សម​រង្ស៊ី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី កំពុង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ជុំវិញ​ការ​កាត់​ក្ដី​របស់​តុលាការ​ខេត្ត​ស្វាយរៀង។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​អំពី​ភាព​អយុត្តិធម៌​នៃ​ការ​កាត់​ក្តី​នោះ ៖ «បង្គោល​ព្រំដែន​ពិត​ប្រាកដ បង្គោល​ព្រំដែន​ស្រប​ច្បាប់ មិន​មែន​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ដក​ហ្នឹង​ទេ។ កន្លែង​ដែល​គេ​បាន​យក​មក​ដាំ​គឺ​វា​ខុស មាន​ន័យ​ថា កន្លែង​ហ្នឹង​មិន​មែន​ព្រំដែន​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់​ខ្ញុំ ការ​ចោទ​ប្រកាន់​ប្រជា​កសិករ​ខ្មែរ​ថា បាន​ទៅ​ដក​បង្គោល​ព្រំដែន ចោទ​ប្រកាន់​ហ្នឹង​ខុស វា​គ្មាន​មូលដ្ឋាន ពីព្រោះ​បង្គោល​ហ្នឹង​មិន​មែន​បង្គោល​ព្រំដែន ពីព្រោះ​ព្រំដែន​មិន​មែន​កន្លែង​ហ្នឹង​ឯ​ណា! ព្រំដែន​នៅ​ឯ​នាយ​ឯ​ណោះ! ប្រហែល ៣០០​ម៉ែត្រ​ឯ​ណោះ! អ៊ីចឹង​ទឹក​ដី​ខ្មែរ​ឆ្ងាយ​ណាស់ មិន​មែន​នៅ​កន្លែង​បង្គោល​ហ្នឹង​ទេ។ អ្នក​ណា​ដែល​អះអាង​ថា បង្គោល​ព្រំដែន​ខ្មែរ​នៅ​កន្លែង​បង្គោល​ហ្នឹង គឺ​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​ទៅ​បរទេស​ហើយ ឲ្យ​យើង​បាត់ ៣០០​ម៉ែត្រ ៣០០​ម៉ែត្រ​ច្រើន​ណាស់។ អ្នក​ខ្លះ​គេ​អះអាង​ថា សូម្បី​តែ​មួយ​ចំអាម​ក៏​មិន​ឲ្យ​បាត់​ដែរ នេះ ៣០០​ម៉ែត្រ វា​ជាង ១​ពាន់ ២​ពាន់​ចំអាម​ហើយ»

HRW ៖ ការ​កាត់​ក្ដី​ករណី​សម​រង្ស៊ី​គឺ​ជា​ឆាក​ល្ខោន

ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ហៅ​ការ​កាត់​ក្តី​លើ​ករណី​លោក សម រង្ស៊ី នោះ​ថា​ជា​ឆាក​ល្ខោន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្មី​មួយ ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ រិះគន់​ចំៗ​ថា ការ​កាត់​ក្តី​នោះ​បាន​ជំរុញ​ឲ្យ​យុទ្ធនាការ​គំរាម​កំហែង​របស់​លោក ហ៊ុន សែន លើ​បណ្តា​អ្នក​រិះគន់​រដ្ឋាភិបាល​ឈាន​ដល់​កម្រិត​ដ៏​តឹងតែង​មួយ និង​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​នេះ​ត្រួតត្រា​លើ​ប្រព័ន្ធ​ច្បាប់។

លោក ប្រេត អាដាមស៍ (Brad Adams) ប្រធាន​អង្គការ Human Rights Watch ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​តំបន់​អាស៊ី បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ ថា លោក ហ៊ុន សែន ទំនង​ជា​មាន​ចេតនា​ក្នុង​ការ​ទាញ​នយោបាយព​ហុ​បក្ស​បច្ចុប្បន្ន ឲ្យ​ដើរ​ត្រឡប់​បញ្រ្ចាស់​ទៅ​ក្រោយ ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ប្រតិកម្ម​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​ការ​រិះគន់​នេះ។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ថា លោក​មិន​គិត​ពី​ការ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​នោះ​ទេ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «មិន​សំខាន់​ទាល់​តែ​សោះ​រឿង​ប្ដឹង​ឧទ្ធរណ៍ មិន​ប្ដឹង​ឧទ្ធរណ៍ អ្វី​ដែល​សំខាន់​ហើយ​ដែល​យើង​ត្រូវ​ប្រឆាំង គឺ​ការ​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​ទៅ​បរទេស នេះ​ជា​រឿង​នយោបាយ។ បញ្ហា​នយោបាយ ជា​ដំណោះស្រាយ​នយោបាយ ដំណោះស្រាយ​មិន​អាច​មក​ពី​តុលាការ ដំណោះស្រាយ​នយោបាយ​ត្រូវតែ​មក​ពី​អ្នក​នយោបាយ អ្នក​នយោបាយ​គឺ​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ប្រទេស​ជិត​ខាង​ផង រដ្ឋាភិបាល​ប្រទេស​ជា​មិត្ត​ទាំង​អស់​ដែល​គេ​ឃ្លាំ​មើល​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ជឿ​ថា នឹង​មាន​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មាន​ដំណោះស្រាយ​នយោបាយ​ត្រឹមត្រូវ​ហើយ រឿង​តុលាការ​ហ្នឹង​វា​ចប់​ដោយ​ខ្លួន​វា​ហើយ យើង​ខិតខំ​រក​ដំណោះស្រាយ​នយោបាយ​វិញ»