អ្នកស្រី ម៉ោង សូលី ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់តវ៉ាសុំឲ្យមន្រ្តីក្រសួងមហាផ្ទៃឈ្មោះ អ៊ិន សាម៉ុន ចេញមុខមកដោះស្រាយប្រគល់ដីរួមចំនួន ១០ហិកតាឲ្យប្រជាពលរដ្ឋវិញ។ ដីនោះកន្លងមកមន្រ្តីក្រសួងកសិកម្ម និងអតីតចៅសង្កាត់ជាអ្នកធ្វើប្លង់ឲ្យមន្រ្តីក្រសួងមហាផ្ទៃនោះធ្វើជាកម្មសិទ្ធិ និងបើកកសិដ្ឋានចិញ្ចឹមត្រី និងមាន់។
អ្នកស្រី ម៉ោង សូលី បានបញ្ជាក់ថា ៖ «តវ៉ាហ្នឹងចង់ទាមទារដីមកចែកប្រជាជនវិញ។ ទាមទារពី អ៊ិន សាម៉ុន គាត់ជាអនុរងរបស់លោក ស៊ុន សេន មន្ត្រីក្រសួងមហាផ្ទៃ។ គាត់ហ្នឹងលួចធ្វើប្លង់ថ្មីជាមួយមេឃុំថ្មីទៀត។ មេឃុំចាស់មុនស្លាប់ទៅ ដល់ហើយឡើងមេឃុំឈ្មោះ ម៉ៃ សេង ហ្នឹង គាត់ឃុបឃិតគ្នាធ្វើប្លង់តែម្ដង។ ឈ្មោះ ងួន ផាន មួយទៀត គាត់ផ្នែកខាងកសិកម្ម ឃុបឃិតជាមួយលោក ម៉ៃ សេង ហ្នឹង ប្រគល់ដីទៅឲ្យលោក អ៊ិន សាម៉ុន ហ្នឹង។ ដល់ពេលមកឆ្នាំ២០០៧ ប្រជាជនមកកាប់ប្រឡាយបង្ហូរទឹក គាត់ថា "កុំមកប៉ះប្រឡាយអញ! ប្រឡាយនេះហើយដីនេះជាដីរបស់អញទេ!"។ គាត់បង្ហាញប្លង់បង្ហាញអី ប្រជាពលរដ្ឋគាត់ខឹងក៏ចាប់ផ្ដើមបបួលគ្នាប្ដឹង»។
ស្រ្តីអ្នកភូមិម្នាក់ទៀតបានរៀបរាប់ថា កាលពីឆ្នាំ១៩៨៥ មានមន្រ្តីក្រសួងមហាផ្ទៃ ៣នាក់ក្នុងនោះមានឈ្មោះលោក ស៊ុន សេន ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយ, លោក យ៊ិន គា និងលោក ងួន ផាន ដែលបានចេញមុខជាអ្នកខ្ចីដីរួមនេះដើម្បីបង្កបង្កើនផលចិញ្ចឹមបុគ្គលិកក្នុងក្រសួងមហាផ្ទៃ និងមានការឯកភាពពីអាជ្ញាធរភូមិ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះបែរជាមានប្លង់កាន់កាប់ដោយមន្រ្តីក្រសួងមហាផ្ទៃម្នាក់នោះឈ្មោះ អ៊ិន សាម៉ុន ទៅវិញ។
ស្ត្រីអ្នកភូមិដដែលបានអះអាងថា ៖ «ឥឡូវអ្នកខ្ចីហ្នឹងក៏គេនៅរស់ គេព្រមធ្វើសាក្សីឲ្យប្រជាជនហើយ។ តវ៉ា ខ្ញុំប្ដឹងអស់កន្លែងហើយ! បើអាជ្ញាធរជាតិគេនៅចោទថា ប្រជាជនអត់ឯកសារ! ប្រជាជនគាត់មានឯកសារពីណាមក? មេឃុំចាស់គាត់ស្លាប់បាត់ទៅហើយហ្នឹង! ហើយមេឃុំថ្មីក៏ឃុបឃិតគ្នាចេញជាប្លង់ឲ្យ អ៊ិន សាម៉ុន។ តើគាត់បន្សល់ទុកឯកសារនៅឯណា?»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងមន្រ្តីក្រសួងមហាផ្ទៃដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋនោះមិនទាន់បាននៅឡើយទេនៅថ្ងៃនេះ។
អភិបាលខណ្ឌដង្កោ លោក គិត សុផា បានបដិសេធមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយឡើយ ប៉ុន្តែលោកថា បានចាត់បញ្ជូនក្រុមការងាររបស់លោកឲ្យទៅធ្វើការស៊ើបអង្កតលើករណីទំនាស់នេះហើយ ៖ «ខ្ញុំឲ្យមន្ត្រីខ្ញុំទៅធ្វើអស់ហើយ!»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក៏ប៉ុន្តែពុំមានដំណោះស្រាយនោះទេ ដោយប្រភពពីប្រជាពលរដ្ឋដដែលបានអះអាងថា អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីថា ប្រជាពលរដ្ឋពុំមានប្លង់កម្មសិទ្ធិ។
ចំណែកមន្រ្តីអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងដីធ្លីបានឲ្យដឹងថា ភាគីជម្លោះគួរតែចេញមុខដោះស្រាយ និងប្រគល់ដីឲ្យទៅប្រជាពលរដ្ឋវិញ ដោយសារតែប្រជាពលរដ្ឋមានឯកសារខ្ចីដីរួម និងសាក្សីដឹងឮគ្រប់គ្រាន់៕