តុលាការបដិសេធសំណើសុំពន្យារពេលការកោះហៅសមរង្ស៊ី
2009.12.28
តុលាការខេត្តស្វាយរៀងនៅថ្ងៃទី២៨ ខែធ្នូនេះ បានបដិសេធមិនព្រមពន្យារពេលនៃការសាកសួរចម្លើយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនោះទេ នៅគ្រាដែលមេធាវីរបស់លោកបានទៅបង្ហាញខ្លួនជំនួសលោកនៅក្នុងតុលាការតាមការកោះហៅ ដើម្បីដាក់សំណើពន្យារពេលនោះ ដោយមិនកំណត់ថៃ្ងជាក់លាក់។
មន្រ្តីតុលាការខេត្តស្វាយរៀងដែលបានបដិសេធនោះ គឺមានព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរ លោក ទ្បុង កេសភីរម្យ។
លោក ជូង ជូងី ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ដែលបានចូលខ្លួនក្នុងតុលាការខេត្តស្វាយរៀង នៅថៃ្ងច័ន្ទនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា សំណើរបស់លោកសុំឲ្យតុលាការពន្យារពេលសាកសួរកូនក្តីរបស់លោកទៅថៃ្ងក្រោយនោះត្រូវបានបដិសេធយ៉ាងដាច់ខាត។
លោក ជូង ជូងី បានបញ្ជាក់ថា ៖ «ខ្ញុំទៅក្នុងនាមមេធាវី ខ្ញុំបានដាក់ពាក្យសុំពន្យារពេលការចូលខ្លួនរបស់ឯកឧត្ដម សម រង្ស៊ី ដោយមូលហេតុថា មកដល់ថ្ងៃនេះឯកឧត្ដម សម រង្ស៊ី ជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។ ក្រោយពីព្រះរាជអាជ្ញាគាត់ពិនិត្យហើយ គាត់ឆ្លើយមក ចៅក្រមស៊ើបអង្កេតក៏បានចារមកលើពាក្យសុំរបស់ខ្ញុំថា មូលហេតុមិនត្រឹមត្រូវ ដូច្នេះមិនអនុញ្ញាតតាមការសុំទេ»។
សុខ សេរី ៖ តើលោកចង់ពន្យារពេលការសាកសួរហ្នឹងទៅថ្ងៃណាវិញ? ជូង ជូងី ៖ នេះគឺខ្ញុំមិនកំណត់ទេ មិនកម្រិតទេ អាស្រ័យទៅលើចៅក្រម។
ប្រតិកម្មទៅនឹងការបដិសេធរបស់មន្រ្តីតុលាការនោះ លោក សម រង្ស៊ី ជាមេដឹកនាំនៃគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍តាមទូរស័ព្ទពីប្រទេសបារាំងដោយសម្ដីធ្ងន់ៗថា តុលាការមិនឯករាជឋិតនៅក្រោមសម្ពាធនយោបាយ។
លោក សម រង្ស៊ី បានថ្លែងថា ៖ «តុលាការមែនទែនមិនមែននៅទីក្រុងភ្នំពេញ ហើយមិនមែននៅខេត្តស្វាយរៀងទេ។ តុលាការមែនទែន អ្នកដែលសម្រេចពីលើនោះ គឺនៅទីក្រុងហាណូយ នៅប្រទេសវៀតណាមឯណោះ!»។
លោកមិនបានប្រាប់ឲ្យដឹងថា តើលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជានៅពេលណានោះទេដើម្បីឆ្លើយបំភ្លឺនៅក្នុងតុលាការខេត្តស្វាយរៀងនោះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងបាននៅទ្បើយទេដើម្បីសុំការឆ្លើយតបពីមន្ត្រីតុលាការនៅថ្ងៃច័ន្ទនេះទៅនឹងការបរិហាររិះគន់របស់លោក សម រង្ស៊ី។ ប៉ុន្តែលោក ទិត សុធា ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ជាសម្ដីមិនទទួលខុសត្រូវមួយ។
លោក ទិត សុធា បានអះអាងថា ៖ «ឯកឧត្ដម សម រង្ស៊ី បាននិងកំពុងតែមាក់ងាយប្រព័ន្ធតុលាការកម្ពុជា ពីព្រោះអភិបាលស្រុកចន្ទ្រាគឺជាដើមបណ្ដឹង ហើយរឿងក្ដីនេះកំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់តុលាការខេត្តស្វាយរៀង។ នេះគឺជាសម្ដីដោះសា និយាយបែបឡប់ឡែ គឺគ្មានភាពថ្លៃថ្នូរ មិនស័ក្តិសមជាអ្នកចេះដឹងច្បាប់»។
លោក សម រង្ស៊ី បានរងការចោទប្រកាន់ដោយតុលាការខេត្តស្វាយរៀង ក្រោមបទបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានដកបង្គោលតម្រុយព្រំដែនកម្ពុជាវៀតណាមលេខ១៨៥ កាលពីថៃ្ងទី២៥ ខែតុលាកន្លងទៅ នៅក្នុងភូមិកោះក្បានកណ្តាល ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
កាលពីថ្ងៃទី២៣ ខែធ្នូ សប្តាហ៍កន្លងទៅនេះ តុលាការខេត្តស្វាយរៀងបានចាប់ឃុំប្រជាពលរដ្ឋខែ្មរចំនួន ២នាក់ គឺលោក ព្រំ ជា អាយុ ៤១ឆ្នាំ និងលោកស្រី មាស ស្រី អាយុ ៣៩ឆ្នាំ ក្រោមបទបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ ដោយសារតែបានចូលរួមក្នុងការដកបង្គោលតម្រុយព្រំដែនជាមួយនឹងលោក សម រង្ស៊ី នោះដែរ៕