ក្រុមអ្នកនេសាទត្រីតាមទន្លេសាប នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបចំនួនជាង ១៨០គ្រួសារ បានលើកគ្នាទៅកាន់សាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ ខែឧសភា ដើម្បីសុំឲ្យអាជ្ញាធរខេត្តជួយបន្ធូរបន្ថយផ្លូវច្បាប់ឲ្យពួកគេបានប្រើឧបករណ៍នេសាទត្រីម្យ៉ាង ឈ្មោះ រ៉ាវ នៅមុនពេលរដូវបិទនេសាទត្រីជិតមកដល់ដែលសល់តែ ១ខែខាងមុខទៀតនេះ។
ការលើកគ្នាមកសុំឲ្យមន្ត្រីខេត្តជួយបន្ធូរបន្ថយច្បាប់ ក្នុងការប្រើឧបករណ៍នេសាទនោះ បន្ទាប់ពីមន្ត្រីជលផល បានហាមឃាត់មិនឲ្យប្រើឧបករណ៍ទាំងនោះនេសាទត្រី ដោយគេអះអាងថា ជាឧបករណ៍ដែលច្បាប់នេសាទបានហាមឃាត់។
បុរសអ្នកនេសាទត្រីម្នាក់ឈ្មោះ ហាប់ ដា ក្នុងចំណោមអ្នកនេសាទជាច្រើនទៀត ដែលលើកគ្នាមកសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ បានមានប្រសាសន៍ថា ពួកគាត់ជាអ្នកនេសាទត្រីលក្ខណៈគ្រួសារតិចតួច ដោយដាក់ឧបករណ៍រ៉ាងក្នុងទន្លេសាប ប៉ុន្តែមន្ត្រីជលផលបានកាប់បំផ្លាញអស់ មិនមានអ្វីរករបរចិញ្ចឹមជីវិតទេ។
គាត់បន្តថា ៖ «សុំអភិបាលខេត្តជួយបន្ធូរបន្ថយ ដើម្បីឲ្យប្រជាពលរដ្ឋនេះ បានរកមុខរបរតូចតាចដាក់រ៉ាវសាច់មងក្រឡានោះ វាទំហំ ៣ហ៊ុន ជលផលនេះបានកាប់បំផ្លាញអស់ទៅ ប្រជាពលរដ្ឋនេះ គ្នាដាច់បាយ គ្នាអត់មានមុខរបរ អត់មានស្រែធ្វើទេណា៎»។
ស្ត្រីម្នាក់ទៀតឈ្មោះ ឈឿង សុផល ដែលជាអ្នកនេសាទដែរ បានបន្ថែម ៖ «ម្នាក់ៗ ដាច់បាយអស់ហើយ ដូចជារូបខ្ញុំផ្ទាល់អីចុះឯង ធ្វើរបរដាក់ណរ៉ាវសាច់មងនេសាទត្រី។ ខ្ញុំសង្ឃឹមថាបានរបរនេះឯង ដែលថា ដោះស្រាយជីវភាពដល់ពេលខាងជលផលចេញទៅ ទៅកាប់បង្គោលកាប់សាច់មងតែ១ដើមក៏អត់ទុកដែរ ហើយមួយទៀត គេដុតចោលអស់ទៀត ក៏ខ្ញុំអត់អីរក»។
ទោះយ៉ាងណា លោក ទឹម សាវុធ នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបនៃអធិការដ្ឋានរដ្ឋបាលជលផល ខាងជើងបឹងទន្លេសាប បានមានប្រសាសន៍ថា រដ្ឋបាលជលផលមិនបានយល់ព្រមនឹងសំណើរបស់អ្នកនេសាទទាំងនោះទេ ពីព្រោះពួកគេបានមកសុំអនុញ្ញាតប្រើឧបករណ៍នេសាទខុសច្បាប់។
លោកមានប្រសាសន៍បន្តថា ៖ «ប្រភេទនេសាទគាត់ហ្នឹង ខ្លះគាត់ធ្វើជាលក្ខណៈគ្រួសារ ខ្លះជាលក្ខណៈសិប្បកម្ម។ ក៏ប៉ុន្តែគ្រួសារហ្នឹងក៏វាខុសច្បាប់ ដូចជាលបណរ៉ាវ អ៊ីចឹងគាត់ដាក់ប្រវែងរហូតដល់រាប់រយម៉ែត្រឯណោះ វាខុស ហើយក្រឡាអួនគាត់ប្រើតូចជាង១ហ៊ុនកន្លះ។ លបណរ៉ាវអ៊ីចឹងគេអត់ឲ្យគាត់ប្រើសាច់មងអ៊ីចឹង គាត់ដាក់សាច់មង ដែលធ្វើឲ្យវាខុស។ កន្លងមក គាត់បានទៅជួបខ្ញុំនៅខណ្ឌរដ្ឋបាលជលផលសៀមរាប គាត់សុំឲ្យជលផលបន្ធូរបន្ថយលើកលែងការបង្ក្រាបបទល្មើសមួយចំនួន ជាពិសេសការដាក់រ៉ាវហ្នឹង ក៏ប៉ុន្តែខ្ញុំបានឲ្យគាត់ហ្នឹងមកជួបខេត្តមក ព្រោះខ្ញុំជាអ្នកអនុវត្តច្បាប់»។
លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា លោកមិនអាចអន្តរាគមន៍ជួយបន្ធូរបន្ថយតាមការស្នើសុំរបស់ប្រជានេសាទទាំងនោះបានទេ ពីព្រោះច្បាប់នេសាទបានចែងមក មិនឲ្យប្រើឧបករណ៍ក្រឡាល្អិត ដែលយកទៅអូសបណ្ដាលឲ្យងាប់ទាំងត្រីតូចៗ និងកំពឹសមិនសល់នោះ៕