ពលរដ្ឋ​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ប្រឆាំង​តវ៉ា​នឹង​ការ​លក់​ស្រះ​ទឹក​រួម

ប្រជាពលរដ្ឋ​ខែ្មរ​ប្រមាណ ៤០០​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ទាមទារ​ឲ្យ​មេភូមិ​និង​មេឃុំ​ជួយ​ដោះស្រាយ​ប្រគល់​ស្រះ​ទឹក​មួយ​កន្លែង​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិញ នៅ​គ្រា​ដែល​ស្រះ​ទឹក​នោះ​ជា​អតីត​ស្រះ​រួម ត្រូវ​បាន​គេ​លក់​ឲ្យ​គ្រួសារ​ឯកជន​មួយ​កាន់កាប់​លក់​នា​ពេល​បច្ចុប្បន្ន​នេះ។

0:00 / 0:00

ប្រភព​ពី​ប្រជាពលរដ្ឋ​តវ៉ា​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្វាយ​ព្រៃ​នោះ ត្រូវការ​ស្រះ​ទឹក​នោះ​មក​វិញ​ជា​ចាំបាច់​ដើម្បី​ជីក​ស្តារ​តម្កល់​ទឹក​ប្រើប្រាស់​នៅ​រដូវ​ប្រាំង ពីព្រោះ​តំបន់​នោះ​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ខ្លាំង ហើយ​ស្ថានភាព​ដី​មិន​អាច​ជីក​អណ្តូង​ប្រើប្រាស់​បាន។

លោក ឡឹង ម៉ៅ តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន ៤០០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​កំពុង​តែ​ប្រមូល​ស្នាម​ផ្តិត​មេដៃ​ពី​ប្រជាពលរដ្ឋ​បាន​ចំនួន​ជិត ២០០​គ្រួសារ​ក្នុង​ចំណោម​គ្រួសារ​សរុប​ដើម្បី​យក​ញាតិ​នោះ តវ៉ា​ទៅ​អភិបាល​ស្រុក​បាធាយ និង​អភិបាល​ខេត្ត​កំពង់ចាម នា​ពេល​ខាង​មុខ​នេះ ឲ្យ​ជួយ​ដោះស្រាយ។

លោក​បន្ត​ថា ៖ «ឥឡូវ​ហ្នឹង ប្រើប្រាស់​អត់​បាន​ផង គេ​បូម​ប្រើប្រាស់​តែ​ខ្លួន​គេ ធ្វើ​ស្រូវ​ក្នុង​ហ្នឹង។ ប្រជាពលរដ្ឋ​គ្រាន់​តែ​ថា ចង់​បាន​យក​មក​ដាក់​ជា​រួម​គ្រាន់​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​វិញ។ នៅ​ឃុំ​សណ្ដែក​នេះ វា​ខ្វះខាត​ទឹក​ណាស់​ដែរ ធ្វើ​អណ្ដូង​ធ្វើ​អត់​ចេញ។ យើង​នាំ​គ្នា​កសាង​ស្រះ​ហ្នឹង​ទៅ គ្រាន់​ប្រើប្រាស់​ដល់​ខែ​ប្រាំង»

ផ្អែក​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ស្រះ​ទឹក​នោះ​ជា​កម្មសិទ្ធិ​រួម​របស់​អ្នក​ភូមិ​តាំង​ពី​ឆ្នាំ​១៩៨០ មក​ម្ល៉េះ ប៉ុន្តែ​ស្រះ​ទឹក​រួម​នោះ នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​អាជ្ញាធរ​ភូមិ​បាន​លក់​ឲ្យ​គ្រួសារ​ឯកជន​មួយ​ដើម្បី​កាន់​កាប់​ផ្តាច់​មុខ​ដើម្បី​ចិញ្ចឹម​ត្រី ហើយ​គ្រួសារ​នោះ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ស្រះ​នោះ​ឡើយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​អ្នកភូមិ​ចំនួន​ជាង ១០០​គ្រួសារ ធ្លាប់​បាន​តវ៉ា​នៅ​មុខ​សាលាឃុំ​សណ្តែក កាល​ពី​ថៃ្ង​ទី​១៧ ខែ​ធ្នូ កន្លង​ទៅ​នេះ ដើម្បី​ឲ្យ​ជា​ដោះស្រាយ​នៅ​គ្រា​ដែល​ពាក្យ​បណ្ដឹង​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​សណ្តែក​ផ្អឹប​ទុក​មិន​ដោះស្រាយ។

លោក ឈួន ឆាន ជា​មេភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា មេភូមិ​និង​មេឃុំ​ចាស់​គឺ​ជា​អ្នក​ដោះដូរ​ស្រះ​ទឹក​នោះ​ឲ្យ​ទៅ​ឯកជន​វិញ រីឯ​រូប​លោក​មិន​អាច​ដោះស្រាយ​បាន​ទេ។

លោក ឈួន ឆាន មាន​ប្រសាសន៍​ថា ៖ «កាល​ដែល​ដូរ​ហ្នឹង​បាន​ធ្វើ​សំបុត្រ​អី​ពី​មេភូមិ មេឃុំ​អី​រួច​ហើយ។ ដូរ​ហ្នឹង មនុស្ស​ហ្នឹង​ស្លាប់​បាត់​ហើយ»

ទាក់ទង​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នេះ លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា នៅ​តំបន់​ដាច់​ស្រយាល​ដែល​គ្មាន​ប្រភព​ទឹក​នោះ ដូច្នេះ​ស្រះ​ទឹក​មួយ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ។

លោក អំ សំអាត ថ្លែង​ដូច្នេះ​ថា ៖ «បើ​សិន​ជា​អ្នក​មាន ឬ​ក៏​អ្នក​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ ឬ​ក៏​អ្នក​មាន​ធន​កណ្ដាល​អី ស្រះ​ទឹក​មួយ​ដ៏​តូច​ហ្នឹង​គឺ​ជា​រឿង​កំប៉ិក​កំប៉ុក​មួយ​សម្រាប់​គេ វា​គ្មាន​ផល​ប៉ះពាល់​អី​សម្រាប់​គេ​ទេ ប៉ុន្តែ​បើ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​នៅ​តំបន់​ដាច់​ស្រយាល ស្រះ​ទឹក​មួយ​គឺ​ជា​គ្រាប់​ពេជ្រ​សម្រាប់​ពួក​គាត់ បាន​ន័យ​ថា មាន​តម្លៃ​ណាស់»

លោក​បាន​សន្យា​ថា នឹង​បញ្ជូន​ភ្នាក់ងារ​របស់​លោក​ទៅ​ស៊ើប​អង្កេត​ជុំវិញ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នោះ​នា​ពេល​ខាង​មុខ៕