មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​នឹង​ត្រូវ​ដក​ចេញ​ពី​រដ្ឋាភិបាល

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ការបែក​បាក់​គ្នា​ដោយ​មាន​មួយ​ក្រុម​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​ដទៃទៀត ថ្កោលទោស​លទ្ធផល​ការបោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​មាន​ការដក​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​ចេញ​ពី​រដ្ឋាភិបាល ។

0:00 / 0:00

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ ថា រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​ដឹកនាំ​នឹង​ដក​មន្ត្រី​មួយចំនួន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ស្និទ្ធ​ជាមួយ​លោក កែវ ពុទ្ធរស្មី ហើយ​រក្សា​ទុក​មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​ជាមួយ​លោក ញឹក ប៊ុនឆៃ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «គណបក្ស​ប្រជាជន​បាន​សម្រេច​យក​ហ៊្វុនស៊ិចប៉ិច ព្រោះ​ហ៊្វុនស៊ិចប៉ិច​បែក​ជា​២ អ៊ីចឹង​យើង​យក​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​របស់​លោក ញឹក ប៊ុនឆៃ គឺ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល ។ ហើយ​ព្រឹកមិញ​ឯកឧត្ដម សុខ អាន បាន​ឲ្យ សេរីរ័ត្ន ចេញ​ពី​រដ្ឋាភិបាល​ហើយ ល្ងាច​នេះ​លោក កែវ ពុទ្ធរស្មី នឺង​ទៅ​ចេញ​ពី​រដ្ឋាភិបាល»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ឈ្មោះ​ត្រូវ​ដក​ចេញ​នោះ​បាន​មាន​បន្ទូល​ឲ្យ​ដឹង​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣០ កក្កដា​នេះ ព្រះអង្គ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បាន​មាន​បន្ទូល​ថា ៖ «មិន​ទាន់​ឮ​អី​ផ្ទាល់​ពី​សម្ដេច​នាយក​ផង គ្រាន់តែ​ឮ​ល្ហៀងៗ​អ៊ីចឹង ប៉ុន្តែ​មិន​ដែល​និយាយ​ផង មាន​តែ​ប៉ុណ្ណឹង ។ អត់​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​បាន​ទេ ចាំ​មើល​ដក​សិន​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​បាន ពីព្រោះ​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍ ត្រូវតែ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​វិធានការ​របៀប​ម៉េច បាន​យើង​អាច​ចាត់ការ​រឿង​នយោបាយ​ត​ទៅ​អនាគត​យ៉ាង​ម៉េច»

កែវ និមល ៖ ប៉ុន្តែ​ឥឡូវ​ព្រះអង្គ​ទទួល​ស្គាល់​ថា មាន​ការបែកបាក់​ផ្ទៃ​ក្នុង​រវាង​ព្រះអង្គ និង​ឯកឧត្ដម កែវ ពុទ្ធរស្មី ជាមួយនិង លោក ញឹក ប៊ុនឆៃ ដែរ​ក្រាបទូល ?

ស៊ីសុវត្ថិ សិរីរ័ត្ន ៖មិន​ទទួល​ស្គាល់​ទេ ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​សេរី​ណាស់ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មនុស្ស​ម្នាក់ៗ​អាច​ចេញ​យោបល់​បាន ។

កាលពី​ថ្ងៃ​ទី​២៨ កក្កដា​កន្លង​មក​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន តំណាង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​ជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ ដោយ​បាន​ចាត់ទុក​ថា​ការបោះ​ឆ្នោត​នោះ​មាន​ការបន្លំ​និង​ការចាត់ចែង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ទៀត​ដែល​គេ​ជឿ​ថា​ជា​ក្រុម​របស់​លោក​អគ្គលេខាធិការ ញ៉ឹក ប៊ុនឆៃ នោះ បាន​បដិសេធ ។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ផងដែរ លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​នាម​ដើម​បណ្តឹង​បាន​សុំ​ដក​ពាក្យ​ប្ដឹង​ចំពោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ពី​បទ​បាន​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សុំ​ឲ្យ​តុលាការ​លើកលែង​ទោស​ចំពោះ​ព្រះអង្គ​ផងដែរ ។

ដោយសារ​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​គុក​និង​ផាក​ពិន័យ​ប្រាក់​ព្រះអង្គ ហើយ​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ បាន​គង់​និរទេស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ចូលរួម​ការឃោសនា​បោះ​ឆ្នោត​បាន​ទេ ៕