តុលាការក្រុងភ្នំពេញគ្រោងបើកសវនាការនៅថ្ងៃ២២ កក្កដាខាងមុខនេះ ដើម្បីកាត់ទោសមន្ត្រីជាន់ខ្ពស់នៃក្រសួងអធិការកិច្ចមួយរូប និងឈ្មួញដីធ្លីម្នាក់ទៀត ពីបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយស៊ីសំណូកជាប្រាក់ចំនួន ២០ម៉ឺនដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍ភូតកុហកក្រសួងអធិការកិច្ច និងប្រមុខរដ្ឋាភិបាលកម្ពុជាកន្លងមក។
ជនជាប់ចោទចំនួន ២នាក់នោះមានឈ្មោះ សេង យៀន មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងអធិការកិច្ច និងទំនាក់ទំនងសភា និងព្រឹទ្ធសភា ព្រមទាំងឈ្មួញកណ្ដាលម្នាក់គឺលោកស្រី ឌី ព្រឹម បានរងការចោទប្រកាន់ថា បានឃុបឃិតគ្នាធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ ដើម្បីរឹបយកដីធ្លីចំនួនជាង ៥ហិកតារពីកសិករឈ្មោះ ហួត សារុំ នៅខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់សង្ស័យ ២នាក់នេះ តាមមាត្រាទី៣៨ និងមាត្រាទី៥៨ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល សម័យអ៊ុនតាក់ (UNTAC)។

មន្ត្រីតុលាការបានអះអាងថា សំណុំរឿងនេះមិនទាក់ទងនឹងច្បាប់ប្រឆាំងអំពើពុករលួយទេ ព្រោះរឿងហេតុនេះបានកើតឡើងមុនពេលច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានអនុម័ត។
ប្រភពបានអះអាងថា ដើមបណ្ដឹងនៃសំណុំរឿងពុករលួយនេះ គឺក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា។
មេធាវីការពារក្ដីឲ្យគ្រួសាររងគ្រោះជាកសិករ អ្នកស្រី ហួត សារុំ គឺលោក កៅ ទី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែកក្កដានេះ ថា ៖ «សុំឲ្យតុលាការផ្ដន្ទាទោស ជនជាប់ចោទឲ្យបានធ្ងន់ធ្ងរ កុំឲ្យមានជាគំរូ»។
កសិកររងគ្រោះ គឺអ្នកស្រី ហួត សារុំ អាយុ ៦៥ឆ្នាំ នៅក្នុងខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ បានថ្លែងថា ៖ «គឺត្រូវដាក់គុក ដាក់គុក! អត់មានឲ្យសល់នរណាម្នាក់ទេ ពីព្រោះអ្នកឯងធ្វើបាបខ្ញុំឆ្អែតហើយ»។
មូលហេតុដែលនាំឲ្យលោក សេង យៀន និងឈ្មួញកណ្ដាលឈ្មោះ ឌី ព្រឹម បានរងការចោទប្រកាន់នោះ គឺដោយសារក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា ព្រមទាំងអាជ្ញាធររដ្ឋាភិបាលកម្ពុជា បានស្រាវជ្រាវរកឃើញថា លោក សេង យៀន បានទទួលប្រាក់សំណូកចំនួន ៤ម៉ឺនដុល្លារអាមេរិកនៅក្នុងចំណោមប្រាក់សំណូកសរុប ២០ម៉ឺនដុល្លារអាមេរិកពីប្រជាពលរដ្ឋចំនួន ១០នាក់ និងឈ្មួញកណ្ដាលឈ្មោះ ឌី ព្រឹម កាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩កន្លងទៅ ដើម្បីធ្វើរបាយការណ៍ភូតកុហកក្នុងការរឹបយកដីស្រែជាង ៥ហិកតារពីកសិករឈ្មោះ ហួត សារុំ។
ប្រភពបានឲ្យដឹងថា ការធ្វើរបាយការណ៍ភូតកុហកដូច្នេះ គឺក្នុងបំណងដើម្បីឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីចេញលិខិតស.ជ.ណ.មួយ ដើម្បី រឹបយកដីធ្លីជាង ៥ហិកតារនោះ ដើម្បីជាឱកាសលក់ឲ្យក្រុមហ៊ុនមួយក្នុងតម្លៃជាង ៧លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រ។
រហូតមកដល់ពេលនេះ កសិករឈ្មោះ ហួត សារុំ កំពុងតែកាន់កាប់ដីស្រែនោះនៅឡើយទេ ដោយសារដីធ្លីនោះមិនត្រូវបានលក់នៅឡើយ នៅគ្រាដែលបែកការណ៍ ឬធ្លាយរឿងអាស្រូវ។
មេធាវីការពារក្ដីឲ្យលោក សេង យៀន គឺលោក ណាច គ្រី បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលដីកានៅឡើយទេ ដើម្បីចូលរួមក្នុងសវនាការនាពេលឆាប់ៗនេះ ៖ «អត់បានទទួលដីកាផង ក្រែងលោគាត់ឈប់ពឹងពាក់ខ្ញុំ!»។
មេធាវីការពារក្តីឲ្យលោកស្រី ឌី ព្រឹម គឺលោក ចាន់ វិចិត្រ បានមានប្រសាសន៍ថា លោកត្រៀមខ្លួនរួចហើយ ៖ «ដឹងការងារ ដែលត្រូវការពារអីម៉េចៗហើយ គាត់អត់មានកំហុសណា៎!»។
ឯកសារ និងប្រភពដែលវិទ្យុអាស៊ីសេរីទទួលបាន បានឲ្យដឹងថា លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ចប់តំណែងរបស់លោក សេង យៀន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩កន្លងទៅនេះ គឺនៅមុនពេលដែលតុលាការក្រុងភ្នំពេញ បានចោទប្រកាន់លោក និងលោកស្រី ឌី ព្រឹម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០។
ប្រភពអ្នកច្បាប់បានឲ្យដឹងថា បើសិនតុលាការរកឃើញថា អ្នកទាំងពីរមានទោសកំហុសមែននោះ តុលាការនឹងផ្ដន្ទាទោសឲ្យជាប់គុកពី ៣ឆ្នាំ ទៅ ៧ឆ្នាំ តាមមាត្រាទី៣៨ ក្រោមបទស៊ីសំណូក និងពី ១ឆ្នាំ ទៅ ៣ឆ្នាំ តាមមាត្រាទី៥៨ ក្រោមបទសូកប៉ាន់នៃច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់៕