ក្នុងរយៈពេលជិត២ខែដើមឆ្នាំនេះ ការជួបពិភាក្សាទ្វេភាគីរវាងខ្មែរ-ថៃ មានរួមទាំងការជួបថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសនិងថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិនោះផង ប៉ុន្តែសេចក្តីរាយការណ៍អំពីការលុកលុយចូលទន្ទ្រានក្នុងទឹកដីកម្ពុជានៅតែមាន។
គណៈប្រតិភូខ្មែរ-ថៃ បានជួបគ្នាជាច្រើនដងចាប់តាំងពីដើមឆ្នាំនេះមក ប៉ុន្តែសេចក្តីរាយការណ៍អំពីករណីរំលោភនៅតែមាន។
កាលពីថ្ងៃទី១៧ កុម្ភៈ សេចក្តីរាយការណ៍ពីអ្នកភូមិនិងពីទាហានខ្មែរ បានឲ្យដឹងថា ថៃបានបាញ់កាំភ្លើងផ្លោងជាច្រើនគ្រាប់ធ្លាក់ចូលមកក្នុងទឹកដីខ្មែរ ប៉ុន្តែ មិនបានធ្វើឲ្យមានខូចខាតដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ភ្លាមៗថា តើការបាញ់គ្រាប់ផ្លោងចូលមកក្នុងបរិវេណក្បែរប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យនោះ គឺដោយសារតែមូលហេតុអ្វីនោះទេ។
មេបញ្ជាការរងយោធាប្រចាំភូមិភាគឧត្តរលោកឧត្តមសេនីយ៍ត្រី ពៅ ហេង បានមានប្រសាសន៍កាលពីម្សិលមិញប្រាប់វិទ្យុអាស៊ីសេរីថា ៖ «កំពុងតែវិលទៅពិនិត្យ»។
ប្រភពពីនាយទាហានខ្មែរឯទៀតៗ បានជូនដំណឹងមកថា គេកំពុងតែធ្វើការស៊ើបអង្កេតដែរ បើទោះបីជាប្រភពខ្លះបានសង្ស័យថា ការបាញ់នោះអាចជាប់ទាក់ទងនឹងទាហានថៃដែលកំពុងតែធ្វើសមយុទ្ធពស់វែកមាសនៅតាមតំបន់ក្បែរនោះក៏ដោយ ៖ «វាផ្លោងមកប៉ះដីព្រៃធម្មតាហ្នឹង គ្រាន់តែវាចូលក្នុងទឹកដីយើង។ នេះវាសមយុទ្ធ បាញ់គ្រាប់ពិតទៅវាផ្ទុះ។ វាធ្វើវាមានរថក្រោះមានអី សមយុទ្ធរបស់វាហ្នឹង»។
មន្ត្រីខ្មែរបានឲ្យដឹងថា ការបាញ់ផ្លោងចូលក្នុងទឹកដីខ្មែរកាលពីម្សិលមិញនេះ គឺមានចំនួន ១០គ្រាប់ ដែលក្នុងនោះមាន ៣គ្រាប់ស្អុយមិនបានផ្ទុះ។
មន្ត្រីខ្មែរបានឲ្យដឹងទៀតថា ក្រសួងការបរទេសខ្មែរកំពុងតែធ្វើការជាមួយខាងភាគីថៃជុំវិញបញ្ហានេះហើយ ដើម្បីឲ្យថៃធ្វើការបំភ្លឺតបចំពោះការបាញ់គ្រាប់កាំភ្លើងធុនដេកានិងគ្រាប់កាំភ្លើងត្បាល់ចូលមកក្នុងទឹកដីខ្មែរនោះ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កងទាហានខ្មែរដែលការពារព្រំប្រទល់ ត្រូវមេបញ្ជាការដាស់តឿនឲ្យរក្សាភាពប្រុងប្រយ័ត្នទ្វេដងថែមទៀត ក្រោយព្រឹត្តិការណ៍បាញ់កាំភ្លើងផ្លោងចូលមកលើទឹកដីខ្មែរនោះ។
រហូតមកទល់នឹងរាត្រីថ្ងៃអង្គារម្សិលមិញ ភាគីថៃនៅមិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់របស់ភាគីទាហានខ្មែរអំពីមូលហេតុបាញ់កាំភ្លើងផ្លោងចំនួន ១០គ្រាប់ ចូលមកក្នុងទឹកដីខ្មែរនោះឡើយ។
សូមបញ្ជាក់ថា ព្រឹតិ្តការណ៍ផ្លោងគ្រាប់ចូលមកក្នុងទឹកដីខ្មែរនេះ ត្រូវគេកត់សម្គាល់ថា គឺជាលើកទីមួយហើយនៅក្នុងឆ្នាំថ្មីនេះ បើទោះបីភាគីខ្មែរ-ថៃបានជួបគ្នាជាច្រើនដងគិតតាំងពីដើមខែមករា ឆ្នាំនេះមក ដើម្បីដោះស្រាយបញ្ហាជម្លោះទឹកដីរវាងប្រទេសទាំង២។
នៅថ្ងៃទី២៥ ទៅថ្ងៃទី២៦ ខែមករា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាសិទ្ធិ ភិរម្យ បានអញ្ជើញមកដល់កម្ពុជា និងបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងបានជួបជជែកជាមួយមន្ត្រីដឹកនាំខ្មែរជុំវិញបញ្ហាវិវាទព្រំប្រទល់។
