គ្រួសារជនរងគ្រោះមួយចំនួនប្រតិកម្មទៅនឹងការវាយកម្ទេចស្ពានពេជ្រ
2011.12.27

ក្រុមគ្រួសារអ្នករងគ្រោះស្លាប់នៅលើស្ពានពេជ្រមួយចំនួន បានចោទប្រកាន់ម្ចាស់ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី (OCIC) ចំពោះការវាយកំទេចស្ពាននោះចោលថា ជារឿងចង់បំបាត់ភស្តុតាងដែលមានមនុស្សស្លាប់នៅលើស្ពានពេជ្រចំនួន ៣៥៣នាក់នោះ។
ឪពុកអ្នករងគ្រោះមួយរូបនៅរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ថា លោកមិនគាំទ្រលើការវាយកម្ទេចស្ពានពេជ្រ ចោលនោះទេ ទោះបីជាស្ពាននោះលោកបានឃើញហើយនឹកដល់កូនប្រុសរបស់គាត់ដែលស្លាប់នោះយ៉ាងណាក្ដី ប៉ុន្តែលោកចង់ឲ្យរក្សាស្ពាននេះទុក ដើម្បីជាភស្ដុតាង និងសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយដឹងថា នៅលើស្ពាននេះមានមនុស្សស្លាប់ចំនួន ៣៥៣នាក់ រួមទាំងកូនលោកផង។
លោកមានប្រសាសន៍បន្តថា៖ «តាមពិតខ្ញុំមិនឲ្យគេវាយស្ពានហ្នឹងចោលទេ ទុកជាកេរដំណែលថា ស្ពាននោះជាក្ដីឈឺចាប់ ទោះបីបិទស្ពាននោះចោល ឬបើកឲ្យគេឆ្លង។ កាលណាវាយកម្ទេចស្ពាននោះចោល ក្មេងជំនាន់ក្រោយមិនបានដឹងថា មនុស្សស្លាប់នៅលើស្ពានកោះពេជ្រនោះដោយរបៀបម៉េចទេ»។
ប្រធានគម្រោងរបស់ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី លោក ទូច សំណាង មានប្រសាសន៍នៅថ្ងៃទី២៧ ខែធ្នូ ថា ការកំទេចស្ពានពេជ្រនៅពេលនេះ ពុំមែនក្នុងន័យថា វាជាប់ទាក់ទងទៅនឹងរឿងមនុស្សស្លាប់កាលពីឆ្នាំ២០១០ នោះទេ។ លោកបញ្ជាក់ថា ការរុះរើស្ពានពេជ្រចេញ ដោយសារតែក្រុមហ៊ុនបានសាងសង់ស្ពានភ្លោះនៅក្បែរនោះរួចរាល់ ដែលចំណាយថវិកាអស់ជាងបីលានដុល្លារអាមេរិក។
លោក ទូច សំណាង បន្ថែមដូច្នេះ៖ «មានបញ្ហាអីទេ ព្រោះយើងមានស្ពានពីរហើយ ធម្មតាស្ពានភ្លោះមានតែពីរ វាមិនដែលមានបីទេ យើងបានសាកល្បងបើកស្ពានពីរនេះមួយរយៈហើយ គឺចរាចរណ៍វាល្អហើយ ដូច្នេះបានជាសម្រេចយកសម្ភារៈស្ពានចាស់ទៅធ្វើឃឿនថ្មីទៀត»។
ស្ពានពេជ្រមានបង្គោល ឬសរសររាងជាត្បូងពេជ្រចំនួន ៤ ដែលគេបំពាក់ភ្លើងស្តុបចម្រុះពណ៌ផ្សេងៗគ្នា សម្រាប់បំភ្លឺនៅពេលរាត្រីនោះ វាជាទីកន្លែងសោកនាដកម្មប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជា ដែលមានមនុស្សផ្អើលរត់ជាន់គ្នាស្លាប់ចំនួន ៣៥៣នាក់ នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។
លោក ទូច សំណាង ជាប្រធានគម្រោងរបស់ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី បានបញ្ជាក់ថា ក្រុមហ៊ុននឹងយកសម្ភារៈពីស្ពានចាស់ទៅសាងសង់ស្ពានថ្មីមួយទៀត នៅឆ្ងាយពីទីតាំងចាស់ប្រមាណ ១ពាន់ម៉ែត្រ ដើម្បីជួយសម្រួលដល់អ្នកដំណើរបន្ថែមទៀត។
ទោះបីជាយ៉ាងនេះក្ដី ក្រុមសារអ្នករងគ្រោះនៅលើស្ពានពេជ្រមួយចំនួន បានលើកហេតុផលថា វាហួសពេលទៅហើយ ចំពោះវិធានការគិតគូរអំពីការការពារនៃភាពកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅកម្សាន្តនៅតំបន់កោះពេជ្រនោះ៕