បក្សប្រឆាំងទាមទារឲ្យសភាពិនិត្យគម្រោងស្នើសុំថវិកាជំនួយឡើងវិញ
2008.11.28
អ្នកតំណាងរាស្ត្រ សុន ឆៃ មកពីគណបក្សសមរង្ស៊ីបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា ៖ «យើងឃើញហើយ យើងខ្ចីលុយរហូតដល់ទឹកប្រាក់ដែលយើងខ្ចីហ្នឹងវាស្មើនឹង១០០%នៃGDPហើយ... ក្នុងពិភពលោកគេមិនដែលឲ្យប្រទេសមួយទៅខ្ចីលុយគេរហូតដល់ស្មើនឹងទឹកប្រាក់ដែលប្រទេសទាំងមូលរកបានក្នុងមួយឆ្នាំ បើយើងជំពាក់គេស្មើនឹងយើងរកបានក្នុងមួយឆ្នាំ គឺគ្មានវិធីណាដែលយើងអាចសងគេបានទេ។ ដូច្នេះបានជាចាំបាច់ត្រូវឲ្យមានរដ្ឋសភាទៅពិនិត្យឡើងវិញ។ ការខ្ចីមួយៗ... ត្រូវតែចែកគ្នាឲ្យដាច់ កុំឲ្យខ្ចីជាកញ្ចប់ សព្វថ្ងៃនេះយើងឲ្យខ្ចីជាកញ្ចប់»។
ការថ្លែងនេះស្របពេលដែលរដ្ឋាភិបាលខ្មែរគ្រោងនឹងបើកកិច្ចប្រជុំមួយជាមួយក្រុមប្រទេសអ្នកផ្តល់ជំនួយនាដើមខែធ្នូខាងមុខ ប្រយោជន៍គៀងគររកថវិកាជំនួយជាង៥០០លានដុល្លារសហរដ្ឋអាមេរិកនោះ។
ផ្ទុយទៅវិញ លោក ជាម យៀប អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាបានថ្លែងថា គម្រោងសុំនិងការចំណាយថវិការបស់រដ្ឋាភិបាលតែងបានពិនិត្យដោយរដ្ឋសភា។ ឆ្នាំកន្លងទៅកម្ពុជាទទួលបានជំនួយបរទេសចំនួន៦៩០លានដុល្លារ។ ផែនការគៀងគររកជំនួយបរទេសនាឆ្នាំនេះ គឺបានធ្វើឡើងស្របពេលដែលប្រទេសអ្នកផ្តល់ជំនួយដែលរួមមានទាំងសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងប្រទេសចិន គឺកំពុងតែរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក។
ក៏ប៉ុន្តែ លោក ជាម យៀប ថ្លែងរំពឹងទៀតថា តំណាងប្រទេសអ្នកផ្តល់ជំនួយនឹងយល់ព្រមផ្តល់ជំនួយជាង៥០០លានដុល្លារតាមការស្នើរបស់រដ្ឋាភិបាលខ្មែរដែលគេនឹងធ្វើនៅក្នុងក្រុងភ្នំពេញ នាថ្ងៃទី៣ ខែធ្នូខាងមុខនោះ។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «យើងមានជំនឿជាក់ថា ដូចជា Consultative Group ដែលគេធ្លាប់ឲ្យថ្ងៃ៣ ខែធ្នូហ្នឹង នឹងធ្វើ អ៊ីចឹងទេយើងឃើញវាមានជំនឿសុទិដ្ឋិនិយមថា គេនឹងជួយយើងបន្តទៅទៀត ទោះបីជាមាន Financial Crisis យ៉ាងណាក៏ដោយ ក៏ប្រទេសជាមិត្តឬក៏សហគមន៍អន្តរជាតិហ្នឹងនឹងអាចជួយផ្ដល់ឲ្យយើងដកបទពិសោធន៍ កាលពីឆ្នាំ២០០៨កន្លងទៅ យើងស្នើសុំ ៦០២លាន (ដុល្លារ) គេឲ្យយើងដល់ទៅ៦៩០លាន»។
ឯកអគ្គរដ្ឋទូតបារាំង លោក Jean Francois Desmazieres បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះដែរថា វិបត្តិហិរញ្ញវត្ថុសាកលលោកនឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការផ្ដល់ជំនួយអភិវឌ្ឍន៍មកឲ្យប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០០៩នោះឡើយ។
សូមជម្រាបថា កម្ពុជាត្រូវការជំនួយបរទេសរវាង៥០០លានដុល្លារទៅជាង៦០០លានដុល្លារអាមេរិក ក្នុងការប្រើប្រាស់ជាមួយថវិកាជាតិដើម្បីអភិវឌ្ឍប្រទេស។ សម្រាប់ឆ្នាំ២០០៩ខាងមុខនេះរដ្ឋាភិបាលខ្មែរគ្រោងដំឡើងការចំណាយថវិកាជាតិរហូតដល់ជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