ការជជែកទាំង២ថ្ងៃនោះ ត្រូវគេកត់សម្គាល់ថា មិនបានឈានដល់ការព្រមព្រៀងណាមួយនោះទេ។ នៅថ្ងៃទី២៥ និង ២៦ មករា ដដែល នៅគ្រាដែលថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងការបរទេសទាំង២ កំពុងតែជួបជជែកគ្នា មានសេចក្តីរាយការណ៍មកថា មានទាហានឈុតខ្មៅថៃម្នាក់បានដើរចូលមកក្នុងទឹកដីខ្មែរ ហើយបានជាន់មីនសេសសល់ពីអតីតសង្គ្រាម ដែលបណ្តាលឲ្យផ្ទុះដាច់ជើងនៅតំបន់ប្រាសាទតាមាន់ក្នុងខេត្តឧត្តរមានជ័យ។
ទន្ទឹមនឹងនោះដែរ គឺនៅថ្ងៃទី២៥ មករា មានសេចក្តីរាយការណ៍ពីយោធាខ្មែរបានឲ្យដឹងថា មេបញ្ជាការយោធាថៃជាន់ខ្ពស់មួយរូបបានដឹកនាំកម្លាំងទាហានថៃចូលទីវត្តកែវសិក្ខាគិរីស្វរៈ ដោយការចូលនោះមិនប្រាប់មេបញ្ជាការយោធាខ្មែរឲ្យបានដឹងជាមុននោះឡើយ។
រហូតមកទល់នឹងថ្ងៃពុធទី៤ កុម្ភៈ មន្ត្រីនៃគណៈកម្មាធិការព្រំដែនខ្មែរ-ថៃ បានបន្តការជួបគ្នាសាជាថ្មី ប៉ុន្តែនៅតែឈានដល់ភាពទាល់ច្រកជាដដែល។ ភាពទ័លច្រកនោះ គឺដោយសារតែការមិនទាន់យល់ស្របលើការប្រើពាក្យព្រះវិហារតាមសំនៀងខ្មែរ និងការប្រើពាក្យព្រះវិហានតាមសំនៀងថៃ។
មន្ត្រីគណៈកម្មការនៃប្រទេសទាំង២ បានឲ្យដឹងថា បើគ្មានការយល់ព្រមពីរឿងប្រើពាក្យស្របគ្នាចំពោះរឿងសំនៀងព្រះវិហារនិងព្រះវិហាននោះទេ ការកំណត់អំពីរឿងបោះបង្គោលសីមាព្រំដែននឹងមិនអាចធ្វើបាននោះឡើយ។
ថ្ងៃទី៦ កុម្ភៈ កិច្ចប្រជុំដើម្បីដោះស្រាយរវាងបញ្ហាព្រំដែនខ្មែរនិងថៃ បានឈានដល់ការជួបគ្នាថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានលោក ទៀ បាញ់ តំណាងឲ្យភាគីខ្មែរនិងប្រទេសថៃ តំណាងដោយលោករដ្ឋមន្ត្រី Prawith Wongsuwan។ កិច្ចប្រជុំនោះមិនបានសម្រេចអ្វីគួរអោយកត់សម្គាល់ទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរ លោក ទៀ បាញ់ បាននិយាយថា គេគ្រាន់តែស្របជាគោលការណ៍សិនចំពោះបញ្ហាលើកអំពីការដកចំនួនកងទ័ពដើម្បីឈានដល់ការបង្កើតក្រុមការងារបណ្តោះអាសន្នរួមគ្នា ដើម្បីដោះមីននៅតំបន់ប្រាសាទខ្មែរដែលកំពុងតែមានជម្លោះ។
ទោះជាយ៉ាងណាក្ដី មន្ត្រីយោធាថៃបាននិយាយពេលនោះថា ភាគីថៃមិនបានយល់ព្រមជាមួយកម្ពុជា នៅក្នុងការដកចំនួនកងទ័ពនោះឡើយ។ ហើយនៅក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងចុងក្រោយថ្ងៃទី១៧ កុម្ភៈ កន្លងមកនេះ នៅជាមួយនឹងសេចក្តីរាយការណ៍អំពីទាហានថៃបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលមកក្នុងទឹកដីខ្មែរ នាតំបន់បរិវេណប្រាសាទតាក្របី ក៏នៅមានសេចក្តីរាយការណ៍មួយផ្សេងទៀតបានកើតនៅឯទីវត្តខ្មែរក្បែរតំបន់ប្រាសាទព្រះវិហារ។
ទាហានខ្មែរបានឲ្យដឹងថា មានកងទាហានឈុតខ្មៅថៃប្រមាណជាង ៣០នាក់ បានចូលមកក្នុងវត្តខ្មែរកែវសិក្ខាគិរីស្វរៈ សាជាថ្មីទៀត ហើយបានហាមព្រះសង្ឃខ្មែរមិនឲ្យសង់បង្គន់ថ្មីនិងពង្រីកសាលាឆាន់នោះឡើយ។
គួររំឭកថា កាលពីថ្មីៗកន្លងមកនេះ នៅក្នុងសុន្ទរកថាថ្មីចុងក្រោយមួយឯខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន បានអំពាវនាវសូមឲ្យទាហានមានការអត់ធ្មត់ដើម្បីបញ្ចៀសភាពអន្តរាយនៃនយោបាយជួបពិភាក្សានិងការចរចាទ្វេភាគីខ្មែរ-ថៃ។
លោកនាយករដ្ឋមន្ត្រីនៅតែសង្ឃឹមថា ការដោះស្រាយទ្វេភាគីនឹងអាចឈានដល់កិច្ចព្រមព្រៀងគ្នាបានដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងថៃនោះ៕