គ្រូ​ចូល​និវត្តន៍​ជាង​១០០​នាក់​នៅ​ព្រៃវែង​មិន​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍

គ្រូ​បង្រៀន​ចំនួន​ប្រមាណ​១០០​នាក់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍​និង​ប្រាក់​គោល​នយោបាយ​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​មូលហេតុ នៅ​គ្រា​ដែល​ពួក​គាត់​ត្រូវការ​ប្រាក់​ទាំង​នោះ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថៃ្ង។

0:00 / 0:00

លោក កែប ម៉ារ៉ាត អាយុ​៧១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​មាត់ព្រៃ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ជា​អតីត​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បាភ្នំ ខេត្ត​ព្រៃវែង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ចូលនិវត្តន៍​ពី​ការងារ​កាលពី​ខែ​មករា ឆ្នាំ​២០០៨​កន្លង​ទៅ។ លោក​បាន​បម្រើការ​ជា​គ្រូ​បង្រៀន​តាំង​ពី​ឆ្នាំ​១៩៨២​មក​ម៉្លេះ។

លោក​មិន​ដែល​បាន​ទទួល​ប្រាក់​គោល​នយោបាយ​ចំនួន​១​លាន​៩៦​ម៉ឺន​រៀល​សម្រាប់​រយៈពេល​៨​ខែ​ម្តង គឺ​រយៈពេល​២​ឆ្នាំ​មក​ហើយ រីឯ​ប្រាក់​សោធនវិវត្តន៍​ជាង​៩​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​នោះ​ទៀត​សោត​ក៏​លោក​មិន​បាន​ទទួល​ដែរ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

លោក កែប ម៉ារ៉ាត បាន​ឲ្យ​ដឹង​ថា ៖ «ដាច់​ពោះ​ហើយ ព្រោះ​អី​ខ្ញុំ​ចាស់​ហើយ រក​អី មិន​ដឹង​រក​អី​ផង។ ពី​ឆ្នាំ​២០០៨ ខែ​១ រហូត​ដល់​២០០៩ ខែ​៦ មិន​ទាន់​បាន​ប្រាក់​គោល​នយោបាយ​ផង»

ចំណែក​ឯ​លោក មាឃ ប៊ន អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ក្តីដូង ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ជា​អតីត​នាយក​សាលា​បឋម​សិក្សា​និង​ជា​គ្រូ​បង្រៀន​កាលពី​ឆ្នាំ​១៩៧៩ ដែល​បាន​ចូលវិវត្តន៍​កាលពី​ខែ​ឧសភា ឆ្នាំ​២០០៨​កន្លង​ទៅ បាន​ថែ្លង​ថា ៖ «គេ​មិន​ទាន់​ឲ្យ ដូច​ថា​មាន​ការយឺតយ៉ាវ ដូច​ថា​គេ​មិន​សូវ​គិត​គូរ​ដល់​មន្រ្តី​រាជការ​ដែល​ចូលនិវត្តន៍​ហ្នុង ដូច​ថា​គេ​មិន​សូវ​គិតគូរ បើ​មាន​ប្រាក់​បំណាច់​អី​ទៅ គ្រាន់​តែ​ថា​ជួយ​ទប់ទល់​ជីវភាព​ខ្វះខាត។ ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​សូម​ឲ្យ​គិតគូរ​ដល់​មន្រ្តី​រាជការ​ដែល​ចូលនិវត្តន៍​ផង»។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​ចំនួន​ជាង​១០០​នាក់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ដែល​បាន​ចូល​និវត្តន៍​ដូច​គ្នា​នោះ មិន​បាន​ទទួល​របប​ប្រាក់​គោលនយោបាយ​ដូចៗ​គ្នា​រហូត​មក​ដល់​ពេល​នេះ។

លោក ពិត ចំណាន ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា​នៃ​ប្រទេស​កម្ពុជា បាន​ថែ្លង​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ចាំ​ក្រសួង​ស្រាវជ្រាវ​មើល ខ្ញុំ​ក៏​អត់​បាន​ដឹង​ដែរ ព្រោះ​ធម្មតា​យើង​ប្រឹងប្រែង​ធ្វើ​ជូន​ហើយ​អត់​អី​ទេ»

ជាមួយ​គ្នា​នេះ​ដែរ លោក ឯក សិទ្ធិ ជា​មន្រ្តី​នៃ​មន្ទីរ​អប់រំ​នៅ​ខេត្ត​ព្រៃវែង​បាន​បំភ្លឺ​ថា ៖ «រឿង​ឯកសារ​បែបបទ​បញ្ជូន​ទៅ​រតនាគារ​អស់​ហើយ​ក្នុង​សប្ដាហ៍​ហ្នឹង ទៅ​ទាក់ទង​គេ​សុំ​បើក ហ្នឹង​ឆ្នាំ​២០០៨។ ជិត​បាន​ហើយ​ទាំងអស់​គ្នា ក្នុង​ឆ្នាំ​២០០៨ គឺ​គ្មាន​សល់​ម្នាក់​ទេ»

លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំនួន​សរុប​ទាំងអស់​នោះ​មាន​ប៉ុន្មាន​នាក់​ទេ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ៖ «អ្នក​ដែល​ចូល​និវត្តន៍​នៅតែ​មិន​ទាន់​បាន​ទទួល​ប្រាក់​សោធននិវត្តន៍ ក៏​ដូច​ជា​ប្រាក់​គោល​នយោបាយ។ យើង​គិត​ថា នេះ​ដោយសារ​តែ​ការិយាធិបតេយ្យ​ទី​១ ទី​២ ដោយសារ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ក្នុង​ស្ថាប័ន​គ្រប់​លំដាប់​ថ្នាក់​ខ្សោយ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បាន​ប្រកាស​ជំរុញ​ឲ្យ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា ពង្រឹង​គុណភាព​សិក្សាធិការ​និង​គុណភាព​នៃ​សេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា៕