ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត វីល្លៀម ថត (William E.Todd) មានប្រសាសន៍ថា បើទោះបីគណបក្សណាមួយទទួលបានជ័យជំនះក្នុងការបោះឆ្នោតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែមានភាពរឹងមាំជានិរន្តរ៍។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត មានប្រសាសន៍នៅថ្ងៃទី៧ វិច្ឆិកា ថា សហរដ្ឋអាមេរិក នៅតែប្ដេជ្ញាយ៉ាងមុតមាំថា សហរដ្ឋអាមេរិក បន្តពង្រឹងបន្ថែមលើកម្មវិធីភាពជាដៃគូ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាចំណុចសំខាន់នៃរយៈពេលជាង ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ លោកលើកឡើងថា ក្នុងអាណត្តិដែលប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ាន កម្ពុជា បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ។
ទាក់ទងនឹងទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា នេះដែរ សមាជិករដ្ឋសភានៃគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា កន្លងមកសហរដ្ឋអាមេរិក ហាក់ប្រើនយោបាយការទូតបែបទន់ភ្លន់ច្រើនមកលើស្ថានភាពមិនប្រក្រតីនៃការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោកអះអាងបន្តថា ការប្រើនយោបាយការបរទេសបែបទន់ភ្លន់នេះ ហាក់ពុំសូវទទួលផ្លែផ្កានោះទេ សម្រាប់បរិបទក្នុងនយោបាយប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ការប្រើនយោបាយការបរទេសបែបទន់ភ្លន់នេះ គេសង្កេតឃើញគណបក្សប្រជាធិបតេយ្យរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) តែងប្រើនយោបាយបែបនេះ។ រីឯការប្រើនយោបាយការបរទេសដែលមានភាពម៉ឺងម៉ាត់ គេកត់សម្គាល់ឃើញមានក្នុងគណបក្សសាធារណរដ្ឋរបស់លោក មីត រូមនី (Mitt Romney)។
ទោះយ៉ាងណា លោក សុន ឆ័យ មានប្រសាសន៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោតមកពីគណបក្សណាក៏ដោយ គឺតែងចង់ឃើញប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស និងលុបបំបាត់ភាពអសកម្មផ្សេងៗ ដើម្បីឲ្យប្រទេសនេះក្លាយជាប្រទេសនីតិរដ្ឋ។
ឆ្លើយតបការលើកឡើងរបស់លោក សុន ឆ័យ នេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ចំពោះការលើកឡើងពីបញ្ហាអាស្រូវមួយចំនួនដែលរដ្ឋាភិបាលមិនទាន់អាចដោះស្រាយបានទាំងស្រុង ប៉ុន្តែរដ្ឋាភិបាលកំពុងកំណត់ទិសដៅយ៉ាងច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេស ដោយរដ្ឋាភិបាលឈរលើមាគ៌ាដ៏ត្រឹមត្រូវ ធ្វើយ៉ាងណាជំរុញឲ្យប្រទេសរីកចម្រើន។ បន្ថែមលើនេះ លោកបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានអធិបតីភាព និងឯករាជ្យ ដូច្នេះកម្ពុជា មិនទទួលរងការគាបសង្កត់ណាមួយពីសំណាក់ប្រទេសដទៃឡើយ។ លោកបន្តថា គណបក្សប្រឆាំងតែងធ្វើការរិះគន់ដោយមិនសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ លើបញ្ហាផ្សេងៗនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
