ឱសានវាទនេះ កំណត់ត្រឹមថ្ងៃទី១០ មករា ឆ្នាំ២០០៩ តាមរយៈលិខិតជូនដំណឹងជាលើកទី២ ចុះថ្ងៃទី១៨ ធ្នូ ឆ្នាំ២០០៨ ឲ្យអតីតប្រធានក្រុមសាមគ្គីទាំងអស់មកចុះឈ្មោះនិងភ្ជាប់បញ្ជីឈ្មោះកម្មករក្នុងក្រុមរបស់ខ្លួនសម្រាប់ទទួលបានសិទ្ធិធ្វើអាជីវកម្មលើចម្ការកៅស៊ូរដ្ឋបន្តទៀត។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ត្រូវចុះឈ្មោះនៅមន្ទីរកសិកម្មសិន ហើយក្នុងរយៈពេលយើងជូនដំណឹងហ្នឹង បើសិនជាមិនមាននរណាទេ គណៈកម្មការគេមានវិធានការ»។
ក្រុមសាមគ្គីមានចំនួន ៣៤ក្រុម ទទួលបានសិទ្ធិថែទាំនិងធ្វើអាជីវកម្មលើចម្ការកៅស៊ូរដ្ឋជាង ១៣០០ហិកតារជាមួយនឹងលក្ខខណ្ឌមិនផ្តល់កម្មសិទ្ធិឯកជនលើចម្ការកៅស៊ូទាំងនោះទេ ចំណែកជ័រកៅស៊ូផលិតបានត្រូវលក់ឲ្យរដ្ឋ ហើយគោលការណ៍នេះ ត្រូវបានអនុវត្តបន្តបន្ទាប់ពីរដ្ឋវិនិយោគចម្ការកៅស៊ូទៅឲ្យក្រុមហ៊ុនតាយសេង កាលពីឆ្នាំ១៩៩៧។
មន្ត្រីគ្រប់គ្រងចម្ការកៅស៊ូរដ្ឋខេត្តរតនគិរី ឲ្យដឹងថា ប្រធានក្រុមសាមគ្គីជាច្រើនបានលក់សិទ្ធិធ្វើអាជីវកម្មរបស់ខ្លួនជាលក្ខណៈឯកជនក្នុងតម្លៃខ្ពស់ ហើយអ្នកទិញបន្តបានលក់ចេញបំបែកជាក្រុមតូចៗប្រមាណជិត ៨០ក្រុមទៀត ហើយទាមទារយកចម្ការកៅស៊ូរដ្ឋជាកម្មសិទ្ធិឯកជនលក់ជ័រកៅស៊ូទៅទីផ្សារសេរីនិងចោទប្រកាន់ក្រុមហ៊ុនតាយសេង ថា កេងប្រវ័ញ្ចលើគុណភាពនិងតម្លៃជ័រកៅស៊ូ។
តំណាងក្រុមសាមគ្គី លោក ឆែ ច័ន្ទ មានប្រសាសន៍ថា ក្រុមសាមគ្គីមិនយល់ព្រមធ្វើអាជីវកម្មតាមរចនាសម្ព័ន្ធភូមិផលិតគ្រប់គ្រងដោយក្រុមហ៊ុននោះទេ ៖ «គឺកើតចេញពីការក្លែងបន្លំឯកសារទាំងអស់ អ៊ីចឹងយើងធ្វើការទាមទារ យើងបានប្ដឹងផ្ដល់អស់ហើយ»។
ក្រសួងកសិកម្មបានចេញសេចក្តីសម្រេចកាលពីឆ្នាំ២០០៧ ប្រកាសរំសាយក្រុមសាមគ្គីទាំង៣៤ក្រុមចោល ហើយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីខែកញ្ញា ឆ្នាំ២០០៨ បានចេញសេចក្តីជូនដំណឹងស្តីពីការឯកភាពរបស់ប្រមុខរាជរដ្ឋាភិបាលនិងជំរុញឲ្យក្រសួងកសិកម្មនិងអាជ្ញាធរខេត្តអនុវត្តការរំសាយនេះ។
អនុប្រធានគណៈកម្មការសម្របសម្រួលរៀបចំក្រុមសាមគ្កី លោក ជ័យ សាយឿន បញ្ជាក់ ៖ «យើងមិនអាចទៅធ្វើ...ស.ជ.ណ. ហ្នឹងបានទេ ព្រោះ ស.ជ.ណ. របស់គណៈរដ្ឋមន្រ្តី ប៉ុន្តែយើងបានធ្វើរបាយការណ៍ប្រតិកម្មរបស់គាត់ទៅគណៈរដ្ឋមន្រ្តីវិញ ប៉ុន្តែគាត់អត់ទាន់ឆ្លើយ»។
ចំណែកមន្រ្តីគ្រប់គ្រងស្ថិតិចម្ការកៅស៊ូ ខេត្តរតនគិរីនៃក្រសួងកសិកម្ម លោក ហែម សុផល បញ្ជាក់បន្ថែមដូច្នេះថា ៖ «អានេះជាសិទ្ធិគេ គេសុំទៅលើទៅ ប៉ុន្តែខ្ញុំដឹងថា មិនបានជាល្អទេ ពីព្រោះការងារវិនិយោគ»។
កាលពីឆ្នាំ២០០៦ ប្រធានក្រុមសាមគ្គីទាំងអស់បានដាក់ញត្តិជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំគ្រប់គ្រងចម្ការកៅស៊ូក្រុមសាមគ្គី ១.៣០០ហិកតារផ្តាច់មុខនិងសុំជាកម្មសិទ្ធិឯកជន ក៏ប៉ុន្តែទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីសម្រេចបដិសេធ។
តាមខ្លឹមសារលិខិតជូនដំណឹងរបស់គណៈកម្មការសម្របសម្រួល ឲ្យដឹងថា នឹងមានការជ្រើសរើសប្រធានក្រុមថ្មីជំនួស ប្រសិនអតីតប្រធានក្រុមសាមគ្គីមិនមកចុះឈ្មោះតាមកាលកំណត់៕