យុវជនកាយឫទ្ធិយកថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃជូនអំណោយដល់គ្រូបង្រៀន
2013.02.14

ក្រុមយុវជនកាយឫទ្ធិក្នុងរាជធានីភ្នំពេញ យកថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃជូនអំណោយដល់គ្រូបង្រៀន និងមិត្តភក្តិ ដើម្បីបញ្ជាក់ប្រាប់យុវជនផ្សេងទៀតថា ថ្ងៃនេះជាថ្ងៃនៃក្ដីស្រឡាញ់ ដែលមិនមែនជាបុណ្យសម្រាប់តែអ្នកដែលមានដៃគូស្នេហាឡើយ។
ស្នងការជាតិកម្មវិធីយុវជនកាយឫទ្ធិជាតិកម្ពុជា លោក លឹម ម៉ូរ៉ា មានប្រសាសន៍នៅក្នុងពិធីជួបជុំនោះថា ក្រុមយុវជនកាយឫទ្ធិនឹងចែករំលែកសារ ដែលជាអត្ថន័យពិតប្រាកដនៃថ្ងៃទី១៤ ខែកុម្ភៈ ដល់យុវជនផ្សេងទៀតនៅក្នុងមហាវិទ្យាល័យ និងសមាជិកក្នុងគ្រួសាររបស់ពួកគេ៖ «ក្មួយៗដែលបានចូលរួមហ្នឹងគាត់បានយល់ពីខ្លឹមសារនៃទិវានេះច្បាស់លាស់ ហើយគាត់នឹងអាចយកព័ត៌មានជុំវិញសកម្មភាពរបស់គាត់ហ្នឹង យកទៅចែករំលែកដល់មិត្តភក្តិរបស់គាត់ ហើយគាត់អាចយកគំរូនេះទៅប្រើប្រាស់នៅនៅក្នុងការគោរពស្រឡាញ់ចំពោះក្រុមគ្រួសាររបស់គាត់»។
ក្រុមនិស្សិតកាយឫទ្ធិ ចំនួន ១៤០នាក់ ដែលបានជួបជុំគ្នាមកពីគ្រឹះស្ថានចំនួន ៤ រួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេបាននាំគ្នាយកផ្កា និងវត្ថុអនុស្សាវរីយ៍ទៅជូនលោកគ្រូអ្នកគ្រូចំនួន ៥០០រូប ដោយសំអាងថា ជាការដឹងគុណដល់ពួកគាត់។
និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា ផុន ស្រីពៅ អោយដឹងថា នាងពេញចិត្តនឹងចូលរួមក្នុងការជំរុញអោយការផ្លាស់ប្ដូរគំនិតចំពោះអត្ថន័យនៃថ្ងៃ ទី១៤ ខែកុម្ភៈ៖ «ពួកខ្ញុំនឹងបន្តនាំយកផ្កា និងក្រមាទៅចែកជូនដល់លោកគ្រូ អ្នកគ្រូ ព្រោះចង់បញ្ជាក់ថា ពួកយើងគោរពស្រឡាញ់ពួកគាត់ដែលពួកគាត់បានផ្ទេរចំណេះពួកយើងកន្លងមក។ កម្មវិធីហ្នឹងល្អសម្រាប់យុវជន គឺអប់រំយុវជនអោយដឹងពីថ្ងៃទី១៤។ មានន័យថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃបុណ្យសង្សារទេ ជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់សម្រាប់ម៉ាក់ប៉ា ឬលោកគ្រូ អ្នកគ្រូ ចាស់ទុំ ដែលយើងធ្លាប់ស្គាល់ពីមុន»។
អ្នកសម្របសម្រួលក្រុមយុវជនកាយឫទ្ធិ លោក សុខ សប្បាយណា បានហៅការជួបជុំយុវជនកាយឫទ្ធិថា ជាពិធីកាយឫទ្ធិ និងការគោរពស្រលាញ់ដែលផ្ដោតលើជំរុញលើកទឹកចិត្ត យុវជនចូលរួមសកម្មភាពសង្គមរំលឹកគុណដល់សាស្ត្រាចារ្យ ថែរក្សាទំនៀមទម្លាប់ឲ្យបានគង់វង្ស ធ្វើជាគំរូដល់យុវជនដទៃទៀត ឲ្យបានយល់ថា ថ្ងៃទី១៤ ខែកុម្ភៈ នេះ ជាទីវានៃក្តីស្រលាញ់ទូទៅ គឺសេចក្ដីស្រលាញ់ក្រុមគ្រួសារ រវាងគ្រូ និងសិស្ស មិត្តភ័ក្តិ និងមិត្តភ័ក្ដិ មិនមែនជាថ្ងៃបុណ្យសង្សារទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។