ស្ត្រីអ្នកភូមិឈ្មោះ ជិន ភឿន អាយុ ៥២ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកស្រីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ កុម្ភៈ ថា គាត់បានទិញដីមួយកន្លែងដែលមានទទឹង ២០០ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ពីលោក យ៉ាំ យ៉េន បច្ចុប្បន្នជាមេឃុំតាលោ កាលពីឆ្នាំ២០០៥ ក្នុងតម្លៃ ៦សែនរៀល ស្រាប់ឥឡូវអាជ្ញាធរបានប្រាប់គាត់ថា ដីនេះជាដីសង្គមកិច្ចទៅវិញ។
អ្នកភូមិរូបនេះបានសំណូមពរឲ្យក្រុមនិស្សិតជួយវាស់វែងប្រគល់ដីនេះមកឲ្យគាត់ផង៖ «ដីនេះខ្ញុំទិញពីមេឃុំ យ៉ាំ យ៉េន បើថាជាប់ដីសង្គមកិច្ច មេឃុំបោះត្រាឲ្យខ្ញុំធ្វើអី! សុំឲ្យនិស្សិតជួយវាស់វែងឲ្យខ្ញុំផង កូនច្រើនណាស់ គ្មានអីចែកឲ្យកូនទេ។ មេឃុំអត់ឲ្យវាស់ គេសងខាងវាស់រួចហើយ នៅតែប្រឡោះកណ្ដាលអត់ព្រមវាស់។ ខ្ញុំចេះតែភ័យខ្លាចអត់មានដីចិញ្ចឹមកូន។ ចេញលិខិតបោះត្រាឲ្យខ្ញុំ ហើយម៉េចថាជាដីសង្គមកិច្ចវិញ? គាត់ឃាត់មិនឲ្យខ្ញុំចូលទៅកាប់ព្រៃធ្វើស្មៅបង្កបង្កើនផលទេ»។
ដូចគ្នានេះដែរ សមាជិកក្រុមប្រឹក្សាឃុំតាលោ គឺលោក ស ធន ក៏បានឲ្យដឹងដែរថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតកំពុងមានស្ថានភាពដូចអ្នកស្រី ជិន ភឿន ដែរ ពោលគឺពួកគេបានទិញដីនៅតំបន់នេះពីអតីតមេឃុំ លោក ប្លុង ប៊ុនលី ខ្លះ និងខ្លះទៀតទិញពីលោក យ៉ាំ យ៉េន មេឃុំបច្ចុប្បន្ន៖ «ប្រជាពលរដ្ឋខ្លះគាត់ទិញអស់២លានក្នុងមួយប្លង់ ជួលអាត្រាក់ឈូសឆាយអស់បីបួនលានទៀត។ ឥឡូវស្រាប់តែដករបស់គាត់។ ខ្ញុំជួយតវ៉ាក្នុងសាលាឃុំដែរ តែមិនបានលទ្ធផល ទើបខ្ញុំនាំប្រជាពលរដ្ឋមកសួរនាំដើម្បីឲ្យថ្នាក់លើជួយដោះស្រាយ»។
មេឃុំតាលោ គឺលោក យ៉ាំ យ៉េន បដិសេធការចោទប្រកាន់នេះ។ លោកមេឃុំបានបញ្ជាក់ថា កាលពីឆ្នាំ២០០៥ អាជ្ញាធរបានបែងចែកដីតំបន់នេះជូនប្រជាពលរដ្ឋមួយចំនួន ដែលពុំមានដីបង្កបង្កើនផលមែន។ យ៉ាងនេះក្ដី លោកថាអាជ្ញាធរកំពុងធ្វើរបាយការណ៍សុំកាត់ឆ្វៀលដីដែលរងផលប៉ះពាល់ជាមួយដីសង្គមកិច្ចនេះមកឲ្យប្រជាពលរដ្ឋវិញ៖ «អត់មានបាត់ទៅណាទេ ដីគាត់នៅត្រង់ណាគឺប្រគល់ឲ្យគាត់នៅត្រង់ហ្នឹង។ ដោយឡែកតែដីព្រៃដែលគាត់មិនទាន់កាប់គាស់នោះ គឺយើងមិនហ៊ានទេ។ តែបើដីដែលគាត់បង្កបង្កើនផល គឺយើងនឹងវាស់ឲ្យគាត់ តែដោយយើងមិនទាន់បានចំណារពីថ្នាក់ជាតិមក ទើបយើងវាស់ឲ្យគាត់ ព្រោះដីហ្នឹងមានគល់បញ្ជីរួចហើយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្សខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្ដឹងសុំការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋមែន តែសមាគមអាដហុក ពុំទាន់បានចុះទៅអង្កេតបញ្ហានេះនៅឡើយ។ យ៉ាងនេះក្ដី លោកថាបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដីដែលប្រជាពលរដ្ឋធ្លាប់បានកាន់កាប់ និងអាស្រ័យផល គឺគេត្រូវតែកាត់ឆ្វៀលចេញប្រគល់ជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។