ខេត្ត​ប៉ៃលិន​ខ្វះ​លុយ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ​ចំនួន​៣

ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ ខេត្ត​ប៉ៃលិន មាន​ព្រំប្រទល់​ខាង​កើត​ជាប់​ស្រុក​រតនៈមណ្ឌល ខាង​ត្បូង​ជាប់​ស្រុក​សំឡូត ខាង​ជើង ជាប់​ស្រុក​កំរៀង នៃ​ខេត្ត​បាត់ដំបង និង​ខាង​លិច​ជាប់​ខេត្ត​ចាន់​ បូរី​ប្រទេស​ថៃ។

0:00 / 0:00

ក្រៅ​ពី​ល្បី​ថា ជា​ខេត្ត​សំបូរ​ធនធាន​ត្បូង​ពេជ្រ ដែល​ជិត​ហិន​ហោច​ទៅ​ហើយ​នោះ ខេត្ត​នេះ នៅ​មាន​សក្ដានុពល​សំខាន់​ពីរ​លើ​វិស័យ​កសិកម្ម និង​ទេសចរ​ធម្មជាតិ អាច​រក​ប្រាក់​ចំណូល​ជំនួស​វិញ​បាន​គ្រាន់​បើ​ដែរ។

តំបន់​ទេសចរណ៍​ធម្មជាតិ​ចំនួន​បី ដែល​មាន​ទី​តាំង​ខុស​គ្នា នៅ​ក្នុង​ខេត្ត​ប៉ៃលិន អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​បាន​ច្រើន បើ​សិន​ក្រុម​អាជ្ញាធរ អាច​រក​ដៃ​គូ​ឯកជន​ទៅ​បោះ​ទុន​វិនិយោគ រៀបចំ​កែ​លំអ​ប្រព័ន្ធ​ផ្លូវ​ថ្នល់ ទឹក​ភ្លើង និង​មណ្ឌល​កម្សាន្ត​បាន​នោះ។ ក្នុង​នោះ មាន​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ភ្នំ​ខៀវ នៅ​សង្កាត់​អូរ​តាវ៉ៅ តំបន់​ទេសចរ​ទឹក​ធ្លាក់​ភ្នំ​ក្បាល​ដំរី និង​ទឹក​ធ្លាក់​ព្រែក​ឫស្សី ស្ថិត​នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។

នាយក​រដ្ឋបាល ​សាលា​ខេត្ត​ប៉ៃលិន លោក សៅ សារ៉ាត់ បាន​ថ្លែង​ថា កន្លង​ទៅ​នេះ ភាគី​ថៃ​បាន​ចុះ​ ទៅ​សិក្សា​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ភ្នំ​ក្បាល​ដំរី ហើយ​វាយ​តម្លៃ​ថា ជា​ទី​កន្លែង​មួយ មាន​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត។ លោក​បន្ត​ថា អាជ្ញាធរ​ពុំ​មាន​លទ្ធភាព​រក​ថវិកា ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​ទេសចរ​ទាំង​នោះ​ទេ។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​អំពាវនាវ​រក​វិស័យ​ឯកជន ដើម្បី​បោះ​ទុន​ទៅ​វិនិយោគ​នៅ​ទី​នោះ។

តំបន់​ទេសចរណ៍​ធម្មជាតិ មាន​ព្រៃ​ប្រឹក្សា ជ្រោះ ជ្រលង​ភ្នំ ដង​អូរ មាន​ទឹក​ធ្លាក់​ពី​កំពូល​ភ្នំ​ទាំង​បី​កន្លែង នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នេះ នៅ​ពុំ​ទាន់​មាន​ការ​រៀបចំ បាន​ត្រឹមត្រូវ​សម្រាប់​បម្រើ​ដល់​វិស័យ​ ទេសចរណ៍​នោះ​ទេ។ នៅ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ភ្នំ​ខៀវ មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ បាន​បោះ​ទុន និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ។ ប៉ុន្តែ គេ​មិន​បាន​សង្កេត​ឃើញ​មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចូល​ទៅ​កាន់​ទី​នោះ​បាន​ល្អ ​នោះ​ទេ។ ចំណែក​ទឹក​ធ្លាក់​ភ្នំ​ក្បាល​ដំរី និង​ទឹក​ធ្លាក់​ព្រែក​ឫស្សី មាន​ជ្រលង​ភ្នំ មាន​ទឹក​ធ្លាក់ មាន​ទឹក​អូរ​តូច​ធំ ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​ឈើ​នៅ​ជុំវិញ​យ៉ាង​ល្អ​ប្រណិត។ ប៉ុន្តែ​តំបន់​ទាំង​ពីរ​កន្លែង​នេះ នៅ​ពុំ​ទាន់​មាន​ការ​រៀបចំ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ។

លោក គង់ ដួង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា ភាគី​ថៃ ធ្លាប់​ចាប់​អារម្មណ៍​លើ​ ទឹក​ធ្លាក់​ភ្នំ​ក្បាល​ដំរី។ កន្លង​ទៅ​នេះ ថៃ បាន​សិក្សា​គូរ​ប្លង់​គម្រោង​រៀបចំ​តំបន់​ទេសចរណ៍​យ៉ាង​ល្អ​ប្រណិត​មួយ នៅ​ទី​នោះ។

ខេត្ត​ប៉ៃលិន ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ ១៩៩៧ ក្រោយ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​រដ្ឋាភិបាល​កម្ពុជា។

ក្រោយ​ពី​ទទួល​បាន​សុខ​សន្តិភាព ក្នុង​រយៈ​ពេល​ជិត ១០ ឆ្នាំ​កន្លង​មក​នេះ ខេត្ត​ប៉ៃលិន គេ​សង្កេត​ឃើញ​មាន​ការ​រីក​ចម្រើន​មួយ​ចំនួន ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ត​ភ្ជាប់​ពី​ទី​ក្រុង រហូត​ដល់​ព្រំដែន​ប្រទេស​ថៃ។ នៅ​ទី​ក្រុង​វិញ គេ​សង្កេត​ឃើញ​មាន​ការ​រីក​លូតលាស់​នូវ​សំណង់​អគារ មន្ទីរ ស្ថាប័ន​របស់​រដ្ឋ​ជា​ច្រើន រួម​ទាំង​មាន​ការ​សាងសង់ ​រូប​សំណាក លោក​យាយ យ៉ាត រូប​សំណាក​ស្ដេច កន និង​សាងសង់​វិមាន​ឯករាជ​នៅ​ចំ​កណ្ដាល​ទី​ប្រជុំ​ជន​នៃ​ក្រុង​ប៉ៃលិន​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។