មេ​ឃុំ​នៅ​ពោធិ៍សាត់​រង​ការចោទ​ថា​មិន​បាន​ចាត់ចែក​អង្ករ​ឲ្យ​អ្នក​ក្រីក្រ​ពិត​ប្រាកដ

តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​ជិត​៣០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​សំរោង២ ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​តវ៉ា​និង​ចោទ​ប្រកាន់​ថា មេ​ឃុំ​សំរោង​មិន​បាន​ចាត់ចែង​អង្ករ​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​ទេ នៅ​ក្នុង​ការចែក​ស្បៀង​អង្ករ​ចំនួន​ជិត​៦០​តោន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​៥០០​គ្រួសារ កាលពី​ថៃ្ង​ព្រហស្បតិ៍​កន្លង​ទៅ​ថ្មីៗ​នេះ ឧបត្ថម​ដោយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ប្រចាំការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

0:00 / 0:00

ផ្អែក​តាម​ប្រភព​បាន​ថែ្លង​ចោទ​ប្រកាន់​ថា ការចែក​នោះ​បាន​ធ្វើ​ទ្បើង​និយម​តែ​បក្សពួក ប៉ុនែ្ត​មន្រ្តី​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ការស្រង់​ឈ្មោះ​នោះ​បាន​បដិសេធ​ថា​ជា​កំហុស​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ។

លោក វ៉ាន់ ចាន់រា អតីត​ជំទប់​ទី​១ នៃ​ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច តំណាង​ឲ្យ​គ្រួសារ​ចំនួន​ជិត​៣០​គ្រួសារ​ដែល​មិន​បាន​ទទួល​អំណោយ​អង្ករ​នោះ​បាន​ថ្លែង​ថា ៖ «ភូមិ​សំរោង១ ភូមិ​សំរោង២ ភូមិ​អង្ក្រង ភូមិ​រវាង ស្មាន​ទៅ​ប្រហែល​ជា​២០​ទៅ​៣០​គ្រួសារ​អត់​បាន​ទទួល​សោះ​តែម្ដង គាត់​ជា​អ្នក​ក្រីក្រ​ពិត​ប្រាកដ។ មាន​ការសោកស្ដាយ មាន​ការឈឺឆ្អាល​ត្រង់​ថា មេ​ភូមិ​គឺ​ជា​មេ​ភូមិ​រដ្ឋាភិបាល តែ​គេ​មិន​បាន​អ៊ីចឹង អ្នក​ណា​ហ៊្វុនស៊ិនប៉ិច សមរង្ស៊ី ន.រ. (នរោត្ដម រណឫទ្ធិ) មិន​ឲ្យ​យើង​ទេ ឲ្យ​តាម​ខ្សែស្រឡាយ និយម​បក្សពួក​របស់​គេ។ ខ្ញុំ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​សំរោង២​ដែរ ហើយ​អត់​បាន​អំណោយ​នឹង​គេ ចំណែក​គេ​មាន​ដី​ស្រែ មាន​គោ​ក្របី មាន​ផ្ទះ​សម្បែង ម៉ូតូ​ជិះ គេ​បែរ​ជា​ទទួល​អំណោយ​អង្ករ​ក្រីក្រ​ហ្នឹង​ដែរ។ ស្បៀង​នេះ​ចែក​អង្ករ​សង្គ្រោះ​បន្ទាន់​ចំពោះ​ប្រជាពលរដ្ឋ​ដាច់​ស្បៀង ហើយ​និង​គ្មាន​ដី​ស្រែ​ចម្ការ​ធ្វើ​បង្កបង្កើន​ផល»

ផ្អែក​តាម​ប្រភព​ឲ្យ​ដឹង​ថា ការចែក​ស្បៀង​អង្ករ​នោះ​គឺ​ជា​ការសង្រ្គោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដាច់​ស្បៀង​អាហារ​និង​គ្មាន​ដី​ស្រែ​ចម្ការ​បង្ក​បង្កើន​ផល។ ការចែក​ស្បៀង​អង្ករ​នោះ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ទទួល​បាន​៣៥​គីឡូក្រាម។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការចែក​នោះ​គឺ​រយៈពេល​៣​ឆ្នាំ ក្នុង​មួយ​ខែ​ចែក​ម្តង។

មិន​អាច​ទាក់ទង លោក ហុល នឿន ជា​មេ​ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​សេចក្តី​ប្រតិកម្ម​ជុំវិញ​ការចោទ​ប្រកាន់​ខាង​លើ​នេះ ប៉ុនែ្ត​មន្រ្តី​មូលដ្ឋាន​មួយ​រូប​ដែល​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​អំណោយ​ស្បៀង​អង្ករ​ពី​អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​បដិសេធ​ថា វា​ជា​កំហុស​ខ្វះខាត​ចន្លោះ​ដោយ​អចេតនា​ក្នុង​ការស្រង់​ឈ្មោះ។

មន្ត្រី​មូលដ្ឋាន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «វា​មិន​សមស្រប​ទាំងអស់​ទេ វា​បញ្ហា​ត្រង់​ថា គាត់​មើល​មិន​សព្វគ្រប់​នៅ​តាម​ភូមិ​ទេ វា​មាន​មែន ការឃើញ​វា​មាន​មែន អត់​មាន​ចេតនា​រើសអើង​ទេ ប៉ុន្តែ​ចុះ​បើ​របស់​តិច ដល់​ឲ្យ​អ្នក​នោះ​ទៅ​វា​ខ្វះ​អ្នក​នេះ ដល់​ឲ្យ​អ្នក​នេះ​ខ្វះ​អ្នក​នោះ ម៉្លោះ​ហើយ​វា​ចេះតែ​ច្រណែន​បន្ត​គ្នា​អ៊ីចឹង​ណា៎»

មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ទេ​ចំពោះ​មន្រ្តី​នៃ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​និង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថៃ្ង​សុក្រ​នេះ ប៉ុន្តែ​លោក ញឹម វណ្ណដា អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក (WFP) បាន​ត្រៀម​លក្ខណៈ​និង​ស្បៀង​អង្ករ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អន្តរាគមន៍​សង្រ្គោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខែ្មរ​ដែល​រងគ្រោះ​ដាច់​ស្បៀង​ដោយសារ​គ្រោះ​រាំង​ស្ងួត ទឹក​ជំនន់ និង​កត្តា​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ៕