ថៃ​ចង់​ឲ្យ​កម្ពុជា​ដោះ​លែង​អ្នក​ទោស​ជា​សកម្មជន​អាវ​លឿង​ម្នាក់​ទៀត

មន្ត្រី​ជាន់​ខ្ពស់​ការទូត​ថៃ ម្នាក់​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ខ្លួន​នៅ​តែ​មាន​បំណង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ឈាន​ទៅ​រក​ការ​លើក​លែង​ទោស និង​ដោះ​លែង​អ្នក​ទោស​សកម្មជន​អាវ​លឿង​ថៃ ម្នាក់​ទៀត​ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) នៅ​ថ្ងៃ​អនាគត។
ដោយ សុខ សេរី
2013.02.07
ស៊ូវ៉ាត់ កែវសុង (Suwat Kaewsook) ថៃ ៣០៥ ប្រធាន​ការិយាល័យ​ការពារ​ផល​ប្រយោជន៍​ជន​ជាតិ​ថៃ​នៅ​បរទេស នៃ​ក្រសួង​ការ​បរទេស​ថៃ នៅ​កម្ពុជា លោក ស៊ូវ៉ាត់ កែវសុង (Suwat Kaewsook) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sok Serey

ការ​ព្យាយាម​នេះ គឺ​ក្រោយ​ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស​ចំនួន ៦​ខែ ក្នុង​ចំណោម​ទោស​សរុប ៨​ឆ្នាំ ជូន​សកម្មជន​អាវ​លឿង​ថៃ រូប​នោះ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ។

មន្ត្រី​ការ​បរទេស​ថៃ នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នឹង​ដោះ​លែង​អ្នក​ទោស​ថៃ ជា​សមាជិក​ក្រុម​អាវ​លឿង​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ ដោយ​ផ្អែក​លើ​ទំនាក់ទំនង​ល្អ​រវាង​មេ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។

ប្រធាន​ការិយាល័យ​ការពារ​ផល​ប្រយោជន៍​ជន​ជាតិ​ថៃ នៅ​បរទេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ស៊ូវ៉ាត់ កែវសុង (Suwat Kaewsook) បាន​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ ប្រាប់​វិទ្យុ​អាស៊ីសេរី នា​ពេល​ថ្មីៗ​នេះ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា និង​រាជ​រដ្ឋាភិបាល​ថៃ កំពុង​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ដូច្នេះ​សេចក្តី​សង្ឃឹម​សម្រាប់​ការ​ដោះ​លែង​លោក វីរៈ ស៊ុំក្វាមឃីត នៅ​តែ​មាន​នៅ​ឡើយ។

លោក ស៊ូវ៉ាត់ កែវសុង៖ «មាន​ការ​សហការ​គ្នា​ល្អ បញ្ហា​ដែល​យើង​មាន​តិចតួច​ខាង​ផ្លូវ​ច្បាប់ ក៏​ដូច​ជា​ករណី​លោក វីរៈ ស៊ុំក្វាមឃីត យើង​នៅ​គិត​ថា​នៅ​ពេល​អនាគត យើង​ទទួល​បាន​នូវ​ការ​មេត្តា​ពី​ខាង​រាជ​រដ្ឋាភិបាល​កម្ពុជា ជួយ​គាត់​ទៅ​តាម​ច្បាប់»។

ចំណែក​ឯ​អ្នក​ទោស​សកម្មជន​អាវ​លឿង​ថៃ ម្នាក់​ទៀត​ឈ្មោះ អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រទាន​ការ​លើក​លែង​ទោស និង​ត្រូវ​បាន​ដោះ​លែង​ជា​ស្ថាពរ​នៃ​ទោស​សរុប​ចំនួន ៦​ឆ្នាំ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

ការ​ប្រទាន​ការ​លើក​លែង​ទោស និង​ការ​បន្ធូរបន្ថយ​ទោស​នោះ គឺ​ក្រោយ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ទទួល​សំណើ​សុំ​ឲ្យ​ដោះ​លែង​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

