កត្តា​សំខាន់​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​នៅ​កម្ពុជា

បើ​ទោះ​ជា​ប្រាក់​ដុល្លារ​អាមេរិក​មាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ប្រែ​ប្រួល​នៃ​អត្រា​ប្ដូរ​ប្រាក់។ តែ​ការ​ងាក​មក​ប្រើ​ប្រាក់​រៀល​គឺ​ជា​កត្តា​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

0:00 / 0:00

ការ​ប្រើ​ប្រាក់​ដុល្លារ គឺ​ជួយ​ប្រទេស​មួយ​អាច​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចូល​ក្នុង​តំបន់ និង​ពិភពលោក​កាន់​តែ​ប្រសើរ និង​ឆាប់​រហ័ស។ ហើយ​ការ​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​ការ​កាត់​បន្ថយ​ការ​ប្ដូរ​ប្រាក់​រៀល​ទៅ​ជា​ប្រាក់​ដុល្លារ។

នៅ​ប្រទេស​កម្ពុជា ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជា​មួយ​ប្រទេស​ប្រើ​ប្រាស់​ដុល្លារ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​ក្នុង​នោះ​ដែរ​កម្ពុជា​មាន​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​អត្រា​ប្ដូរ​ប្រាក់ ដែល​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី នៅ​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា​លុយ​ដែល​ធ្វើ​ចរាចរ​លើក​លែង​តែ​រូបិយប័ណ្ណ​បរទេស​នៅ​ក្រៅ​ធនាគារ កើន​ឡើង​២១.៥% នៅ​ឆ្នាំ​២០១១ ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នូវ​ចំណូល​ពី​ការ​នាំ​ចេញ និង​មាន​ការ​ជំរុញ​ពី​កំណើន​ការ​តម្កល់​រូបិយប័ណ្ណ​បរទេស។

ជា​រួម ការ​ប្រើ​ប្រាក់​ដុល្លារ ធ្វើ​ឲ្យ​វិនិយោគិន​បរទេស មាន​ជំនឿ​ទុក​ចិត្ត​លើ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច តាម​រយៈ​ការ​លុប​បំបាត់​ហានិភ័យ​នៃ​អត្រា​ប្ដូរ​ប្រាក់ ជា​ពិសេស​ហានិភ័យ​ទាក់​ទង​នឹង​ការ​ផ្ទេរ​ប្រាក់​ចំណេញ​ទៅ​ក្រៅ​ប្រទេស។ ហើយ​ការ​ប្រើ​ដុល្លារ​ក៏​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចំពោះ​ឥទ្ធិពល​នៃ​វិបត្តិ​រូបិយប័ណ្ណ និង​ស្ថាន​ភាព​រាល​ដាល​នៃ​វិបត្តិ​ផ្សេងៗ ជា​ពេល​មាន​វិបត្តិ​រូបិយ​វត្ថុ​អាស៊ី​ឆ្នាំ ១៩៩៧​ជា​ដើម។

អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា​ក្នុង​រយៈ​ពេល​មធ្យម ការ​ប្រើ​ប្រាស់​ដុល្លារ អាច​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ផង​ដែរ​ពី​ព្រោះ​ការ​ប្រើ​ប្រាក់​ដុល្លារ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សមាហរណកម្ម ទីផ្សារ​ក្នុង​ស្រុក ជា​មួយ​និង​ទីផ្សារ​ពិភព​លោក។

ផ្ទុយ​ទៅ​វិញ ការ​ប្រើ​ប្រាក់​ដុល្លារ​ក្នុង​ពិភពលោក​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​នូវ​ផល​ចំណេញ​យ៉ាង​ខ្លាំង ដោយ​គ្រាន់​តែ​បោះពុម្ព​ក្រដាស​ប្រាក់​សម្រាប់​ចាយ ដោយ​គ្មាន​អតិផរណា​ឡើយ។ នា​ពេល​បច្ចុប្បន្ន​នេះ ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៧៥​% កំពុង​ចរាចរ​ក្រៅ​សហរដ្ឋអាមេរិក។ តាម​ការ​ប៉ាន់​ស្មាន​ការ​ប្រើ​ប្រាក់​ដុល្លារ​ធ្វើ​ឲ្យ​រដ្ឋ​បាត់​បង់​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់​រៀល​ប្រមាណ​ជា​១% ទៅ​១.៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ក្នុង​មួយ​ឆ្នាំ​។

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចន្នី បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ប្រើ​គោល​នយោបាយ​មួយ​ដើម្បី​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជា​និរន្ត ការងារ​ធ្វើ​ច្រើន ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ជំរុញ​ឲ្យ​រូបិយវត្ថុ​ជាតិ​ដែល​ជា​ប្រាក់​រៀល និង​មាន​តម្លៃ ហើយ​ពេល​នោះ​សាធារណជន​ទាំង​និង​ចូល​រួម​ប្រើ ៖ "កាល​ណា​បង្ខំ​គឺ​បង្កើត​ផ្សារ​ងងឹត គេ​អត់​ដែល​បង្ខំ​ទេ ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​យើង​មិន​ប្រើ​វិធានការ​បង្ខំ​ទេ កាល​ណា​បង្ខំ​គឺ​កើត​ការ​លក់​ដូរ​នៅ​ក្រោម​តុ ខាង​ក្រោយ​ប្រពន្ធ​ផ្លូវ​ការ កើត​មាន​អត្រា​ពីរ អត្រា​មួយ​គឺ​ផ្លូវ​ការ មួយ​ទៀត​មិន​ផ្លូវ​ការ ។ អញ្ចឹង​រដ្ឋ​យើង​មិន​បង្ខំ​ទេ គឺ​រដ្ឋ​យើង​ប្រើ​វិធានការ​សេដ្ឋកិច្ច វិធាន​ការ​ទីផ្សារ ដើម្បី​បង្កើន​ការ​ជឿជាក់ ហើយ​បាន​ចេញ​វិធានការ​ច្បាប់​ក្រោយ"

