គិតមកដល់ថ្ងៃទី១៥ ខែមករា លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានឃុំខ្លួនគម្រប់ ៦ខែហើយ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា ការបើកសម្ពោធយុទ្ធនាការប្រតិទិន ឬការរាប់ចំនួនថ្ងៃដោយគិតចាប់ពីថ្ងៃចាប់ខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យនេះ គឺជាមធ្យោបាយមួយដើម្បីផ្ដល់ឲ្យសាធារណជន និងអង្គការសង្គមស៊ីវិល ចូលរួមផ្ដល់យុត្តិធម៌ដល់លោក ម៉ម សូណង់ដូ តាមរយៈការប្រកួតរចនាម៉ូដកាតប៉ុស្តាល់ (Post Card) ឬ ប័ណ្ណប្រៃសណីយ៍។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និយាយនៅថ្ងៃទី១៥ មករា ថា អ្វីដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជ្រើសរើសយកការប្រកួតកាតប៉ុស្តាល់នេះ គឺចង់ឲ្យសាធារណជនបានរួមចំណែកក្នុងការផ្ដល់យុត្តិធម៌ឲ្យលោក ម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំតាមរយៈការប្រកួតប្រជែងសន្លឹកកាតប៉ុស្តាល់ ដែលល្អបំផុតជាងគេចំនួន ៣សន្លឹក គិតចាប់ថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ មករា មុននឹងត្រូវបោះពុម្ពចែកចាយជាសាធារណៈ។
លោក អ៊ូ វីរៈ៖ «ហើយរឿងយុទ្ធនាការនេះមួយគ្រាន់តែផ្នែកតូចទេ ប៉ុន្តែការប្រកួតប្រជែងប៉ុស្តាល់អីហ្នឹង គឺដើម្បីឲ្យអ្នកទាំងអស់គ្នា សាធារណជនចូលរួមបាន ហើយផ្ញើការលើកទឹកចិត្តទៅលោក ម៉ម សូណង់ដូ នៅក្នុងពន្ធនាគារ។ លោក ម៉ម សូណង់ដូ បានលះបង់ បានបំពេញកាតព្វកិច្ចដែលគាត់ត្រូវធ្វើ»។
មានវ័យ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ក្រោមបទ ញុះញង់បង្កើតឲ្យមានតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាលនៅខេត្តក្រចេះ។ ក្រោយពីសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ឲ្យលោក ម៉ម សូណង់ដូ មានទោសរយៈពេល ២០ឆ្នាំ ភ្លាមៗបន្ទាប់ពីការចោទប្រកាន់នោះ ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកចំណាត់ការរបស់តុលាការនេះថា គឺជាសាលក្រមពុំមានភាពឯករាជ្យ និងថា ភាពចម្រូងចម្រាសនេះ កើតចេញពីជម្លោះដីធ្លី។
ចំណែកអ្នកភូមិ ៣នាក់ ដែលជាប់ចោទក្នុងសំណុំរឿងនេះដែរ កំពុងគេចខ្លួន បន្ទាប់ពីត្រូវរដ្ឋាភិបាលប្ដឹងចោទថា ជាមេខ្លោងដឹកនាំបង្កើតតំបន់អបគមន៍ក្នុងជម្លោះដីធ្លីនៅខេត្តក្រចេះ មានឈ្មោះ ប៊ុន រដ្ឋា ដែលត្រូវតុលាការផ្ដន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាការរយៈពេល ៣០ឆ្នាំ។ លោក សុខ តុង និងលោក ប៊ុន ឆន ត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ការបំផុសចលនាឲ្យសាធារណជនចូលរួមរចនាម៉ូដកាតប៉ុស្តាល់ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ មករា ទើបបិទបញ្ចប់។ ចំណែកកាតប៉ុស្តាល់ ចំនួន៣សន្លឹកដែលល្អបំផុតជាងគេ នឹងត្រូវទទួលបានការលើកទឹកចិត្តពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នូវចំនួនទឹកប្រាក់ ៥០ដុល្លារ មុននឹងត្រូវបោះពុម្ពចែកចាយចំនួន ១ម៉ឺនកាតប៉ុស្តាល់ ទៅដល់សាធារណជន។
លោក អ៊ូ វីរៈ បន្តថា នេះជាមធ្យោបាយក្នុងការដាក់សម្ពាធបន្ថែមទៅទៀតលើអាជ្ញាធរ និងជាសារដឹងគុណដល់ការលះបង់របស់លោក ម៉ម សូណង់ដូ។
ភរិយាលោក ម៉ម សូណង់ដូ គឺអ្នកស្រី ឌិន ផាណារ៉ា មានប្រសាសន៍ក្រោយពីបញ្ចប់សន្និសីទកាសែតនៅមជ្ឈមណ្ឌលសិទ្ធិកម្ពុជា នៅថ្ងៃទី១៥ មករា ថា អ្នកស្រីស្នើសុំឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទលើលោក ម៉ម សូណង់ដូ និងទាមទារឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះលែងប្ដីរបស់អ្នកស្រីបានរួចផុតពីការចោទប្រកាន់នេះឡើងវិញ។
អ្នកស្រីបន្តថា៖ «ខ្ញុំមានតែសំណូមពរមួយសុំឲ្យតុលាការ ហើយនិងរាជរដ្ឋាភិបាលហ្នឹង លោកធ្វើការស៊ើបអង្កេតពិនិត្យឡើងវិញពីបញ្ហាលោក ម៉ម សូណង់ដូ ហ្នឹង និងរកយុត្តិធម៌ជូនគាត់ ពីព្រោះគាត់មិនប្រព្រឹត្តអ្វីខុសច្បាប់ទាល់តែសោះ គាត់គោរពច្បាប់ណាស់»។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការបំភ្លឺអំពីបញ្ហានេះពីមន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលបានទេ នៅថ្ងៃទី១៥ មករា។ ក៏ប៉ុន្តែលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ហៅយុទ្ធនាការនេះថា គឺជាការចាប់ផ្ដើមថ្មីមួយទៀតនៃបរិបទស្វែងរកយុត្តិធម៌ដោយសន្តិវិធីនៅក្នុងសង្គមកម្ពុជា។ លោកគិតថា មធ្យោបាយទាមទារយុត្តិធម៌ដោយមិនប្រើប្រាស់ការបង្ហូរឈាមនេះ គឺជាដំណោះស្រាយដ៏ប្រសើរមួយនៅក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។