ទាក់​ទង​បញ្ហា​នេះ នាយក​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា គឺ​លោក សំ ប្រជាមានិត និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ជំហរ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​នោះ៖ «ប៉ុន្តែ គ្រាន់​តែ​ថា​អ្វី​ដែល​ជា​ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត។ យើង​ឃើញ​ថា ភាព​រលូន​ផ្នែក​ការទូត​រវាង​កម្ពុជា និង​ថៃ នេះ គឺ​បាន​សម្រួល​ការងារ​បាន​ច្រើន ហើយ​ខ្ញុំ​ជឿ​ថា ប្រហែល​ជា​នឹង​មាន​ការ​សម្រួល​បន្ត​ទៀត»

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា សកម្មជន​អាវ​លឿង​ថៃ ឈ្មោះ វីរៈ ស៊ុំក្វាមឃីត ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ បាន​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស​ចំនួន ៦​ខែ​រួច​ហើយ៖ «ហើយ​សង្ឃឹម​ថា​នៅ​បុណ្យ​ក្រោយៗ​ទៀត ឧទាហរណ៍​ព្រះរាជ​ពិធី​បុណ្យ​តាំង​តុ​អី ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​អី មាន​ត​ទៅ​ទៀត»

អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច ដែល​តែង​តែ​តាម​ដាន​ស្ថានការណ៍​នយោបាយ​រវាង​កម្ពុជា និង​ថៃ កន្លង​មក បាន​មាន​ប្រសាសន៍​ថា ភាគី​ថៃ បាន​ប្រើប្រាស់​ការទូត​ត្រជាក់​ដោះស្រាយ​បញ្ហា​អ្នក​ទោស​សកម្មជន​អាវ​លឿង​ថៃ ប៉ុន្តែ​ថៃ តែង​តែ​ប្រើប្រាស់​អំពើ​ហិង្សា​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គេ​ចោទ​ថា​បាន​ចូល​ទឹកដី​ថៃ ខុស​ច្បាប់។

លោក​បណ្ឌិត សុខ ទូច៖ «ថៃ មាន​បាន​ចាប់​ខ្មែរ​ទេ នៅ​ដែល​ខ្មែរ​ធ្វើ​អ្វី​ខុស? ទោះ​បី​ជា​ថៃ ច្រងេងច្រងាង ធ្វើ​អ្វី​ផ្ដេសផ្ដាស​រហូត​ដល់​ស៊ើប​ការ​ទៅ​ទៀត ខ្មែរ​យើង​ចាប់​ដាក់​គុក។ ឯ​ថៃ បាញ់​ខ្មែរ តើ​គេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ទេ​លើ​ខ្មែរ​ដែរ​ឬ​ទេ? ទី៣ គេ​ប្រើប្រាស់​នយោបាយ​ការទូត​នៅ​ពេល​ណា​គេ​ចង់​បាន​យើង ពេល​ណា​គេ​លែង​ចង់​បាន​យើង គេ​តែង​តែ​ប្រើប្រាស់​នូវ​កម្លាំង​យោធា គេ​មើល​ងាយ​ជា​សមាជិក​អាស៊ាន​ដូច​គ្នា»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១១ បាន​កាត់​ទោស​សកម្មជន​អាវ​លឿង​ថៃ ចំនួន​ពីរ​រូប​ឲ្យ​ជាប់​ពន្ធនាគារ ពី​បទ​ចូល​ទីលាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​ប្រមូល​ព័ត៌មាន​សម្ងាត់ ប៉ះពាល់​សន្តិសុខ​ជាតិ​កម្ពុជា ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ដែល​ថៃ ដណ្ដើម​កាន់​កាប់​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

សកម្មជន​អាវ​លឿង​ថៃ ឈ្មោះ វីរៈ ស៊ុំក្វាមឃីត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ៨​ឆ្នាំ និង​សកម្មជន​អាវ​លឿង​ថៃ ម្នាក់​ទៀត​ឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។