សម្ពោធ​ស្ពាន​អាកាស​ដែល​សាង​សង់​លើក​ដំបូង​នៅ​កម្ពុជា

ស្ពាន​អាកាស​ក្បាល​ថ្នល់ ដែល​គេ​សង់​នៅ​ពី​លើ​វិថី​លើក​ដំបូង​បំផុត នៅ​ប្រទេស​កម្ពុជា ដែល​ជា​ចំណុច​ប្រសព្វ​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ​១ លេខ​២ និង​ផ្លូវ​ព្រះ​មុនីវង្ស ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ មិថុនា​នេះ។

អភិបាល​ក្រុងភ្នំពេញ លោក កែប ជុតិមា មាន​ប្រសាសន៍​ថា ការ​សាង​សង់​ស្ពាន​អាកាស​នេះ​ឡើង ដើម្បី​បញ្ចៀស​ចរាចរណ៍​កក​ស្ទះ ដែល​ពីមុន​នៅ​ទី​នេះ គឺ​ជា​រង្វង់​មូល​ក្បាល​ថ្នល់ ដែល​មាន​អ្នក​ធ្វើ​ដំណើរ​កក​កុញ ខ្វាត់​ខ្វែង ៖ «...សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​សាលា​រាជធានី​ភ្នំពេញ កសាង​ស្ពាន​អាកាស​នេះ​ឡើង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ ដោយ​ប្រើ​ប្រាស់​ថវិកា​បាន​មក​ពី​ការ​វិនិយោគ​របស់​រាជធានី​ភ្នំពេញ ជា​មួយ​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា...»

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​ចូល​រួម​ជា​អធិបតី នៅ​ក្នុង​ការ​សម្ពោធ​ស្ពាន​នោះ មាន​ប្រសាសន៍​ថា រំពឹង​ថា​នឹង​លែង​មាន​ការ​ស្ទះ​ចរាចរណ៍​នៅ​កន្លែង​នោះ​ទៀត​ហើយ ។ លោក​នាយ​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ថែ​រក្សា​ស្ពាន​នោះ​ដែរ ៖ «ក្រោយ​ពេល​ដែល​យើង​សម្ពោធ​នេះ​ទៅ ចរាចរណ៍​តាម​ផ្លូវ​នេះ គឺ​មិន​ស្ទះ​ត​ទៅ​ទៀត​ទេ ដោយសារ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​២ ហើយ​ពី​ផ្លូវ​ជាតិ​លេខ​២ ចូល​មក​កាន់​ទី​ក្រុង​ភ្នំពេញ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស។ ឯ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ចេញ​ទៅ​ផ្លូវ​ជាតិ​លេខ​១ និង​ពី​ផ្លូវ​ជាតិ​លេខ​១ ចូល​មក​ទី​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ដំណើរ​នៅ​ខាង​ក្រោម ហើយ​សង្ឃឹម​ថា រថយន្ត​ទាំង​ឡាយ​នឹង​មិន​ជ្រុល​ចង្កូត​ទៅ​បុក​សសរ​ស្ពាន​នោះ​ទេ»

ស្ពាន​អាកាស​ក្បាល​ថ្នល់ 305
២៤-មិថុនា-២០១០: ស្ពាន​អាកាស​ក្បាល​ថ្នល់ (RFA/Sok Serey)

ស្ពាន​អាកាស​ក្បាល​ថ្នល់ ដែល​ស្ថិត​នៅ​អតីត​រង្វង់​មូល​ក្បាល​ថ្នល់ ត្រូវ​បាន​គេ​សាង​សង់ កាល​ពី​ឆ្នាំ​២០០៩ ក្នុង​រយៈ​ពេល ១​ឆ្នាំ​គត់ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់ ជាង​៦​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​អាណិកជន​ខ្មែរ​របស់​លោក ពុង ខៀវ​សែ។

បន្ទាប់​ពី​ការ​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស ទី​១​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​គ្រោង​ថា គេ​នឹង​សាង​សង់​ស្ពាន​អាកាស​ទី​២ បន្ថែម​ទៀត នៅ​ស្តុប​ពេទ្យ​លោក​សង្ឃ​បន្ត​ទៀត ដើម្បី​បញ្ចៀស​ការ​ស្ទះ​ចរាចរណ៍​ដូច​គ្នា​នេះ​ដែរ។

នៅ​ប្រទេស​កម្ពុជា ចរាចរណ៍​មាន​ការ​កក​ស្ទះ​ដោយសារ​មាន​ម៉ូតូ​ចំនួន ៨០​ម៉ឺន​គ្រឿង និង​មាន​រថយន្ត​ចំនួន ១៧​ម៉ឺន​គ្រឿង។ ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​គេ​រអ៊ូរទាំ​គ្រប់​គ្នា​ថា​កក​ស្ទះ​ណែន​ណាន់ នៅ​គ្រា​ដែល​ផ្លូវ​ថ្នល់​ក្នុង​ក្រុង​តូច​ចង្អៀត រួម​ជា​មួយ​អ្នក​ធ្វើ​ដំណើរ ធ្វើ​ចរាចរណ៍​រញ៉េរញ៉ៃ មិន​សូវ​គោរព​ច្បាប់​ទន្លាប់៕