រំលាយ​ជា​រៀង​រហូត គ្មាន​ថ្ងៃ​ត្រឡប់​ថយ​ក្រោយ​វិញ​ទេ ដរាប​ណា​លោក​នៅ​មាន​ជីវិត និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្រប​ពេល​គ្នា​នេះ​ដែរ លោក​ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ជួយ​ការពារ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​ជា​ជម្រក​ត្រី​ពង​កូន។

លោក​បន្ត​ថា ការ​រំលាយ​ឡូត៍​នេសាទ​ឯកជន​ឲ្យ​ក្លាយ​ជា​តំបន់​នេសាទ​សាធារណ​នេះ គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ប្រាក់​ចំណូល​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​នឹង​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។

លោក ហ៊ុន សែន៖ «និយាយ​មួយ​បែប ប្រកាស​ដាច់​ណាត់ គឺ​អត់​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ ...​គ្មាន​ថៅកែ​ឡូត៍​នេសាទ​ក្នុង​បឹង​ទន្លេសាប​ទៀត​ទេ ត្រូវ​បញ្ចប់​ហើយ។ អ្នក​ដែល​មាន​សិទ្ធិ​នៅ​ក្នុង​បឹង​ទន្លេសាប គឺ​ប្រជាពលរដ្ឋ​ដែល​នឹង​ចាប់​ត្រី​ដោយ​ឧបករណ៍​ស្រប​ច្បាប់​ជា​លក្ខណៈ​គ្រួសារ»

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប​បាន​មាន​ប្រសាសន៍​ថា លោក​រីករាយ​នឹង​បទ​បញ្ជា​ថ្មី​នេះ៖ «ស្វាគមន៍​ណាស់ អ្វី​ដែល​ជា​ការ​សម្រេច​របស់​សម្ដេច​នៅ​ពេល​នេះ»

ទាក់ទង​នឹង​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​បទ​បញ្ជា​នេះ​ត្រូវ​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ​រយៈ​ពេល​យូរ​អង្វែង។

លោក សុន ឆ័យ៖ «អ្វី​ដែល​ជា​ការ​បន្ធូរបន្ថយ​ច្រើន​តែ​កើត​មាន​នៅ​មុន​ពេល​បោះ​ឆ្នោត ហើយ​ក្រោយ​បោះ​ឆ្នោត​ហើយ វិធានការ​ផ្ដល់​ឡូត៍​អនាធិបតេយ្យ​ធ្វើ​បាប​ប្រជារាស្ត្រ​កើត​មាន​ជា​ថ្មី។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា អ្វី​ដែល​ជា​ការ​សន្យា​របស់​នាយករដ្ឋមន្ត្រី​នឹង​អនុវត្ត​ជា​រៀង​រហូត»

ការ​ប្រកាស​បទបញ្ជា​ដោយ​ផ្ទាល់​មាត់​នេះ គឺ​មុន​ពេល​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នឹង​ប្រកាស​ជា​ផ្លូវការ និង​ជា​សាធារណៈ​នា​ពេល​ខាង​មុខ។

គេ​បាន​កត់​សំគាល់​ថា បទបញ្ជា​ថ្មី​នេះ​គឺ​ជា​លើក​ទី​២ ហើយ​ក្រោយ​ពី​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​បទបញ្ជា​លើក​ដំបូង​លេខ ០១ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដើម្បី​រុះរើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​អនាធិបតេយ្យ​នៅ​បឹង​ទន្លេ​សាប ដូច​ជា​សម្រាស់ ផ្នួស ព្រួល និង​សំណង់​កាត់​ទទឹង​ទន្លេ បឹង ស្ទឹង ព្រែក និង​អូរ​នៅ​ក្នុង​ខេត្ត​ចំនួន ៨ នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

ក្រោយ​ពី​មាន​ការ​អនុវត្ត​បទ​បញ្ជា​លេខ ០១ កន្លង​មក​នេះ លោក​នាយករដ្ឋមន្ត្រី​ បាន​កត់​សម្គាល់​ថា ទិន្នផល​ត្រី​ទឹក​សាប​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​បាន​កើន​ដល់​ចំនួន ៤៤​ម៉ឺន​៥​ពាន់​តោន លើស​ឆ្នាំ​២០១០ ចំនួន ៤​ម៉ឺន​តោន។

ប៉ុន្តែ​អ្នក​ជំនាញ​ជលផល​ខ្លះ​បាន​បង្ហាញ​ថា ផល​ត្រី​កើន​ឡើង​នេះ​មិន​អាស្រ័យ​លើ​ការ​បិទ​ឡូត៍​នេសាទ​ទាំង​ស្រុង​នោះ​ទេ គឺ​អាស្រ័យ​លើ​ទឹក​ទន្លេ​ឆ្នាំ​២០១១ បាន​ឡើង​ក្នុង​កម្រិត​មួយ​ខ្ពស់​ដែល​នាំ​ឲ្យ​ត្រី​មាន​លទ្ធភាព​ពេញលេញ ដើម្បី​ហែល​ឆ្លង​កាត់​ទៅ​រក​កន្លែង​ព្រៃ​រនាម​ជា​ជម្រក​ពង​កូន​មាន​សុវត្ថិភាព។

ក្រៅ​ពី​ត្រី​ធម្មជាតិ​ទឹក​សាប កាល​ពី​នៅ​ឆ្នាំ​២០១១ កម្ពុជា​ប្រមូល​ទិន្នផល​ត្រី​ទឹក​ប្រៃ​បាន​ចំនួន ៩​ម៉ឺន​១​ពាន់​តោន និង​ទិន្នផល​ត្រី​ចិញ្ចឹម​ក្នុង​ស្រះ​បាន​ចំនួន​ជាង ៧​ម៉ឺន​តោន។ ចំនួន​នេះ​បាន​កើន​ជាង​ឆ្នាំ​មុនៗ​ជា​ច្រើន​ម៉ឺន​តោន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។