សហភាពសហជីពកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាពី ៦១ដុល្លារ ទៅដល់ ១២០ដុល្លារ ក្នុង១ខែជូនកម្មករកាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំ២០១២។
លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបានជម្រាបជូនប្រមុខដឹកនាំពីស្ថានភាពលំបាករបស់កម្មករពេលបច្ចុប្បន្ន កំពុងជួបការលំបាកពីជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារប្រាក់ឈ្នួលមានកម្រិតទាប និងទំនិញលើទីផ្សារមានតម្លៃខ្ពស់។
លោកថា រយៈពេលពីរ ឬបីឆ្នាំចុងក្រោយ សុខភាពកម្មករបានថមថយថាមពល និងបណ្ដាលឱ្យកម្មករដួលសន្លប់ជាបន្តបន្ទាប់ ពីព្រោះកម្មករមិនមានប្រាក់ទិញអាហារហូបចុកមានជីវជាតិសម្រាប់បំប៉នសរីរាង្គកាយឱ្យបានគ្រប់គ្រាន់ទេ។
លោក រ៉ុង ឈុន បញ្ជាក់ថា មានអង្គការក្រៅស្រុកមួយ បានស្រាវជ្រាវពីប្រាក់ឈ្នួលអប្បបរមាកម្មករ និងស្ថានភាពតម្លៃទំនិញលើទីផ្សារសព្វថ្ងៃ រកឃើញថា កម្មករកម្ពុជាបើមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៧៥ដុល្លារ ទើបអាចរស់នៅបានសមរម្យ។ ចំណែកអង្គការក្នុងស្រុក រកឃើញថា ប្រាក់ឈ្នួលអប្បបរមាកម្មករ មានចន្លោះពី ៩០ដុល្លារ ទៅ ១២០ដុល្លារ ក្នុង១ខែ ទើបអាចឲ្យជីវភាពរស់នៅរបស់ពួកគេបានសមរម្យ។
បន្ថែមលើនេះ លោក រ៉ុង ឈុន បានឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមាកម្មករកម្ពុជា បើប្រៀបធៀបប្រាក់ឈ្នួលកម្មករ ក្នុងបណ្ដាប្រទេសមួយចំនួននៅអាស៊ី មានដូចជា ប្រទេសចិន វៀតណាម ស្រីលង្កា និងថៃ ជាដើម គឺប្រាក់បៀវត្សកម្មករខ្មែរទាបជាងគេ។
លោក រ៉ុង ឈុន បន្ថែម៖ «សហភាពបានស្រាវជ្រាវទៅនឹងប្រាក់ឈ្នួលកម្មករនៅក្នុងប្រទេសអាស៊ី រកឃើញថា ប្រទេសចិន ប្រាក់ឈ្នួលអប្បបរមាកម្មករ ១៥០ដុល្លារ ក្នុងមួយខែ។ ប្រទេសវៀតណាម ប្រាក់ឈ្នួលអប្បបរមាកម្មករ ៩៥ដុល្លារ ក្នុងមួយខែ។ ប្រទេសស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមាកម្មករ ៨៣ដុល្លារ ក្នុងមួយខែ។ ប្រទេសថៃ ប្រាក់ឈ្នួលអប្បបរមាកម្មករ ២៩២ដុល្លារ ក្នុងមួយខែ»។
យ៉ាងណាក៏ដោយ សំណើដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករពី ៦១ដុល្លារ ទៅដល់ ១២០ដុល្លារ នៅឆ្នាំ២០១២ របស់មេដឹកនាំសហភាពសហជីពកម្ពុជា មិនទាន់មានការឆ្លើយតប ពីមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ មកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១។
ទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ លោកបានប្រកាសក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកវិស័យឯកជនលើកទី១៦ នាវិមានសន្តិភាព ដោយសម្រេចផ្ដល់ប្រាក់ចំនួន ៥ដុល្លារ ក្នុងមួយខែ ជូនកម្មករ សម្រាប់ការថែទាំសុខភាពរបស់ពួកគេ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ដូច្នេះផលចំណេញនឹងបានទៅលើកម្មករទាំងឡាយចំនួន ៥ដុល្លារ សម្រាប់ថែទាំសុខភាពប្រចាំខែរបស់កម្មករ បន្ថែមលើប្រាក់ចំណូលទាំងឡាយដែលកម្មករទទួលបាន»។
មេដឹកនាំសហជីពការពារសិទ្ធិកម្មករ បានអះអាងថា ប្រាក់បន្ថែមគាំពារសុខភាពចំនួន ៥ដុល្លារ មិនទាន់អាចឆ្លើយតបឲ្យជីវភាពរស់នៅ របស់កម្មករបានសមរម្យនៅឡើយ ដែលទាមទារឲ្យប្រមុខដឹកនាំបន្តយកចិត្តទុកដាក់ពីប្រាក់បៀវត្សកម្មករឲ្យបានច្រើនថែមទៀត។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន យល់ថា ប្រសិនបើកម្មករមានប្រាក់ឈ្នួលរស់បានសមរម្យ កម្មករមានកម្លាំង និងសុខភាពល្អ នាំឱ្យការផលិតផលសំលៀកបំពាក់ និងស្បែកជើង កាន់តែមានគុណភាពនឹងអាចទាក់ទាញអ្នកបញ្ជាទិញ ងាកមកកុម្ម៉ង់ផលិតផលពីកម្ពុជា បានច្រើនទៅថ្ងៃអនាគត៕