លោក អ៊ិន ចន្នី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​របស់​សាធារណជន​ក្នុង​ការ​ទទួល​យក​ប្រាក់​រៀល​និង​ចំណាយ​ប្រាក់​រៀល គឺ​ជា​រឿង​សំខាន់​សម្រាប់​លើក​កម្ពស់​តម្លៃ​ប្រាក់​រៀល នៅ​កម្ពុជា​ព្រម​ទាំង​ការ​ធានា​ឲ្យ​មាន​អត្រា​អតិផរណា​ទាប​ផង​ដែរ។

សេដ្ឋវិទូ​ថ្នាក់​ខ្ពស់ នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី លោក ភីតធើ ប្រ៊ីមបល (Peter Brimble) មាន​ប្រសាសន៍​ថា​ការ​លុប​បំបាត់​ការ​ប្រើ​ដុល្លារ​នៅ​ប្រទេស​កម្ពុជា គឺ​ទាម​ទា​រយៈ​ពេល និង​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​ពាក់ព័ន្ធ​និង​រដ្ឋាភិបាល ដោយ​លោក​បញ្ជាក់​ថា​នា​ពេល​បច្ចុប្បន្ន​ការ​ប្រើ​ប្រាក់​រៀល​មាន​ការ​វិវដ្ដ​ម្ដង​បន្តិចៗ ព្រម​ទាំង​រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​សម្រាប់​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ឬ​ហៅ​ថា​បដិដុល្លារូបនីយកម្ម មាន​ន័យ​ថា​ជា​ការ​ដក​ប្រាក់​ដុល្លារ​អាមេរិក​ចេញ​ពី​ចរាចរ​រូបិយវត្ថុ​នៅ​លើ​ទី​ផ្សារ ៖ "ខ្ញុំ​គិត​ថា​ត្រូវ​មាន​គោល​នយោបាយ​មួយ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​វិញ​ក៏​ត្រូវ​មាន​គោលនយោបាយ​ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែរ​ប៉ុន្តែ​យន្តការ​នេះ​មិន​អាច​ធ្វើ​ឲ្យ​លឿន​ពេក​ទេ​នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​បដិដុល្លារូបនីយកម្ម នោះ មាន​ន័យ​ថា​ត្រូវ​មាន​វិធាន​ការ​មួយ​ចំនួន​សម​ស្រប​ដែល​ធនាគារ​ជាតិ​អាច​មាន​សមត្ថភាព​គ្រប់​គ្រង​បាន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល។ ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​មាន​ភោជនីយដ្ឋាន​មួយ​ចំនួន បាន​ដាក់​តម្លៃ​អាហារ​ជា​ប្រាក់​រៀល ដែល​ពី​មុន​មក​ខ្ញុំ​មិន​បាន​ឃើញ​ទេ ហើយ​ឥឡូវ​នេះ​មាន​ទីផ្សារ​ហិរញ្ញ​វត្ថុ​ដែល​បាន​អនុញ្ញាត​ឲ្យ​ចរាចរ​ជា​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​តែ​យើង​ឃើញ​មាន​ការ​ចរាចរ​ភាគ​ច្រើន​ជា​ដុល្លារ ព្រោះ​វា​ជា​ដំណាក់​កាល​ដំបូង ហើយ​ត្រូវ​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​អំពី​រឿង​ហ្នឹង"

តាម​ផែន​គោល​របស់​រដ្ឋាភិបាល (Financial Blue Print) បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​តែ​ប្រើ​គោល​នយោបាយ​រយៈពេល​វែង​ដើម្បី​ឲ្យ​អតិថិជន ឬ សាធារណជន​ជឿ​ទុក​ចិត្ត​ប្រាក់​រៀល​ម្ដង​បន្តិចៗ ហើយ​បន្ទាប់​មក​រដ្ឋាភិបាល​ចេញ​ជា​វិធាន​ការ​ច្បាប់​ដោយ​កំណត់​ឲ្យ​ប្រើ​ប្រាក់​រៀល។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​មាន​អត្រា​ប្រមាណ​៦.៥% ហើយ​ការ​កើន​ឡើង​នូវ​តម្លៃ​អាហារ​និង​ប្រេង​ឥន្ធនៈ​ជា​សកល​បាន​ជំរុញ​ឲ្យ​អតិផរណា​កើន​ឡើង​ពី​៣.៣% ក្នុង​ខែ​មករា ឆ្នាំ​២០១១ ដល់​៧.១%​នៅ​ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា ។ អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​ជា​មធ្យម​៥.៥% កើន​ពី​៤% នៅ​ក្នុង​ឆ្នាំ​២០១០។

ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា​រូបិយប័ណ្ណ​ជាង​៩៥%​គឺ​ជា​រូបិយប័ណ្ណ​បរទេស​ភាគ​ច្រើន​ជា​ដុល្លារ​អាមេរិក និង​អត្រា​លុយ​រៀល​ឡើង​តម្លៃ​ប្រមាណ​៣%​ធៀប​និង​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១១៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។