ការសន្យាផ្ដល់ជំនួយនេះធ្វើឡើងក្រោយពេលដែល មន្ត្រីជលផលកម្ពុជាបានសម្ដែងការព្រួយបារម្ភចំពោះការស្រកចុះកម្ពស់ទឹកទន្លេ មេគង្គដែលបណ្ដាលឲ្យផលត្រីមានការថយចុះជាលំដាប់។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ ចំពោះការប្រកាសផ្ដល់ជំនួយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ិលឡឺរី គ្លិនតុន (Hillary Clinton) ដែលបានធ្វើការសន្យានៅឯទីក្រុងហាណូយ ប្រទេសវៀតណាម ថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយដល់បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោម ដែលប្រភពធនធានទឹករបស់ប្រទេសទាំងនោះ កំពុងទទួលរងការគំរាមកំហែងបណ្ដាលមកពីការអភិវឌ្ឍ និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស។
ការសន្យាផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាសំដែងការព្រួយបារម្ភចំពោះការស្រកចុះនៃកម្ពស់ទឹកទន្លេមេគង្គ ដែលបានបង្កឲ្យមាន ការថយចុះផលនេសាទត្រីទឹកសាប។
លោកស្រី ហ៊ិលឡឺរី គ្លិនតុន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ កក្កដា បានប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជា វៀតណាម ថៃ និងលាវ ក្នុងកិច្ចប្រជុំមួយថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយឲ្យប្រទេសទាំង ៤ប្រទេសនេះ ដើម្បីឲ្យមានការរៀបចំប្រភពធនធានរបស់ខ្លួន និងការការពារប្រឆាំងនឹងការគំរាមកំហែងពីការផ្លាស់ប្ដូរបរិយាកាស។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចំណាយលុយសរុបប្រមាណជាង ២២លានដុល្លារក្នុងឆ្នាំ២០១០ ទៅលើកម្មវិធីបរិស្ថានក្នុងតំបន់ទន្លេមេគង្គ។ ចំពោះផ្នែកសុខភាព សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយ បើគិតមកត្រឹមឆ្នាំ២០១០ បានកើនទៅដល់ជាង ១៤៧លានដុល្លារ ដោយផ្ដោតលើជំងឺឆ្លង។
ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជលផល លោក ណៅ ធូក មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រ ទី២៣ ថា លោកមានការព្រួយបារម្ភចំពោះផលប៉ះពាល់នៃការផ្លាស់ប្ដូរធាតុអាកាស។ លោកថា នៅឆ្នាំនេះ ផលនេសាទបានធ្លាក់ចុះពី ៥២៥ពាន់តោនក្នុងឆ្នាំ២០០៨ មកត្រឹម ៥១៥ពាន់តោននៅឆ្នាំ២០០៩ ដោយសារទឹកទន្លេមេគង្គ និងបឹងទន្លេសាប មានកម្រិតទាប។ ការស្រកកម្រិតទឹកទន្លេមេគង្គនេះ បណ្ដាលមកពីការខ្វះទឹកភ្លៀង។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃសុក្រថា លោកនៅមិនទាន់បានព័ត៌មានលម្អិតពីរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលកំពុងស្នាក់នៅប្រទេសវៀតណាមនៅឡើយទេ អំពីជំនួយសហរដ្ឋអាមេរិកនេះ។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានផ្សាយនៅថ្ងៃព្រហស្បតិ៍ថា មានមនុស្សប្រមាណ ៦០លាននាក់បាន និងកំពុងពឹងពាក់អាស្រ័យទន្លេមេគង្គនេះ ដែលជាប្រភពផលត្រីធំជាងគេនៅលើពិភពលោក។
គណៈកម្មការអន្តររដ្ឋាភិបាលទន្លេមេគង្គបានព្រមានថា ការសង់ទំនប់ និងការកើនឡើងនៃប្រជាជន បានគំរាមកំហែងទន្លេមេគង្គ។ ប្រទេសចិនមានគម្រោង និងបានសង់រួចហើយនូវទំនប់ចំនួន ៨ ក្នុងទន្លេមេគង្គ។ សកម្មជនបានអះអាងថា ទំនប់ទាំងនេះបានធ្វើឲ្យទឹកទន្លេមេគង្គស្រក៕