លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រសាសន៍ថា លោកអាចបញ្ជាក់បានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានផ្ទុកមេរោគនោះ។ លោកមានប្រសាសន៍ថា លោកបានទទួលលិខិតមួយពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលបានឲ្យដឹងថា លោក ហ៊ុន សែន ពិតជាមានជំងឺនេះ។
លិខិតនោះបានបញ្ជាក់ថា លោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោកបានឆ្លងមេរោគ A(H1N1) បន្ទាប់ពីកិច្ចប្រជុំប្រចាំសប្ដាហ៍នៃខុទ្ទកាល័យរបស់លោក កាលពីថ្ងៃសុក្រ ហើយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកទាំងនោះពិតជាមានផ្ទុកមេរោគ A(H1N1) ពិតប្រាកដមែន។
នៅក្នុងលិខិតនោះក៏បាននិយាយផងដែរថា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមន្ត្រីជាន់ខ្ពស់ ៤នាក់ផ្សេងទៀត ក៏បានឆ្លងមេរោគនោះផងដែរ ហើយពួកគេកំពុងត្រូវបានក្រុមវេជ្ជបណ្ឌិតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ ទោះបីជាយ៉ាងណាក៏ដោយ លិខិតនោះមិនបានបញ្ជាក់ថា អ្នកទាំងនោះកំពុងសម្រាកព្យាបាលនៅកន្លែងណានោះឡើយ។
លិខិតដដែលនោះឲ្យដឹងថា បន្ទាប់ពីមានការព្យាបាលយ៉ាងដិតដល់ ដោយក្រុមវេជ្ជបណ្ឌិតរួចមក សុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបែរមករកភាពធម្មតាវិញ។
អង្គការសុខភាពពិភពលោកបានបង្ហាញឲ្យដឹង កាលពីដើមខែនេះថា មនុស្សចំនួន ១៨.១៥៦នាក់នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺផ្ដាសាយថ្មី A(H1N1) នេះ។ ចំណែកក្រសួងសុខាភិបាលរបស់កម្ពុជាក៏បានឲ្យដឹងផងដែរថា មនុស្សចំនួន ៦នាក់នៅកម្ពុជាបានស្លាប់ ហើយមនុស្សប្រមាណ ៥៩១នាក់ផ្សេងទៀតកំពុងឆ្លងមេរោគនេះ៕