តុលាការ​ពោធិ៍សាត់​កាត់​ក្ដី​ទាហាន​សង្ស័យ​​ដុត​​មនុស្ស​ទាំង​រស់

សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​កាត់​ក្ដី​ទាហាន​ស័ក្ដិ ៣ ម្នាក់​ ដែល​ជាប់​ចោទ​ថា បាន​ចាប់​ដុត​មនុស្ស​ទាំង​រស់ កាល​ពី​ឆ្នាំ​ ២០០៩។ មេធាវី​ការពារ​ក្ដី​​អះអាង​ថា ខ្លួន​មាន​ភស្តុតាង​ថ្មីៗ ទៀត ដែល​បង្ហាញ​ថា​កូន​ក្ដី​ខ្លួន មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ក្នុង​ករណី​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ស្លាប់​មនុស្ស​ស្លាប់​នៅ​ឯ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាល​ពី​ឆ្នាំ​២០០៩ គឺ​លោក អ៊ឹម សុជាតិ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា បន្ទាប់​ចេញ​ពី​បន្ទប់​សាកសួរ​របស់​ចៅក្រម​តុលាការ​សាលា​ដំបូង​ ខេត្ត​ពោធិ៍សាត់​ថា លោក​បាន​ផ្ដល់​នូវ​ភស្តុតាង​ថ្មីៗ ជា​ច្រើន​ទៀត ដើម្បី​បញ្ជាក់​ថា កូន​ក្ដី​របស់​លោក​គឺ​អតីត​អនុសេនីយ៍​ឯក អ៊ូ ប៊ុនថាន់ ពុំ​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទ​ប្រកាន់​របស់​ភាគី​ដើម​បណ្ដឹង​ទេ។

មេធាវី អ៊ឹម សុជាតិ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ៖ «ថ្ងៃ​នេះ​ខ្ញុំ​បាន​ដាក់​បញ្ចូល​បន្ថែម​សាក្សី​មួយ​ចំនួន​ទៀត ដែល​រួម​មាន​អតីត​ព្រះរាជអាជ្ញា តុប ចន្ទសិរី វុធ ក្រឡា​បញ្ជី និង​អ្នក​បើក​ឡាន​គាត់។ ថ្ងៃ​នេះ​ចៅក្រម​ស៊ើបសួរ​បាន​បើក​ការ​ស៊ើបសួរ​ជា​លើក​ ដំបូង​បន្ទាប់​ពី​តុលាការ​យោធា​បាន​ផ្ទេរ​សមត្ថកិច្ច​មក​ឲ្យ​តុលាការ​ខេត្ត​ពោធិ៍សាត់»។

ប៉ុន្តែ មេធាវី​ការពារ​ក្ដី​ឲ្យ​ភាគី​ជន​រង​គ្រោះ គឺ​អ្នក​ស្រី ស សូដាឡែន មាន​ប្រសាសន៍​ថា ​បណ្ដា​ភស្តុតាង ដាក់​បន្ទុក ដែល​អ្នក​ស្រី​បាន​ផ្ដល់​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង ខេត្ត​ពោធិ៍សាត់​ពិត​ជា​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ក្ដី​អ្នក​ស្រី​ផង​ដែរ ។

អ្នក​ស្រី ស សូដាឡែន ៖ «រឿង​នេះ​យើង​មាន​ភស្តុតាង​គ្រប់​គ្រាន់ ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​តុលាការ​យោធា​ក៏​ដូច​ជា​តុលាការ​ខេត្ត​ពោធិ៍សាត់​ដែរ។ អ៊ីចឹង​អត់​មាន​កន្លែង​ណា ដែល​ថា​យើង​មាន​បំណង​មួល​បង្កាច់​ជន​ណា​មួយ​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ និង​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​រក​ភស្តុតាង​ថ្មីៗ បន្ថែម​ទៀត​ផ្ដល់​ទៅ​ឲ្យ​តុលាការ»។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ នៅ​ភូមិ​ឈើ​ទាល​ជ្រំ ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ បុរស​ម្នាក់​ឈ្មោះ លឿង សារឿន បាន​ត្រូវ​ភ្លើង​ឆេះ​រលាក​ខ្លួន​ធ្ងន់ធ្ងរ​នៅ​ក្នុង​ផ្ទះ​របស់​លោក អ៊ូ ប៊ុនថាន់ ដែល​ជា​ថៅកែ​របស់​គាត់។ ឧប្បត្តិហេតុ​នេះ​បាន​បង្ក​នូវ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ថា អ្នក​ណា​ជា​អ្នក​បង្ក​ហេតុ។
បន្ទាប់​ពី​ករណី​នេះ​កើត​ឡើង ឈ្មោះ អ៊ូ ប៊ុនថាន់ បាន​រត់​គេច​ខ្លួន។ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​ ២០១០ ជន​ជាប់​សង្ស័យ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ចាប់​ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​យោធា​នៅ​ពេល​ដែល​គាត់ បាន​ចូល​ខ្លួន​មក​កាន់​សាលា​ដំបូង​ខេត្ត​ជាមួយ​មេធាវី​គាត់​ក្នុង​គោល​បំណង​បំភ្លឺ​រឿង​ក្ដី ដែល​មាន​អាយុ​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ពោធិ៍សាត់ គឺ​លោក​ កុល កំពូល បាន​​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មេសា​ ឆ្នាំ​២០១១។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ខេត្ត​ពោធិ៍សាត់ គឺ​លោក ស៊ឹង សែន​ករុណា ដែល​ធ្លាប់​អង្កេត និង​តាម​ឃ្លាំ​មើល​ករណី​បណ្ដឹង​នេះ​យ៉ាង​ដិតដល់ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តុលាការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ដិតដល់ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​អ្នក​រង​គ្រោះ​៕