ប្រជាពលរដ្ឋមួយចំនួនដែលជាអ្នកជំងឺរបេង កំពុងរស់នៅតាមភូមិ ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានចោទប្រកាន់មន្ត្រីមណ្ឌលសុខភាពឃុំព្រៃជ្រូកថា បានយកលុយពីអ្នកជំងឺរបេងនៅពេលដែលពួកគេបានទៅរកសេវាព្យាបាលក្នុងមណ្ឌលសុខភាពប្រចាំឃុំនោះ។
ស្ត្រីវ័យចំណាស់ម្នាក់ រស់នៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ដែលសុំមិនបញ្ចេញឈ្មោះកំពុងទទួលថ្នាំមកព្យាបាលរោគរបេង បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ ទី២៨ ខែសីហាថា គាត់មានរោគរបេង ហើយនៅពេលគាត់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាពឃុំព្រៃជ្រូក គឺគាត់បានឲ្យលុយ៨ម៉ឺនរៀលទៅអនុប្រធានមណ្ឌលសុខភាពនោះម្នាក់ ដើម្បីឲ្យគ្រូពេទ្យធ្វើការ និងបើកថ្នាំព្យាបាលឲ្យគាត់ឲ្យបានឆាប់រហ័ស ៖ «គេយកមែននោះឯង ប៉ុន្តែខ្ញុំឲ្យគេ៨ម៉ឺន។ ខ្ញុំវាបន្ទាន់កូនក៏វាមិនបានធ្វើការធ្វើងារអីផង ក៏ប្រញាប់បានថ្នាំលេប។ ខ្ញុំបន្ទាន់ក៏ឲ្យទៅគេ ក៏គេប្រញាប់ឲ្យខ្ញុំ»។
អ្នកជំងឺរបេងមួយចំនួនទៀតដែលធ្លាប់ទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃជ្រូក ក៏បាននិយាយដូចគ្នាដែរថា គេសុទ្ធតែបានបង់ប្រាក់ទៅឲ្យគ្រូពេទ្យក្នុងមណ្ឌលសុខភាពនោះ ដោយគ្រាន់តែចំនួនទឹកលុយដែលគេបានឲ្យទៅខុសៗ គ្នាប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកគ្រប់គ្រងរបស់មណ្ឌលសុខភាពនោះ បានបដិសេធឆ្លើយតបនឹងការចោទប្រកាន់នោះយ៉ាងខ្លាំងក្លាថា ជាការចោទប្រកាន់មិនពិត។
លោក ជា ឡា ប្រធានមណ្ឌលសុខភាពឃុំព្រៃជ្រូក បានមានប្រសាសន៍ថា លោកបានចុះធ្វើការផ្សព្វផ្សាយនៅតាមភូមិជាញឹកញាប់ថា ការព្យាបាលរោគរបេងពុំមានបង់លុយទេ។
លោក ជា ឡា បានបដិសេធថាគ្រូពេទ្យរបស់លោកមិនបានយកលុយពីអ្នកជំងឺរបេងណាមួយទេ។ លោកជំរុញឲ្យអ្នកដែលចោទប្រកាន់នោះចង្អុលមុខចំៗ ចំពោះគ្រូពេទ្យណាមួយដែលបានយកលុយពីអ្នកជំងឺរបេងនោះ ៖ «រឿងបង់លុយបង់កាក់ខ្ញុំបដិសេធទាំងសព្វ។ ចង្អុលមុខទៅ ហើយចង្អុលឲ្យច្បាស់ៗ ខ្ញុំមិនចូលចិត្តអាថាប៉ាតណាប៉ាតណីព្រាវផ្ដេសផ្ដាសទៅណាទៅណីទេ។ ខ្ញុំចុះទៅផ្សព្វផ្សាយនៅតាមភូមិថា របេងមិនឲ្យលុយគេមិនត្រូវយកប្រាក់ មិនត្រូវអ្វីទាំងអស់»។
ទោះយ៉ាងណា អ្នកជំងឺរបងខ្លះដែលធ្លាប់ទៅព្យាបាលនៅទីនោះ នៅតែអះអាងថា គ្រូពេទ្យមណ្ឌលសុខភាពឃុំព្រៃជ្រូក ពិតជាធ្លាប់យកលុយពីពួកគេ។
លោក លើប លឿត នៅភូមិព្រៃជ្រូកបានអះអាងថា គាត់ទើបតែបញ្ឈប់ការលេបថ្នាំព្យាបាលរបេងកាលពី៦ខែមុន ដោយកាលណោះ លោកបានឲ្យលុយទៅគ្រូពេទ្យមណ្ឌលសុខភាពចំនួន១០ម៉ឺនរៀល និងស្ត្រីឈ្មោះ ថោង រុំ នៅភូមិព្រៃជ្រូកដែរ ក៏បានអះអាងថា គាត់ធ្លាប់ព្យាបាលរបេងកាលពី៣ឆ្នាំមុន ក៏បានបង់លុយ៦ម៉ឺនរៀលទៅឲ្យគ្រូពេទ្យដែរ។
មន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការព្យាបាលជំងឺរបេងគឺជាកម្មវិធីថ្នាក់ជាតិ ដែលហៅថា ដូត (DOT) ដោយមិនតម្រូវឲ្យបង់ប្រាក់ទេ។
កាលពីជាង១ឆ្នាំមុន ប្រធានមណ្ឌលសុខភាពនៅឃុំរោងគោ ស្រុកក្រឡាញ់ធ្លាប់បានទទួលការដាក់ពិន័យ ដោយដកបញ្ឈរជើងមួយរយៈ ដោយសារតែមានការអះអាងពីប្រជាពលរដ្ឋថា បានទទួលយកលុយពីអ្នកព្យាបាលជំងឺរបងនោះដែរ៕